លោក សម រង្ស៊ី ប្រដូច​លោក ហ៊ុន សែន នឹង​ពួក​​ហ្វាស៊ីស​ដែល​ចូលចិត្ត​ប្រើ​ហិង្សា

លោក សម រង្ស៊ី ប្រដូច​លោក ហ៊ុន សែន នឹង​ពួក​ហ្វាស៊ីស(Fascist) ដែល​ចូលចិត្ត​ប្រើ​ហិង្សា​លើ​អ្នក​ដទៃ ដើម្បី​រក្សា​អំណាច​ឲ្យ​បាន​យូរ​អង្វែង។

លោក​ថ្លែង​បញ្ជាក់​បែប​នេះ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក កាល​ពី​ថ្ងៃ​ទី​២៦ តុលា គឺ​បន្ទាប់​ពី​ក្រុម​បាតុករ​ប្រមាណ​៣ពាន់​នាក់ នាំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា និង​រហូត​ដល់​កើត​មានអំពើ​ហិង្សា វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​២​រូប ឲ្យ​របួស​លើ​ផ្ទៃ​មុខ និង​ក្បាល និង​កំពុង​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ។

លោក សម រង្ស៊ី បន្ថែម​ថា ទម្លាប់​នៃ​ការ​បំភិតបំភ័យ​ពី​បក្ស​កាន់​អំណាច នឹង​អាច​មាន​អំពើ​ហិង្សា​កើត​មាន​ជា​បន្តបន្ទាប់​ទៀត​នៅ​ថ្ងៃ​មុខ៖ «អ្វី​ដែល​សំខាន់​នោះ គឺ​លោក ហ៊ុន សែន ហាក់​ដូចជា​ចង់​រក​លេស​ប្រើ​អំពើ​ហិង្សា​កាន់​តែ​ច្រើន ដើម្បី​បង្កើត​ព្រឹត្តិការណ៍​អវិជ្ជមាន​និង​អ​ធម្មនុញ្ញ ក្នុង​គោលបំណង​ជៀសវាង​ការ​បោះឆ្នោត​ខាងមុខ»។

របប​ហ្វាស៊ីស(Fascism) ជា​របប​ដែល​ដឹកនាំ​ប្រទេស ដោយ​ប្រកាន់​យក​មនោគមវិជ្ជា​នយោបាយ​ហិង្សា គ្មាន​ការ​គោរព​សិទ្ធិមនុស្ស ពោល​គឺ​ជា​ការ​គ្រប់គ្រង​ប្រទេស​ដោយ​ប្រើ​អាវុធ គំរាម​កំហែង និង​កាប់​សម្លាប់ ដើម្បី​រក្សា​អំណាច​ខ្លួន។ របប​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជន​ផ្ដាច់​ការ បេនីតូ មូសូលីនី (Benito Mussolini) នៅ​ប្រទេស​អ៊ីតាលី ដែល​គ្រប់គ្រង​អំណាច​ចន្លោះ​ពី​ឆ្នាំ ១៩២២ រហូត​ដល់​ឆ្នាំ ១៩៤៥។

លោក សម រង្ស៊ី ក៏​បាន​ឲ្យ​វិទ្យុអាសេរីដឹង​កាល​ពី​ថ្ងៃ​ទី២៦ តុលា ថា ការ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង​ពីរ គឺ​ជា​ការ​សង​សឹក ពី​​សំណាក់​គណ​បក្ស​ប្រជា​ជន​កម្ពុជា បន្ទាប់​ពី​ក្រុម​បាតុករ​ខ្មែរ-បារាំង បាន​នាំ​ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​វត្តមាន​របស់​លោក ហ៊ុន សែន។

ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​ប្រជាជន លោក សុខ ឥសាន បាន​បដិសេធ​ថា ហិង្សា​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​កាន់​អំណាច​ទេ ដោយ​លោក​អះអាង​ថា វា​ជា​ករណី​ឱកាស​និយម។

បាតុកម្ម​ហិង្សា​ប្រឆាំង​លោកកឹម សុខា នៅ​មុខ​រដ្ឋសភា​​បន្ទាប់​ពី លោក ហ៊ុន សែន ថ្លែង​ពី​ទីក្រុង​បារីស កាល​ពី​ថ្ងៃ​ទី​២៥ តុលា បាន​ដៀមដាម​ទៅ​បក្ស​ប្រឆាំង ថា មេ​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស និយាយ​ថា គេ​គោរព​សិទ្ធិ​អ្នក​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ប្រឆាំង​លោក ដូច្នេះ​លោក​ក៏​គោរព​សិទ្ធិ​អ្នក​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ​ដូច​គ្នា​ដែរ៖ «បើ​ខឹង​កុំ​លេង បើ​លេង​កុំ​ខឹង ហើយ​លេង​លើក​នេះ អាច​បាត់​តំណែង​អនុប្រធាន​រដ្ឋសភា​ទៀត​ផង»។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​បន្ថែម​ទៀត....

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។