កែវ រំចង់ ទៅ​​​សង​សឹក​នៅ Thai Fight ចុង​ឆ្នាំ​នេះ​​នឹង​មាន​ចៅក្រម​ខ្មែរ​មួយ​រូប


កែវ រំចង់ ទៅ​​​សង​សឹក​នៅ Thai Fight ចុង​ឆ្នាំ​នេះ​​នឹង​មាន​ចៅក្រម​ខ្មែរ​មួយ​រូប

ដោយសារ​មើល​ឃើញ​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​របស់ កែវ រំចង់ ក្នុង​កម្មវិធី Thai Fight នៅ​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី២៤ កន្លង​ទៅ អ្នក​រៀប​ចំ​ការ​ប្រកួត​បាន​សម្រេច​ឲ្យ​មាន​ជំនួប​សងសឹក​ជាមួយ​កីឡាករ​ថៃ Iquezang Kor Rungthanakeat នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ​​​ម្ដង​ទៀត។ អ្វី​ដែល​ពិសេស គឺ​កម្មវិធី​នោះ​នឹង​មាន​វត្តមាន​ចៅ​ក្រម​ខ្មែរ​ម្នាក់ ដើម្បី​ឲ្យ​លទ្ធផល​មាន​ភាព​យុត្តិធម៌​សម្រាប់​កីឡាករ កែវ រំចង់។

 

កែវ រំចង់ ទៅ​​​សង​សឹក​នៅ Thai Fight ចុង​ឆ្នាំ​នេះ​​នឹង​មាន​ចៅក្រម​ខ្មែរ​មួយ​រូប

 កែវ រំចង់ និង Iquezang ពេល​ប្រកួត​នៅ​ប្រទេស​វៀតណាម

 

លោក សាយ៉ាន ចាន់ស៊ីរី បុគ្គលិកមួយ​រូប​របស់​​កម្មវិធី Thai Fight ​បាន​ប្រាប់​ពី​ប្រទេស​ថៃ​មក​ថា កម្មវិធី​ប្រកួត​នេះ​នឹង​មាន​ចៅ​ក្រម​ជា​ជន​ជាតិ​ខ្មែរ​មួយ​រូប ជនជាតិ​ថៃ​មួយ​រូប និង​មួយ​រូប​ទៀត​មិន​ទាន់​ច្បាស់​ថា​ជា​​ជនជាតិ​​ចិន ឬ​អឺរ៉ុប​នោះ​ទេ។ លោក​បាន​បញ្ជាក់​ថា កំពុង​ទាក់​ទង​មក​ចៅ​ក្រម​ខ្មែរ​គឺ​លោក ពេជ្រ សុផាន់ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ថា​យ៉ាង​ណា​ឡើយ។

 

ចំណែក​ចៅ​ក្រម ពេជ្រ សុផាន់ ដែល​ជា​អតីត​កីឡាករ​ល្បី​ឈ្មោះ​មួយ​រូប​បាន​ប្រាប់ Sabay ថា លោក​មិន​ទាន់​ច្បាស់​ពី​ការ​ចូល​រួម​ក្នុង​កម្មវិធី Thai Fight នៅ​ប្រទេស​ថៃ​នៅ​ឡើយ​ទេ។ មូលហេតុ​ដោយសារ លិខិត​ឆ្លង​ដែន​របស់​លោក​ផុត​សុពល​ភាព និង​ត្រូវ​ឆ្លង​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ហើយ​លោក​បាន​បញ្ជាក់​ថា​នឹង​ជូន​ដំណឹង​នៅ​ថ្ងៃ​ចន្ទ។

 

កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា​កន្លង​ទៅ កីឡាករ​ចិត្ត​សឿង កែវ រំចង់ បាន​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Iquezang Kor Rungthanakeat នៅ​ក្នុង​កម្មវិធី Thai Fight ​នា​ប្រទេស​វៀតណាម​ទាំង​មិន​អស់​ចិត្ត។ ចំណែក​អ្នក​គាំទ្រ​ជា​ច្រើន​ក៏​បាន​មើល​ឃើញ​ពី​ការ​កាត់​ក្ដី​ដ៏​លម្អៀង​របស់​ចៅ​ក្រម​នា​ពេល​នោះ​ដែរ។ ដោយសារ​ភាព​ចម្រូង​ចម្រាស​នេះ អ្នក​រៀបចំ​កម្មវិធី Thai Fight បាន​បង្កើត​ជំនួប​សង​សឹក​នា​ថ្ងៃ​ទី៣១ ខែ​ធ្នូ​ខាង​មុខ នៅ​អគារ ​Central World រាជធានី​បាងកក៕ ​
​​​
កែវ រំចង់ ទៅ​​​សង​សឹក​នៅ Thai Fight ចុង​ឆ្នាំ​នេះ​​នឹង​មាន​ចៅក្រម​ខ្មែរ​មួយ​រូប
​​​
អត្ថបទ៖ គង់ វិសាល
រូបភាព៖ Thai Fight