​កញ្ញា បេ​ប៊ី​ ​​កំពុងកាន់ទុក្ខ​ឪពុក​បង្កើតទទួល​មរណភាព​​

​រាជ​ធានី​ភ្នំពេញ ៖ ឪពុក​បង្កើត​របស់​​កញ្ញា​ បេ​ប៊ី​ ​​ក្រោយ​ពេល​​ឡើង​ឈាម​​ដួល​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​​​នៅ​យប់​ថ្ងៃ​ទី​២៥ ​តុលា ​​២០១៥​ ​​និង​បាន​ទទួល​មរណភាព​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​តុលា​ ​នៅ​គេហដ្ឋាន​របស់​គ្រួសារ​នាង ​ស្ថិត​នៅ​ម្តុំ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ​។ ​

​​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​​ទាំង​​ក្តី​ក្តុល​ក្តួល​ ​តារាសម្តែង​ និង​ជា​ពិធី​ការិនី​ កញ្ញា​ បេ​ប៊ី​ ដែល​មានឈ្មោះ​ដើម​ ជុំ​ រចនា​ពេជ្រ​ បាន​រៀប​រាប់​ពី​អាកា​រ​ជំងឺ​លោកឪពុក​បង្កើត​ដែល​ភ្លាត់ស្នៀត​ដួល​រហូត​ដាច់​សរសៃឈាម​ថា ​ឪពុក​នាង​​ ឈ្មោះ​​ ជុំ​ ឯម​ ​​វ័យ​៦០​ឆ្នាំ​ ​​មានកូន​បង្កើត៤​នាក់​(ប្រុស​៣​នាក់) នាង​ជា​កូនពៅ ​ចំណែក​ម្តាយ​ ឈ្មោះ​ អ៊ិ​ន ​ប៉ុណ្ណា​រី​ ។​ ​ឪពុក​របស់​នាង​បាន​ឡើង​ឈាម​ដល់​ជាង​២០ ​ហើយ​ក៍​ដួល​នៅ​ក្នុងផ្ទះ​​​បាត់​មាត់​បាត់​ក ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​​ថ្ងៃទី​២៥ តុលា ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ទាំង​យប់​តែ​ម្តង ​។ ​​ពេល​ទៅ​ដល់​​មន្ទីរពេទ្យ​​សង្ឃឹម​តិចណាស់​ដោយ​សារ​​គាត់​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​​​ហើយ​​ឈាម​ហូរ​បុក​ចូល​​ ​ប៉ុន្តែ​ក្រុម​គ្រួសារ​នៅ​តែ​តាមដាន​ហើយ​ម្នាក់​ៗ​ព្យាយាម​យក​គាត់​ទៅ​សង្គ្រោះ​ឲ្យ​អស់​ល​ទ្ឋ​ភាព​ ។

​តារា​​​កំពុង​​ជួប​រឿង​មិន​នឹក​ស្មាន​រូប​នេះ​​ បាន​បន្ត​ថា ​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ​នាង​បាន​យក​​លោកឪពុក​ចេញពី​​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​​បញ្ជូន​ទៅ​កាន់​​ម្ទី​រ​ពេទ្យ​​ប្រទេស​វៀតណាម​​ធ្វើ​យ៉ាងណា​មើល​គាត់​ឲ្យ​អស់ពី​ល​ទ្ឋ​ភាព​ ។​ នាង​បន្ថែម​ថា ​រាល់ថ្ងៃ​លោកប៉ា​នាង​តែងតែ​ហាត់ប្រាណ​​ ព្រោះ​គាត់​មាន​​ទម្ងន់​​ជិត​៩០​គីឡូ​​ក្រាម ហើយ​មាន​ជំងឺ​ប្រចាំ​កាយ ដែល​កូន​ៗ​ដឹង ​គឺ​ឈឺសន្លាក់​​ដៃជើង​​ ​។

​នាង​បាន​បន្ត​ថា ​នៅ​ទីបំផុត ​ប៉ា​របស់​នាង​ពេល​ទៅ​ដល់​​មន្ទីរ​ពេទ្យ​វៀតណាម ​គ្រូពេទ្យ​យក​ឯកសារ​ពិនិត្យ​មើល​ហើយ​​គ្រវីក្បាល ​ប្រាប់​​ថា ​គ្មាន​ល​ទ្ឋ​ភាព​ព្យាបាល​ទេ​ ព្រោះ​​ជំងឺ​គាត់​ធ្ងន់​​​​ពេក សង្ឃឹម​តែ​៣%​ប៉ុណ្ណោះ មាន​តែ​ដឹក​គាត់​ត្រឡប់​មក​ស្រុក​កំណើត​វិញ ​ដើម្បី​​ជួប​​ជុំ​កូនចៅ​នៃ​នាទី​ចុង​ក្រោយ​ ដែល​នេះ​ជា​រឿង​អកុសល​មួយ​ក្នុង​ជីវិត​នាង​ ។​

​ក្រោយ​កមក​ដល់​ផ្ទះ​បាន​តែ​​មួយ​ប៉ប្រិចភ្នែក​​ ​លោក​ឪពុក​​បាន​​ផុតដង្ហើម​វេលា​ម៉ោង​១២​និង​៣០​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​តុលា​ នេះ​ នៅ​គេហដ្ឋាន​របស់​ក្រុម​គ្រួសារ​នាង ។ ​នាង​មាន​ការ​​សោកស្តាយ​​យ៉ាង​ខ្លាំង​ក្នុង​ការ​បាត់​បង់​លោក​ឪពុក​ ​ព្រោះ​ឪពុក​ជា​​​អ្នកគ្រប់​គ្រង​​​​​​ក្រុម​គ្រួ​សារ ​និងតែង​តែ​​​ប្រដៅ​អប់​រំ​ផ្តល់​​យោបល់​​ល្អៗ​ដល់​កូន​​គ្រប់​រូប​​ ​​​​​​​បន្ទាប់​ពី​ឱ្យកំណើត​ដល់​​កូន​ ឱ្យ​កូន​​​រៀន​​សូត្រ​បាន​​ខ្ពង់​ខ្ពស់​ ​គាត់​តែង​តែ​ក្រើន​រំឭ​ក​ឱ្យ​កូនៗ​​ធ្វើ​ជា​មនុស្ស​ល្អ​​ជា​និច្ច​រស់​នៅ​ក្នុង​សង្គម​ ​​។​

សព​លោក​​ឪពុក​​​របស់​​កញ្ញា បេប៊ី ​​ត្រូវ​បាន​រៀបចំ​តម្កល់​ទុក​រហូត​ដល់​ថ្ងៃ​សុក្រ​ ទី​៣០ ខែ​តុលា​ ឆ្នាំ​២០១៥​ រួច​យក​ទៅ​បញ្ចុះ​នៅ​វត្ត​កំ​បូល​ ​​នៅ​​ក្បែរ​​ផ្នូល​​ឪពុក​បង្កើត ​ដែល​ត្រូវជា​ជីតា​របស់​នាង​តែ​ម្តង ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ កញ្ញា ​បេ​ប៊ី ​បាន​បង្ខំចិត្ត​មិន​ទទួល​ការងារ​សិល្បៈ​ទៀត​ទេ​ គឺ​សម្រេចចិត្ត​ដកឃ្លា​មួយអន្លើ​សិន ដើម្បី​ចាត់ចែង​កម្មវិធី​បុណ្យ​លោក​​ឪពុក ​​​នាង​នឹង​ងាក​មក​សិល្បៈ​វិញក្រោយ​រួចរាល់​​ ​​។​  ​ក្រោយ​ពី​ឪពុក​លា​ចាក​លោក​ទៅ ​នាង​​នៅ​សល់​តែ​ម្តាយ​ម្នាក់​​​ប៉ុណ្ណោះ​ ​គឺធ្វើយ៉ាង​ណា​​​ខិតខំ​មើលថែរ​គាត់​ឲ្យ​​បាន​​ល្អ ​៕