អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​បន្ត​សវនាការ​ជា​អសាធារណៈ

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ធ្វើ​សវនាការ​ស្ដាប់​សាក្សី​ក្នុង​សំណុំ​រឿង ០០២ វគ្គ​២ ជា​បន្ត​ទៀត កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ តុលា។ អង្គ​ជំនុំ​ជម្រះ បាន​ផ្អាក​ពីរ​សប្ដាហ៍​ចាប់​តាំង​ពី​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ។ ទោះ​ជា​បាន​បន្ត​ឡើង​វិញ​ក្ដី ក៏​សវនាការ​នេះ​ធ្វើ​ឡើង​ជា​អសាធារណៈ ដើម្បី​លាក់​អត្តសញ្ញាណ​របស់​សាក្សី​ផង និង​លាក់​ការ​សម្ងាត់​នៃ​ការ​ចាត់​ការ​រឿង​ក្ដី​របស់​អង្គ​ជំនុំ​ជម្រះ​ផង។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា នៅ​ក្នុង​សប្ដាហ៍​នេះ អង្គ​ជំនុំ​ជម្រះ​នឹង​ស្ដាប់​សាក្សី​តែ ២​រូប​ទេ ហើយ​អង្គ​ជំនុំ​ជម្រះ នឹង​ផ្អាក​សវនាការ​មួយ​បន្ត​ទៀត ដើម្បី​ទុក​ពេល​ឲ្យ​ភាគី​នានា ត្រៀម​សម្រាប់​បណ្ដឹង​សាទុក្ខ​នៅ​តុលាការ​កំពូល៖ «ពោល គឺ​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ជូន​ដល់​ភាគី​សម្រាប់​បណ្ដឹង​សាទុក្ខ។ ម្យ៉ាង​វិញ​ទៀត អង្គភាព​គាំពារ​សាក្សី និង​អ្នក​ជំនាញ ជូន​ដំណឹង​មក​អង្គ​ជំនុំ​ជម្រះ​ថា សាក្សី​ដែល​ពី​ដំបូង​គ្រោង​មក​ផ្ដល់​សក្ខីកម្ម​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ ក្នុង​សប្ដាហ៍​នេះ ពុំ​អាច​មក​ផ្ដល់​សក្ខីកម្ម​បាន​នោះ​ទេ។ យោង​នូវ​ហេតុផល​នេះ អង្គ​ជម្រះ​នឹង​ស្ដាប់​សក្ខីកម្ម​សាក្សី ដែល​មាន​រហស្សនាម 2TCW 996 និង 2TCW 868 ហើយ​និង​ពេល​សវនាការ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា»

ក្នុង​សវនាការ​សំណុំ​រឿង​០០២ វគ្គ​២ បន្ត​នេះ អង្គ​ជំនុំ​ជម្រះ​នឹង​ចាប់​ផ្ដើម​ស្ដាប់​សាក្សី ទាក់ទង​នឹង​អង្គ​ហេតុ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​សម្លាប់​ក្រុម​មនុស្ស​ជា​គោលដៅ​ជាក់លាក់ គឺ​ជនជាតិ​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។