លោក​សម រង្ស៊ី​៖ ​លោក​ហ៊ុន សែន ​កំពុង​​ប្រើ​​វិធីសាស្ត្រ​​ហិង្សា​​រក្សា​​អំណាច​

បន្ទាប់ពី​តំណាងរាស្ត្រ​ពីររូប​របស់ខ្លួន​រង​ការវាយដំ​យ៉ាងធ្ងន់ធ្ងរ​ពី​មនុស្ស​មួយក្រុម​នៅក្នុង​អំឡុងពេល​បាតុកម្ម​ទាមទា​ទម្លាក់​លោក​កឹម សុខា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក​សម រង្ស៊ី បានចាត់ទុក​បាតុកម្មហិង្សា​នោះ​ថា គឺជា​ការឆ្លើយតប​ពី​សំណាក់​គណបក្សកាន់អំណាច​ទៅនឹង​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ជាងនេះទៀត​នោះ ប្រមុខ​បក្សប្រឆាំង ថែមទាំង​ចោទ​លោក​ហ៊ុន សែន​ថា កំពុង​ប្រើ​វិធីសាស្ត្រ​ស្រដៀង​នឹង​ពួក​ហ្វា​ស៊ី​ស្ត (fascit) នៅ​ប្រទេស​អ៊ីតាលី ដើម្បី​រក្សា​អំណាច។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្ម​ថា ការលើកឡើង​របស់លោក​សម រង្ស៊ី នេះ គឺ​ខុស​សម័យកាល។