តម្លៃ​កៅស៊ូ​ធម្មជាតិ​ធ្លាក់​ចុះ​ដាក់បន្ទុកលើ​ការ​នាំ​ចេញ​របស់​វៀតណាម

ប្រទេស​វៀតណាម ៖ តាម​ទិន្នន័យ​ពី​ក្រសួង​ហិរញ្ញវត្ថុ​បង្ហាញ​ថា ស្រប​ពេល​ការ​នាំ​ចេញ​កៅស៊ូ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​មាន​ចំនួន​កើនឡើង​ក្នុងអំឡុងពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ តម្លៃ​ហាងឆេង​កៅស៊ូ​វៀតណាម​បាន​ធ្លាក់​ថ្លៃ​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

នៅ​ដំណាច់ខែ​កញ្ញា​កន្លង​មក វៀតណាម​បាន​នាំ​ចេញ​កៅស៊ូ​ចំនួន​៧៥០.៤៣៣​តោន គឺ​ច្រើន​ជាង​តួលេខ​ដែល​បាន​ចុះបញ្ជី​ក្នុង​រយៈពេល​បី​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០១៤ រហូត​ដល់​ទៅ​៧,៥% ។

ទោះជា​យ៉ាងណា ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​ផលិតផល​នេះ (​កៅស៊ូ​) មាន​កម្រិត​តិច​ជាង​មុន​១៣,២% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ឬ​ស្មើនឹង​១,០៧​ប៊ី​លាន​ដុ​លា្ល​រ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​តម្លៃ​កៅស៊ូ​ធម្មជាតិ​នៅ​លើ​ពិភពលោក ។

តាម​ស្ថិតិ​ផ្លូវការ​បង្ហាញ​ថា ការ​នាំ​ចូល​កៅស៊ូ​ចូល​មក​ក្នុង​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នេះ សម្រេច​បាន​ចំនួន​២៤៩.៤៤១​តោន ដែល​មាន​ទឹកប្រាក់​៤៣២​លាន​ដុល្លារ ។

តួលេខ​នេះ​មាន​តម្លៃ​ស្មើនឹង​កំណើន​២៣,៤%​លើ​បរិមាណ​ដែល​បាន​ចុះបញ្ជី​កាលពី​ឆ្នាំទៅ រីឯ​ទំហំ​ទឹកប្រាក់​មាន​ចំនួន​ច្រើន​ជាង​មុន​៦% ធៀប​នឹង​ឥទ្ធិពល​តម្លៃ​កៅស៊ូ​ទាប​ជាង​មុន ៕