រដ្ឋសភាថ្កោលទោស និងស្នើឱ្យ សមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនជនល្មើស ដែលវាយលើ តំណាងរាស្រ្ត២រូប ឱ្យរបួសធ្ងន់

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានចេញសេចក្តី ថ្លែងការណ៍ថ្កោលទោស ចំពោះអំពើហិង្សា ដែលបណ្តាល ឱ្យតំណាងរាស្រ្តពី២រូប មកពីគណបក្ស សង្រ្គោះជាតិ របួសធ្ងន់ កាលពីម្សិលមិញ។ ស្ថាប័នបង្កើតច្បាប់ មួយនេះក៏ជំរុញសមត្ថកិច្ច ចាត់វិធានការឱ្យបានម៉ឹងម៉ាត់ដើម្បីស្រាវជ្រាវ ចាប់ខ្លួនជនល្មើស មកផ្តន្ទាទោស ផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋសភា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥។

លោក គង់ សភា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និង លោក ញ៉យ ចំរើន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម របស់គណបក្សសង្រ្គោះជាតិ ត្រូវបានក្រុមបាតុករវាយតប់ឲ្យរងរបួសធ្ងន់ និងសន្លប់ នៅក្រៅវិមានរដ្ឋសភា នៅវេលាថ្ងៃត្រង់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញ នៅពេលអ្នកទាំងពីរ បម្រុងនឹងជិះរថយន្ត ចេញពីរដ្ឋសភាក្រោយបញ្ចប់កិច្ចប្រជុំ ខណៈដែលបាតុកររាប់ពាន់នាក់ កំពុងធ្វើ បាតុកម្មទាមទារទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា។

សូមជំរាបថា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ គណបក្សសង្គ្រោះជាតិ សម្រេចបញ្ជូនលោក គង់ សភា និងលោក ញ៉យ ចំរើន ទៅព្យាបាល នៅក្រៅប្រទេស ដោយសារមានរបួសធ្ងន់ មានបាក់ឆ្អឹងជាច្រើនកន្លែង នេបើយោងតាម Facebook របស់លោក ញ៉ែម បុញ្ញាប្ញទ្ធិ មន្រ្តីអ្នកនាំាពាក្យគណបក្សសង្គ្រោះជាតិ។

ក្រៅពីរដ្ឋសភា កាលពីម្សិលមិញនេះ អង្គការសង្គមស៊ីវិល ស្ថានទូតអាមេរិក គណបក្សសង្រ្គោះជាតិ រួមទាំង តំណាងរាស្រ្តគណបក្សប្រជាជនផង បានសម្តែងការសោកស្តាយ ហើយថ្កោលទោស ចំពោះក្រុមដែល ព្រួតវាយដំទៅលើតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ៕

រដ្ឋសភាថ្កោលទោស និងស្នើឱ្យ សមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនជនល្មើស ដែលវាយលើ តំណាងរាស្រ្ត២រូប ឱ្យរបួសធ្ងន់

រដ្ឋសភាថ្កោលទោស និងស្នើឱ្យ សមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនជនល្មើស ដែលវាយលើ តំណាងរាស្រ្ត២រូប ឱ្យរបួសធ្ងន់