គង់ សុធារិទ្ធ សម្រេច​ចិត្ត​ចូល​រោង​ការ​បញ្ចប់​មន្ទិល​ស្នេហ៍​ចាស់

គង់ សុធារិទ្ធ សម្រេច​ចិត្ត​ចូល​រោង​ការ​បញ្ចប់​មន្ទិល​ស្នេហ៍​ចាស់

គង់ សុធារិទ្ធ បាន​សម្រេច​ចិត្ត​ចូល​រោង​ការ​ហើយ ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ចាស់ ស្រប​ពេល​ជីវិត​ទទួល​ជោគជ័យ​បណ្ដើរៗ​ទាំង​ការងារ​ជា​មន្ត្រី​រដ្ឋ ក៏​ដូច​ជា​មុខ​របរ​ផ្ទាល់​ខ្លួន។

 

គង់ សុធារិទ្ធ សម្រេច​ចិត្ត​ចូល​រោង​ការ​បញ្ចប់​មន្ទិល​ស្នេហ៍​ចាស់

 

“ខ្ញុំ​គិត​ថា​វ័យ​ដល់​ហើយ និង​ចង់​ឱ្យ​ជីវិត​មាន​លំនឹង​ច្បាស់​លាស់​ផង ព្រោះ​កាន់​តែ​ចាស់​ដែរ​ហើយ”។ សុធារិទ្ធ ថ្លែង​មក​កាន់ Sabay ព្រឹក​នេះ។ អនុប្រធាន​ការិយាល័យ​កិច្ចការ​អាស៊ាន នៃ​ក្រសួង​វប្បធម៌​រូប​នេះ​បន្ត​ថា អាពាហ៍ពិពាហ៍​របស់​លោក​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ៨ វិច្ឆិកា​ខាង​មុខ​នៅ​មជ្ឈមណ្ឌល​ទួលគោក។ តារា​រូប​នេះ​ថា កម្មវិធី​មង្គល​មាន​លក្ខណៈ​សាមញ្ញ​​ធម្មតា​តាម​លទ្ធភាព ដោយ​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ចូលរួម​ប្រមាណ ៧០ តុ ដែល​ភាគ​ច្រើន​ជា​អ្នក​រួម​អាជីព​សិល្បៈ។

 

ដោយ​ឡែក​អតីត​គូ​ស្នេហ៍​ចាស់ កែវ ច័ន្ទសម្ផស្ស និង​ស្វាមី​របស់​នាង ក៏​នឹង​បង្ហាញ​វត្តមាន​ចូលរួម​កម្មវិធី​មង្គល​នោះ​ផង​ដែរ ក្នុង​នាម​ជា​អ្នក​រាប់​អាន​គ្នា​ដូច​ជា​បង​ប្អូន។

 

យោង​តាម​ធៀប​ការ​​ទើប​ធ្លាយ​ចេញ​បង្ហាញ​ថា ភរិយា​របស់ គង់ សុធារិទ្ធ គ្រោង​ចូល​រោង​ការ​ឆាប់ៗ​នេះ​ឈ្មោះ ហ៊ុន ចាន់ណេត ជា​បុគ្គលិក​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បីល្បាញ​ក្នុង​ស្រុក​មួយ។ ពួក​គេ​បាន​ស្គាល់​គ្នា​ជាង ៣ ឆ្នាំ​កន្លង​មក​ហើយ ដោយ​បាន​ស្វែង​យល់​ចិត្ត​ច្បាស់លាស់​ទៀត​ផង ទើប​ឈាន​ដល់​ការ​សម្រេច​ចិត្ត​រួម​គ្នា​រៀប​ចំ​មង្គលការ​តាម​ប្រពៃណី។ លោក​អះអាង​ថា មិន​ចង់​អូស​បន្លាយ​ពេល​វេលា​តទៅ​ទៀត ព្រោះ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ និង​បាន​ទទួល​សញ្ញាប័ត្រ​រួច​ហើយ៕​​

 

គង់ សុធារិទ្ធ សម្រេច​ចិត្ត​ចូល​រោង​ការ​បញ្ចប់​មន្ទិល​ស្នេហ៍​ចាស់

 

អាន​អត្ថបទ៖  តារា​ៗ​​ណា​ខ្លះ​ ដែល​ល្បី​តាំងពី​ឪពុកម្ដាយ​ដល់​កូន?

អាន​អត្ថបទ៖  ទៅ បុប្ផា​ណា បាន​ទស្សនា​កុន​ស្នាព្រះហស្ត​សម្ដេច​តា​ដោយ​សេរី

អត្ថបទ៖ សំ ជំនាញ