គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​រដ្ឋមន្ត្រី​មហាផ្ទៃ ការពារ​សុវត្ថិភាព​តំណាងរាស្ត្រ​

ភ្នំពេញ: ដោយមាន​ការព្រួយបារម្ភ​ពី​សន្តិសុខ សុវត្ថិភាព របស់​ក្រុម​អ្នកតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​សុំ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​ការពារ​សុវត្ថិភាព​តំណាងរាស្ត្រ​របស់ខ្លួន ជៀសវាង​ការប្រើ​អំពើហិង្សា​ណាមួយ​កើតឡើង​ទៀត​។​

​ការស្នើ​នេះ គឺ​បន្ទាប់ពី​មាន​មនុស្ស​មួយក្រុម បាន​ប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីររូប កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ បន្ទាប់ពី​ចេញ​ប្រជុំ​សភា និង​មនុស្ស​មួយក្រុម​ទៀត បាន​ទៅ​គប់​ដុំថ្ម ចូល​ផ្ទះ​លោក កឹម សុខា អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ខណ្ឌទួលគោក​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ហេតុការណ៍​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​របស់ខ្លួន លោក​កឹម​សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃទី​២៦ ខែតុលា បាន​កោះប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានអោយដឹងថា នៅក្នុង​កិច្ចប្រជុំ គឺ​បាន​ពិភាក្សា​ផ្តោតលើ​ការប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ និង​ការសិក្សា​ផ្លូវច្បាប់​ដាក់​ប្តឹងទៅ​តុលាការ និង​ក្រសួងមហាផ្ទៃ ដើម្បី​វែកមុខ​ក្រុមមនុស្ស ដែល​បាន​ប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​។

​គណបក្ស​សង្គ្រោះ​ជាតិ ក៏​គ្រោង​នឹងធ្វើ​លិខិតអញ្ជើញ​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មក​បំភ្លឺ​នៅ​រដ្ឋសភា ទាក់ទង​ករណី​មនុស្ស​មួយក្រុម​ប្រើ​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​សរសេរ​លិខិត​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ស្នើសុំ​ការពារ​សន្តិសុខ​សុវត្ថិភាព​ដល់​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​។​

​ប្រភព​ដដែល​បាន​បន្តថា ជាមួយគ្នានេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្វើលិខិត​ទៅ​បណ្តា​ស្ថានទូត​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា និង​សហគមន៍​អឺរ៉ុប ដើម្បីអោយ​គេ​ដឹង​ពី​ការធ្វើ​បាតុកម្ម​នៅមុខ​រដ្ឋសភា រហូត​ឈានដល់​ការប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បណ្តាលអោយ​រងរបួស និង​ធ្វើលិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ អំពី​ហេតុការណ៍​ប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។

​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បានអោយ​មេធាវី​រៀបចំ​ពាក្យបណ្តឹង​ប្តឹងទៅ​តុលាការ ទាក់ទង​ករណី​ក្រុម​ប្រជាពលរដ្ឋ​ទៅ​គប់​ដុំថ្ម ចូល​លំនៅដ្ឋាន​របស់លោក កឹម សុខា និង​ការប្រើ​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ កាលពី​ថ្ងៃទី​២៦​តុលា​៕​