ភ្លៀង​មួយ​មេ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំងយប់​

​រាជ​ធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​ឆេះ​​យ៉ាង​សន្ធោសន្ធៅ​នៅ​លើ​បង្គោល​ភ្លើង​ធ្វើ​ឲ្យ​ប្រជា​ពល​ភ័យ​ស្លន់ស្លោ​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​មក​បាញ់​ពន្លត់​​​​កាល​ពី​វេលា​ម៉ោង​១​និង​១០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​តុលា ​​២០១៥ ត្រង់​ចំណុច​នៅ​​ជាប់​សហគ្រាស​ផលិត​ទឹកស៊ីអ៊ីវ អ៊ឹ​ង ប៉េង​ហេង ​​​នៅ​កែង​​ផ្លូវ​​លេខ​២០៥​​និង​ផ្លូវ​លេខ​​២៩៦ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មេឃ​រាំងភ្លៀង​ភ្លាម​ ​ស្រាប់តែ​ប្រទះ​ឃើញ​បង្គោល​ខ្សែភ្លើង​ដែល​មាន​ប្រអប់លេខ​៤០១​បត​២៨៨ ​​ទុស្សេ​​បែក​​ផ្កា​ភ្លើង​ព្រាក​ៗ ​រួច​​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​តែ​ម្តង​ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គិភ័យ​បាញ់​អស់៥​បំពង់​ ហើយ​នៅ​តែ​មិន​ព្រម​រលត់​ទៀត ក៏​​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង​មក​ជួយ​បាញ់​ទឹក​ពន្លត់ ​ដោយ​​ប្រើប្រាស់​ទឹក​អស់ មួយ​គ្រឿង​ ​ទើប​​រលត់​ទៅ​វិញ ។

អគ្គិភ័យ​ខាងលើ​នេះ​ មិន​បណ្តាល​ឲ្យ​ឆ្លង​រាលដាល​ទៅ​ដល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ទេ គ្រាន់តែ​ឆេះ​ដាច់​ធ្លាក់​ខ្សែភ្លើង​រាយ​ប៉ាយ​ពេញ​ផ្លូវ និង​បណ្តាល​ឲ្យ​ដាច់​ចរន្ត​អគ្គិស​នីប៉ុណ្ណោះ ៕