​សង្សារ​១គូកំពុងជិះម៉ូតូ​ ​ត្រូវ​ម៉ូតូ​​ធំកៀរដួល​ប៉ះទូ​​​រថ​ភ្លើង ​របួសបាក់​​ភ្លៅ​​​​ម្នាក់

រាជធានីភ្នំពេញ ៖ សង្សារ១គូ​​ខណៈ​កំពុង​ជិះម៉ូតូ ត្រូវ​បាន​​​ម៉ូតូ​​ធុនធំ​មួយគ្រឿងទៀត​​​កៀរ​ដួល​​ខ្ទាតចូល​​​ប៉ះ​​ទូរថភ្លើង ​ដែល​កំពុង​បើក​មក ​​​បណ្តាលឱ្យ​នារីជា​សង្សារ​​​​រងរបួស​បាក់ភ្លៅ ចំណែក​ឯខាងបុរស​បាន​រងរបួសស្រាល ដែល​ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង១០ និង​២០​នាទីព្រឹក​ថ្ងៃទី​២៧ តុលា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវលំ​អម​​រថភ្លើង​​ក្នុងភូមិ​តាងួន សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែនជ័យ ។

ប្រភព​បា​នឱ្យ​ដឹងថា នារី​រងគ្រោះ​​ឈ្មោះ​សុខណា អាយុ​១៦​ឆ្នាំ ជាសិស្ស​នៅសាលា​អង្គការ (របួសបាក់ភ្លៅ) ​មានទីលំនៅ​​ក្នុង​សង្កាត់​​​​បឹងកក់២ ខណ្ឌ​ទួលគោក និង​យុវជនដែល​រងរបួស​ស្រាលឈ្មោះ​វិឆ័យ អាយុ​១៨​ឆ្នាំ ជាសិស្សដូចគ្នា ទាំង២នាក់ជិះម៉ូតូ​ម៉ាក​ស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខ​កណ្តាល 1K-3267 ​ចំណែក​ខាងម៉ូតូធំ ​បានជិះគេចខ្លួនបាត់ ។

ប្រភពបន្តថា មុនពេលកើតហេតុ ម៉ូតូគូសង្សារ​នេះ​​ជិះក្នុងទិសដៅពី​លិចទៅកើត ហើយ​រថភ្លើងបើក​​​ពី​កើតទៅលិច លុះជិះមកដល់​ចំណុច​កើតហេតុ ក៏មាន​ម៉ូតូ​ធុនធំ​មួយគ្រឿង​បើក​កៀរ​ម៉ូតូ​គូសង្សារនោះបណ្តាលឱ្យដួល​ ស្របពេលនោះ​ក៏មាន​រថភ្លើង​បើកមកដល់​ បណ្តាល​​ឱ្យប៉ះទូរថភ្លើង​​​រងរបួសធ្ងន់តែម្តង ។