អាជ្ញាធរ​ខេត្តព្រះវិហារធ្វើ​ពិធី​ដុត​កម្ទេច​អាវុធ​កែ​ច្នៃ​គ្រប់​ប្រភេទ​​ចំនួន១.៥០០​ដើម

ខេត្ត​ព្រះ​វិហារ​ ៖ អាជ្ញាធរ​ខេត្តព្រះវិហារ ព្រមទាំង​មន្ត្រីរាជការ កងកម្លាំង​ទាំង​៣​ប្រភេទ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​តុលា​​២០១៥​នេះ បាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​អាវុធ​កែ​ច្នៃ​គ្រប់​ប្រភេទនៅ​ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដែល​រឹបអូស​បាន​ពី​ជនល្មើស និង​ការ​ស្ម័គ្រចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​មាន​អាវុធ​កែ​ច្នៃប្រគល់​ឲ្យ​សមត្ថកិច្ច​កន្លង​ទៅ ។

ក្នុង​ឱកាស​នោះ​ដែរ លោក អ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្តព្រះវិហារ​មានប្រសាសន៍​ថា អាវុធ​កែ​ច្នៃ​គ្រប់​ប្រភេទ​ទាំង​អស់នេះ ​​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង ជា​ពិសេស​ធ្វើ​ឲ្យ​វិនាស​សត្វព្រៃនឹង​ឈាន​ដល់​ការ​បាញ់​សម្លាប់​ជីវិត​មនុស្ស​ជា​ញឹកញាប់​ផង​ដែរ​។

លោកក៏​បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋប្រគល់​អាវុធ​កែ​ច្នៃ​ដែល​នៅ​សេសសល់​​ឱ្យ​សមត្ថកិច្ច និង​បញ្ឈប់​ផលិត​កែ​ច្នៃ​អាវុធ​បន្ត​ទៀតដើម្បី​ចៀសវាង​ការទទួលទោស​តាម​ច្បាប់ ព្រោះ​នេះ​ជា​អំពើ​ខុសច្បាប់នៃ​ការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ គ្រាប់រំសេវ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឆ្លៀតឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី ស៊ី គិរី ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​លើក​ឡើង​ថា តាម​ច្បាប់​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា បទល្មើស​ក្នុង​វិស័យអាវុធ​គ្រឿងផ្ទុះ គ្រាប់រំសេវ តាម​មាត្រា​លេខ​៤៨៨ បទ​ផលិតឬធ្វើ​ចរាចរណ៍​គ្រឿងផ្ទុះ គ្រាប់រំសេវ​គ្រប់​ប្រភេទ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ចត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារចាប់ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ។

សូម​បញ្ជាក់​ផង​ដែរ អាវុធ​កែ​ច្នៃ​គ្រប់​ប្រភេទ​ដែល​អាជ្ញាធរ​ខេត្តព្រះវិហារ និង​សមត្ថកិច្ច​ទាំង​៣​ប្រភេទធ្វើ​ពិធី​ដុត​កម្ទេច​នៅ​ថ្ងៃ​នោះ មាន​ចំនួន​១.៥៧៤​ដើម ដែល​សមត្ថកិច្ច​រឹបអូស​បាន​ពី​ជនល្មើស និង​ការ​ប្រគល់ដោយ​ស្ម័គ្រចិត្តពី​ប្រជាពលរដ្ឋ​កន្លង​ទៅ៕