ការ​ប្រកួត​កីឡា​ជើង​ឯក​ថ្នាក់​ជាតិ​​ពីរ​ប្រភេទ​បញ្ចប់​​​ថ្ងៃ​ស្អែក​ដូច​គ្នា

ការ​ប្រកួត​កីឡា​ជើង​ឯក​ថ្នាក់​ជាតិ​​ពីរ​ប្រភេទ​បញ្ចប់​​​ថ្ងៃ​ស្អែក​ដូច​គ្នា

​កម្ម​វិធី​ប្រកួត​ថ្នាក់​ជាតិ​ចំនួន ២​ប្រភេទ​កីឡា​ នឹង​ត្រូវ​រក​ឃើញ​ជើង​ឯក​ និង​​​បិទ​វគ្គ​នា​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០១៥ ស្អែក​នេះ​​​នា​វេលា​ម៉ោង ៨​ព្រឹក​នៅ​​ក្រុង​តាខ្មៅ​​ និង​ម៉ោង​៣រសៀល​​​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។

 

​​​​​លោក ស្រ៊ុន លាង គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​​ទូក​កានូ-កាយ៉ាក និង​ទូក​ប្រពៃណី​បាន​ឲ្យ​ដឹង​ថា ​សម្រាប់​ការ​បិទ​វគ្គ​កម្ម​វិធី​ប្រកួត​ថ្នាក់​ជាតិ​ប្រភេទ​កីឡា​ទូក​កានូ កានូ-កាយ៉ាក និង​ទូក​ប្រពៃណី​​ និង​ចាប់​ផ្ដើម​ផ្អែក​នា​វេលា​ម៉ោង៨ ព្រឹក​នៅ​សួន​ច្បា​រ​​ក្រុង​តាខ្មៅ​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​​លោក ចាប សុវណ្ណ ប្រធាន​ការិយាល័យ​នាយកដ្ឋាន​អប់រំ​កាយ​ និង​កីឡា​។

 

ការ​ប្រកួត​កីឡា​ជើង​ឯក​ថ្នាក់​ជាតិ​​ពីរ​ប្រភេទ​បញ្ចប់​​​ថ្ងៃ​ស្អែក​ដូច​គ្នា
សកម្ម​ភាព​ប្រកួត​ប្រដាល់​សេរី​​ថ្នាក់​ជាតិឆ្នាំ​២០១៥ នេះ​

​គណៈកម្មាធិការ​រូប​នេះ​បន្ត​ថា ក្នុង​ការ​បិទ​វគ្គ​នេះ​ដែរ​ក៏​មាន​ការ​បំពាក់​មេដាយ​ដល់​កីឡាករ​​ជា​ជ័យលាភី​​​​ថ្នាក់​ជាតិ​ និង​ប្រាក់​រង្វាន់​​១៥​ម៉ឺន​​រៀល​សម្រាប់​​ជយលាភី​លេខ១ទឹក​ប្រាក់​ ១០​ម៉ឺន​រៀល​​ជើង​ឯក​រង​ និង​ ៨​ម៉ឺន​រៀល​សម្រាប់​ចំណាត់​ថ្នាក់​លេខ ៣។ ​ចំណែក​អ្នក​ចូលរួម​​​ប្រកួត​សរុប​​ប្រភេទ​វិញ្ញាសា​ទូក​​កានូ,​ កានូ​-កាយ៉ាក និង​​ទូក​ប្រពៃ​ណី​ក្នុង​ឆ្នាំ​នេះ​មាន​ចំនួន ២៩០នាក់​ ​ដែល​ចាប់​ផ្ដើម​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​២៥ ​ដល់​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០១៥។

 

​​ជា​មួយ​គ្នា​នោះ​ដែរ​លោក ទុយ ប៊ុន​ហឿន ប្រធាន​​ការិយាល័យ​កីឡា​ទំនើប​​បាន​ឲ្យ​ដឹង​ថា​ នា​ថ្ងៃ​ស្អែក​នេះ​ក៏​មាន​ការ​បិទ​វគ្គ​ប្រភេទ​កីឡា​ប្រដាល់​​ជើង​ឯក​ថ្នាក់​ជាតិ​​នា​ម៉ោង​៣​រសៀល​នៅ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​​ថ្នាក់​ជាតិ​។ ក្នុង​កម្ម​វិធី​បិទ​វគ្គ​នេះ​ដែរ​ក៏​មាន​ពិធី​ប្រគល់​​មេដាយ​កិត្តិយស​ និង​ប្រាក់​រង្វាន់​ដល់​​ជយ​លាភី​​លេខ ១ចំនួន​ ៣០​ម៉ឺន​រៀលលេខ​ ២​បាន​២០​ម៉ឺន​រៀលលេខ​ ៣​និង​លេខ​៣​ស្ទួន​បាន ​១៦​ម៉ឺន​រៀល​ដូច​គ្នា។

 

ការ​ប្រកួត​ប្រដាល់​​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ នេះ​មាន​កីឡាករ​​ចូល​រួម​សរុប​​ចំនួន​ ៥៤៥​នាក់ ដោយ​កីឡាករ​ចុះ​ឈ្មោះ​ម្នាក់​បាន ​៤​ម៉ឺន​រៀល​ និង​​អាហារ ​៣​ពេល​ក្នុង​មួយ​​ថ្ងៃ​៕

 

អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា​