ឃាត់ខ្លួន ជនសង្ស័យ លួចម៉ូតូម្នាក់ នៅច្បារអំពៅ២

ភ្នំពេញ ៖ ជនសង្ស័យ ជាចោរលួចម៉ូតូម្នាក់ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍ច្បារអំពៅ២ សហការជាមួយជនរងគ្រោះ ឃាត់ខ្លួន កាលពីវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះ ថាច់ សុខា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅ មុខរបរ រត់ម៉ូតូឌុប ។

ជនសង្ស័យឈ្មោះធី រដ្ឋា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ  មុខរបរ កម្មករសំណង់ ។

តាមការរៀបរាប់ របស់ម្ចាស់ម៉ូតូ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ម៉ោង៩និង០០នាទី រូបគេ បាន ជិះម៉ូតូម៉ាកសេ ១០០ កូរេពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ១A ១៥៥១ មកចតទុកនៅមុខផ្ទះលេខ៧៩ ផ្លូវ ៣៦៩ ភូមិដើមចាន់  រួចចូលទៅផឹកស្រា ជាមួយជនសង្ស័យ និងមិត្តភក្តិផ្សេងទៀត ខណៈខ្លួនស្រវឹងស្រា ក៏ដេក លក់នៅផ្ទះកើតហេតុតែម្តង ។ ស្រាប់តែជនសង្ស័យឈ្មោះ ធីរដ្ឋា និងបក្ខពួក ២នាក់ទៀត លួចយកម៉ូតូជនរង គ្រោះរួចគេចខ្លួន ។  លុះដល់ថ្ងៃទី២៦ ខែតុលា វេលាម៉ោង ៣និង៣០នាទី ជនរងគ្រោះឃើញជនសង្ស័យ ឈ្មោះ ធី រដ្ឋា នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ក៏ឃាត់ខ្លួនជនសង្ស័យ យកមក ប្រគល់ឲ្យប៉ុស្តិ៍ ច្បារអំពៅ២ ដើម្បី ធ្វើការសាកសួរ ។ បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន ខណ្ឌច្បារអំពៅ ៕

ឃាត់ខ្លួន ជនសង្ស័យ លួចម៉ូតូម្នាក់ នៅច្បារអំពៅ២