ភ្ញាក់​ពី​គេង ជាប់​ចង្កេះ បណ្តាលមកពី​អ្វី​? គួរ​ដោះស្រាយ​យ៉ាង​ណា​?

ភ្ញាក់​ពី​គេង ជាប់​ចង្កេះ បណ្តាលមកពី​អ្វី​? គួរ​ដោះស្រាយ​យ៉ាង​ណា​?

​មាន​មនុស្ស​ច្រើនណាស់ ដែល​ជាប់ ឬ​ឈឺចង្កេះ ក្រោយពេល​ក្រោក​ពី​គេង​។ ប្រសិនបើ​អ្នក​ជួប​បញ្ហា​នេះ​ញឹកញាប់ មូលហេតុ​នោះ គឺ​អាច​បណ្តាលមកពី ឆ្អឹង​កង​ខ្នង​របស់​អ្នក កំពុង​មាន​បញ្ហា ហើយ​អ្នក​គួរតែ​ប្រញាប់ ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ហើយ​។ ទោះបីជា​យ៉ាងណា ក្នុងករណី​ដែល​អ្នក​ឈឺ​ខ្នង ពេល​ភ្ញាក់​ពី​គេង ប៉ុន្តែ បាត់​ទៅ​វិញ ក្រោយ​ពេល​អ្នក​ក្រោក​ឡើង នោះ​វា​អាចជា​រឿង​ធម្មតា ហើយ​អ្នក​ក៏​មិន​ចាំបាច់​បារម្ភ​អ្វី​ច្រើន​ដែរ ព្រោះ​ការឈឺ​នេះ ច្រើន​បណ្តាល​មក​ពី​ទីតាំង និង​របៀប​នៃ​ការ​គេង​របស់​អ្នក​ប៉ុណ្ណោះ​។ គ្រាន់តែ​ការផ្លាស់ប្តូរ​របៀប​នៃ​ការ​គេង គឺ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ហើយ​។​

​មូលហេតុ​នៃ​ការឈឺ​ខ្នង ឈឺ​ចង្កេះ ក្រោយ​ពេក​ភ្ញាក់​ពី​គេង​
១. ពូក​របស់​អ្នក​
​ពូក​ដែល​រឹង ឬ​ទន់​ពេក គឺជា​មូលហេតុ​ចម្បង​នៃ​ការឈឺ​ខ្នង ក្រោយ​ពេល​ភ្ញាក់​ពី​គេង​។ ប្រសិនបើ​ចង្កេះ​របស់​អ្នក តូច​ជាង​ត្រគាក នោះ​ពូក​ដែល​ទន់ៗ ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​, ប្រសិនបើ​ចង្កេះ​អ្នក​ស្មើនឹង​ត្រគាក នោះ​ពួក​ទន់​ល្មម គឺ​សម​នឹង​អ្នក​ហើយ​, ជាមួយគ្នា​នេះ​ផង​ដែរ ពូក​ដែល​រឹង គឺ​កម្រ​នឹង​សាក​សម សម្រាប់​មនុស្ស​គ្រប់គ្នា​ណាស់​។​
២. ខ្នើយ​
​ខ្នើយ គួរតែ​អាច​ទ្រ​ក​របស់​អ្នក​។ ខ្នើយ​ដែល​រឹង ឬ​ទន់​ពេក មិន​ល្អ​សម្រាប់​ការ​គេង​ឡើយ​។ បើ​ឈឺ​ក ឬ​ឈឺ​ខ្នង​ថ្ងៃនេះ ចូរ​សាកល្បង​ប្តូរ​ខ្នើយ​របស់​អ្នក ។​
៣. របៀប​គេង​

​របៀប​នៃ​ការ​គេង ក៏​ជា​មូលហេតុ​ចម្បង ដែល​អ្នក​ឲ្យ​អ្នក​ឈឺ​ខ្នង​ផង​ដែរ​។ បើសិន​អ្នក​គេង ក្នុង​កាយវិការ​តែមួយ ដោយ​មិន​បាន​ប្តូ​រសោះ នោះ​អ្នក​ងាយ​នឹង​ឈឺចង្កេះ ឈឺ​ខ្នង​ខ្លាំងណាស់​។ ការ​គេង​ផ្កាប់ ក៏​បង្កបញ្ហា​ដល់​ខ្នង​អ្នក​ដែរ​។​
៤. មូលហេតុ​ផ្សេង​ទៀត​
​ពិតណាស់ គ្រែ ខ្នើយ និង​កាយវិការ​ពេល​គេង គឺជា​មូលហេតុ​សំខាន់ ដែល​ធ្វើឲ្យ​អ្នក​ឈឺ​ខ្នង ប៉ុន្តែ សកម្មភាព​មួយ​ចំនួន ដែល​អ្នក​ធ្វើ​រាល់​ថ្ងៃ ក៏​ដាក់បន្ទុក​ទៅលើ​បញ្ហា​នេះ​ផង​ដែរ​។ ឧទាហរណ៍ ការ​អង្គុយ​ធ្វើការ​យូរពេក ការ​ហាត់ប្រាណ​ខ្លាំងពេក គឺ​សុទ្ធតែ​ដាក់​សម្ពាធ ទៅលើ​សាច់ដុំ​អំឡុង​ពេល​គេង​។ ការរង​របួស​នានា អាច​នឹង​ធូរស្រាល​ពេល​លេបថ្នាំ​រួច ប៉ុន្តែ វា​ក៏​អាច​បន្ត​ការឈឺ​ពេញ​មួយ​យប់​ផងដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។