សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​ទាមទារ​យុត្តិធម៌​ក្នុងករណី​ប្រើ​អំពើហិង្សា​ដាក់​តំណាងរាស្ត្រ

​បន្ទាប់ពី​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មក​នោះ គេ​សង្កេតឃើញថា​សហគមន៍​ជាតិ និង​អន្តរជាតិ​បានធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​លើ​ករណី​អំពើហិង្សា​នេះ ហើយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​គណបក្ស​ប្រជាជន​កម្ពុជា​គួរ​វែកមុខ​ជនដៃដល់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​យកមក​ផ្តន្ទាទោស​តាមច្បាប់​ស្របតាម​គោលការណ៍​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​។​

​ចំពោះមុខ​បញ្ហា​នេះ លោក បា​ស៊ី​ល ហ្វើ​ណាន់​ដូ នាយក​កម្មវិធី និង​ផែនការ​នៃ​គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី ប្រចាំ​ទីក្រុង​ហុងកុង បានចាត់ទុក​ការប្រើ​អំពើហិង្សា​ទៅលើ​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើតមាន​ក្នុងប្រទេស​កម្ពុជា គឺជា​អសន្តិសុខ​សង្គម​ធ្ងន់ធ្ងរ ហើយ​រុញច្រាន​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឱ្យ​ធ្លាក់​ទៅក្នុង​ភាពអាក្រក់​បំផុត​។ មន្ត្រី​សិទ្ធិមនុស្ស​ដដែល​នេះ​បាន​បញ្ជាក់ថា​ស្ថានភាព​នៃ​ការ​ចោមរោម​បង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ​ដោយ​ក្រុមបាតុករ​វា​ជាការ​រំលោភ​ធ្ងន់ធ្ងរ​ទៅលើ​សភា​ប្រជាធិបតេយ្យ​ខ្លួនឯង​ទៅវិញ​ទេ ហើយ​វា​ក៏​ជាការ​គំរាមកំហែង​មួយ​ទៅដល់​រដ្ឋសភា​ទាំងមូល​។ អាជ្ញាធរ​ត្រូវធ្វើ​ការស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់​ទៅលើ​ក្រុម​ជនដៃដល់ អ្នកកាង​ពីក្រោយ និង​បើកមុខ​អ្នករៀបចំ​ឲ្យ​មានការ​វាយប្រហារ​នេះ​។​

ចំណែក​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ដែរថា​ស្ថានទូត​សហរដ្ឋអាមេរិក​បានដឹង​ថា អ្នកនយោបាយ​២​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​ការវាយដំ នៅក្រៅ​វិមាន​រដ្ឋសភា​។ ការអនុវត្ត​សេរីភាព​ក្នុង​ការប្រមូល​ផ្តុំគ្នា និង​សេរីភាព​ក្នុងការ​និយាយស្តី​មិនមែនជា​ហេតុផល​ត្រឹមត្រូវ​សំរាប់​ប្រព្រឹត្ត​អំពើហិង្សា​ទេ ហើយ​យើង​សូម​ថ្កោលទោស​សកម្មភាព​ទាំងនេះ​។ យើង​សូម​អំពាវនាវ​អោយ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ពេញលេញ និង​ប្រកបដោយ​តម្លាភាព ទៅលើ​ការវាយដំ​ទាំងនេះ ដើម្បី​រក្សា​របៀបរៀបរយ នៅ​រដ្ឋសភាជាតិ និង​ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នកនយោបាយ​ពី​គ្រប់​គណបក្ស​ទាំងអស់​។​

​ជុំវិញ​បញ្ហា​នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា​ការរក្សាសន្តិសុខ​នៅ​រដ្ឋសភា ធូររលុង​ខុសពី​ធម្មតា មុន​ពេលដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​បាន​រង​ការវាយប្រហារ​ដ៏​ហិង្សា​លើ​រូប​កាយ​។ ក្នុងនាម​គណបក្ស​គណ​បក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ជឿថា ក្រសួងមហាផ្ទៃ​នឹង​ចាត់វិធានការ ដើម្បី​ការពារ​មុខមាត់​ប្រទេស​កម្ពុជា​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​វា​បានបង្ហាញ​ពី​ភាពអសន្តិសុខ​ធ្ងន់ធ្ងរ​នៅក្នុង​សង្គម​កម្ពុជា​ដែល​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​៕

violence_151026-2015-10-26 violence_151026-2015-10-26 - Copy