អាជ្ញាធរ​ខេត្តសៀមរាប បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​ឡើងៗ

ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​សៀមរាប បាន​រិះគន់ថា លោក ឃឹម ប៊ុន​សុង ជា​អភិបាល​ខេត្តសៀមរាប និង​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្ត​នេះ មិន​យកចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ផ្ទុយទៅវិញ​លោក ឃឹម ប៊ុន​សុង និង​លោក សត ណា​ឌី បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​កើតឡើង​កាន់តែច្រើន ជាពិសេស​អំពើចោរកម្ម​និង​គ្រឿងញៀន​។ ដូច្នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ជាបន្ទាន់​។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា​នៅ​ផ្សារ​មណ្ឌល​៣​មាន​វង់ល្បែង​អាប៉ោង​២​កន្លែង កំពុងដំណើរការ​យ៉ាង​រលូន​ដោយមាន​អ្នកចូលរួម​លេង​យ៉ាងច្រើន​កុះករ​ជា​រៀងរាល់ថ្ងៃ​។ សមត្ថកិច្ច​នគរបាល​សង្កាត់​ស្លក្រាម និង​នគរបាល​ក្រុង​សៀមរាប មិន​ចាត់វិធានការ​បង្ក្រាប​ល្បែង​អាប៉ោង​ទាំង​២​វង់​នោះទេ ធ្វើ​ឲ្យ​ម្ចាស់​វង់​អាប៉ោង​អាច​ប្រមូល​លុយ​ពី​អ្នក​ចាក់​បាន​យ៉ាង​ងាយស្រួល​។ ទីតាំង​វង់​អាប៉ោង​ទី​១​មាន​ម្ចាស់​ឈ្មោះ តា​ប៊ូល និង​ទី​២​មាន​ម្ចាស់​ឈ្មោះ តា​សាន ដែល​បាន​បើក​លេង​ច្រើន​ខែ​មកហើយ​នៅ​នឹង​មុខ​ភ្នែក​សមត្ថកិច្ច​តែម្ដង​។ វង់​អាប៉ោង​ទាំង​២​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម ព្រោះ​ករណី​ចោរលួច​ឆក់​ប្លន់​ក្នុង​ក្រុង​សៀមរាប មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។

តាម​ការអះអាង​របស់​អ្នក​ធ្លាប់​ទៅ​ចូលរួម​ចាក់​អាប៉ោង​នៅ​វង់​តា​សាន និង​តា​ប៊ូល បាន​ឲ្យ​ដឹងថា​ល្បែង​ខុសច្បាប់​នេះ​គ្មាន​ការអនុញ្ញាត​ពី​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ទេ ប៉ុន្តែ​ម្ចាស់​វង់​អាប៉ោង​បាន​បង់លុយ​ទៅ​ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ជាប្រចាំ ទើប​អាច​ដំណើរការបាន​រលូន​។ ប្រភពពី​ម្ចាស់​វង់​អាប៉ោង​ទាំង​២​ទីតាំង​បាន​ឲ្យ​ដឹង​ទៀតថា ពួកគេ​បើក​លេង​រយៈពេល​៣​ខែ​មកហើយ និង​មាន​ភាគហ៊ុន​ច្រើន​គ្នា​ផងដែរ ទើប​អាច​ដំណើរការ​បានយូរ​របៀប​នេះ​។ ប្រជាពលរដ្ឋ​សង្ស័យថា នគរបាល​សង្កាត់​និង​នគរបាល​ក្រុង​សៀមរាប ទទួលបាន​ផលប្រយោជន៍​ពី​តា​សាន​និង​តា​ប៊ូល យ៉ាង​គាប់ចិត្ត​ទើប​បណ្ដោយ​ឲ្យ​ពួកគេ​បើក​ល្បែង​ខុសច្បាប់​យ៉ាង​រលូន​។ ដូច្នេះ​លោក ឃឹម ប៊ុន​សុង និង​លោក សត ណា​ឌី គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ក្រុង​សៀមរាប​បច្ចុប្បន្ន មាន​បទល្មើស​ជាច្រើន​ដែល​កើតចេញពី​ល្បែងស៊ីសង​ដូចជា អំពើចោរកម្ម និង​គ្រឿងញៀន​ជាដើម​៕

10លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប sew-119 sew25