ស្ត្រី​ម្នាក់​បាន​ដឹក​ដៃ​ប្តី និង​កូនប្រុស​ម្នាក់ មកសុំ​ប្ដឹង​សមត្ថកិច្ច​សុំ​លែងលះ​ប្ដី​

ភ្នំពេញ:  ស្ត្រី​ម្នាក់​បាន​ដឹក​ដៃ​ប្តី និង​កូនប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់ មកសុំ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួលសង្កែ ពីបទ​សុំ​លែងលះ​ប្ដី​។​

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​​កើតឡើង​កាលពី​ព្រឹក ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ខណៈ​ប្តី​រូបនេះ​មាន​ស្រី​ថ្មី​ផ្សេងទៀត​។​

​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ស៊ុយ ធា​រិ​ន អាយុ​២៧​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ចំណែក​បុរស​ជា​ប្ដី​មាន​​ឈ្មោះ ផុន កុស​ល្យ អាយុ​២៨​ឆ្នាំ មាន​មុខរបរ​ជាជាង​សំណង់ស្នាក់នៅ​ភូមិ​ជ្រៃ ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្តសៀមរាប និង​មានកូន​ប្រុសម្នាក់​អាយុ​៤​ឆ្នាំ​។​

​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់ថា គាត់ និង​ប្ដី​បាន​គ្នា​រយៈពេល​៥​ឆ្នាំ​មកហើយ ដែលចំណងដៃ​នៃ​គូស្នេហ៍​អត់​ខាន់ស្លា​រវាង​គេ​ទាំង​២ ទទួលបាន​កូនប្រុស​ម្នាក់​អាយុ​៤ឆ្នាំ​។

​ស្ត្រី​ជា​ប្រពន្ធ​បន្តថា មួយ​រយះ​នេះ​ប្ដី​របស់គាត់​បាន​ទៅធ្វើ​ការ​ជាជាង​សំណង់​នៅឯខេត្តសៀមរាប ដោយ​មិនសូវ​ឲ្យ​លុយ​គាត់​ចិញ្ចឹម​កូន​នោះទេ ដែល​ខុសពីពេលមុន​។ ពេលដែល​ប្ដី​របស់គាត់​មាន​ស្រី​ផ្សេង​នោះ គឺ​ឧស្សាហ៍​ផ្ញើ​លុយ​មក​ឲ្យគាត់​ណាស់ ក្នុង​មួយអាទិត្យ​ម្ដង​ចំនួន​៦០​ដុល្លារ ខណៈ​ថ្មីៗ​នេះ រយៈពេល​ជាង​២​ខែមកហើយ​ដែល​ប្ដី​របស់គាត់​បានរស់នៅ​ជាមួយ​ស្រី​ផ្សេង ដោយ​ប្ដី​របស់គាត់​បានឆ្លើយ​សារភាពថា ពិតជា​មាន​មែន តែ​វា​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​ប្រុស​ទៅវិញព្រមទាំង​មិនដែល​ផ្ញើ​លុយ​មក​ឲ្យ​គាត់​ទេ តែបើ​ផ្ញើ​គឺ​ផ្ញើ​ត្រឹមតែ​១០​ម៉ឺន​រៀលប៉ុណ្ណោះ ក្នុង​មួយខែ មិន​ដូច​មុន​ឡើយ ធ្វើ​ឲ្យ​គាត់​មាន​ផល​ពិបាក​ក្នុង​ការរស់នៅយ៉ាងខ្លាំង ព្រោះ​រូបគាត់​ពុំទាន់​មានការ​ងារ​ធ្វើ ព្រមទាំង​គ្មាន​ប្រាក់​ចិញ្ចឹម​កូនទេ​។​

​ចំណែក​ខាង​ប្ដី​បាន​ឲ្យ​ដឹងថា ការ​មាន​ស្រី​ញី​វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​មនុស្ស​ប្រុសប្រសិនបើ​ដើរ​ឆ្ងាយ​។ បុរស​ជា​ប្ដី​បាន​បន្តថា ប្រពន្ធ​របស់គាត់​បាន​សុំ​លែងលះគាត់​យល់​ស្របតាម​ដោយ​មិន​ប្រកែក​ឡើយ ព្រោះ​រូបគាត់​ពិតជា​មាន​ស្រី​មែន​៕

 ជុំវិញ​ករណី​ខាងលើនេះ សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​បាន​ឲ្យ​ដឹងថា ក្នុងនាម​សមត្ថកិច្ចមូលដ្ឋាន​បាន​ត្រឹម​ណែនាំ​ឲ្យ​ទៅ​សាលាសង្កាត់​ដើម្បី​ធ្វើការ​សម្របសម្រួលនិង​មិនមាន​សិទ្ធ​ក្នុងការ​ដោះស្រាយ​ដោយ​សម្រេច​ឲ្យ​ប្ដី ឬ​ប្រពន្ធលែងលះគ្នា​បានឡើយ ព្រោះ​មានតែ​អាជ្ញាធរ ឬ​ស្ថាប័ន​តុលាការ​ប៉ុណ្ណោះ​ទើបហ៊ាន​សម្រេច​ក្នុង​រឿង​ប្ដី​ប្រពន្ធ​ត្រូវ​លែងលះគ្នា​នោះបាន​៕​

ស្ត្រី​ម្នាក់​បាន​ដឹក​ដៃ​ប្តី និង​កូនប្រុស​ម្នាក់ មកសុំ​ប្ដឹង​សមត្ថកិច្ច​សុំ​លែងលះ​ប្ដី​