ស៊ឹម ថៃ​ណា បាត់​មុខ​បី​ឆ្នាំ​វិល​វិញ ប្លែក​មើល​សឹង​មិន​ស្គាល់

Sanofi

ស៊ឹម ថៃ​ណា បាន​បាត់​មុខ​ពី​ពិភព​សិល្បៈ អស់​រយៈពេល​ជាង​បី​ឆ្នាំ​មកហើយ ទស្សនិកជន​ដែល​ស្នេហាវិស័យ​សិល្បៈ​គិតថា នាង​ច្បាស់​ជា​រៀបការ​មានគ្រួសារ​ហើយ បោះបង់​អាជីព​នេះ ចោល​ទៅហើយ ។​តែទោះជា​យ៉ាងណាក្តី ស៊ឹម ថៃ​ណា បានបង្ហាញ​មុខ មាត់​ឡើងវិញ នៅលើ​ឆាក​ប្រគុំ​តន្ត្រី​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ វត្តមាន​របស់​នាង​ពិតជា​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាមួយនិង​រូបរាង​និង​ម៉ូដ​សក់​ថ្មី ហើយ​ប្លែក ធ្វើ​ឲ្យ​គ្រប់គ្នា​មើល​នាង​សឹងតែ​មិន​ស្គាល់ ។

ស៊ឹម ថៃ​ណា នៅ​មិនទាន់​រៀបការ​មានគូស្រករ​នៅឡើយ មូលហេតុ​ដែល​នាង បាត់​មុខ​អស់​រយៈពេល​ជាង​បី​ឆ្នាំ​មកនេះ ដោយសារ​នាង​ធាត់​បែក​សាច់​ទ្រលុកទ្រលន់ មិនមាន​សម្រស់ និង​មិនមាន​បទ​ចម្រៀង​ណា​បង្ហាញ​ទស្សនិកជន​ផង​នោះ ទើប​នាង​សុខ ចិត្ត​ស​ង្ងំ​លាក់ខ្លួន​និង​ចេញ​ច្រៀង​តាម​ក្លឹប​កំសាន្ត នាពេល​រាត្រី​តែប៉ុណ្ណោះ ។​

​វត្តមាន​ថ្មី​របស់ ស៊ឹម ថៃ​ណា ពិតជា​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ពីព្រោះ​នាង​បាន​លេង​ម៉ូដ​សក់​ខ្លី​ពណ៌​ទង់ដែង​ដូច​នារី​អឺរ៉ុប អ្នកទស្សនា​ផ្ទាល់ មើល​នាង​សឹង តែ​មិន​ស្គាល់ ។​ស៊ឹម ថៃ​ណា បាន​ឲ្យ​ដឹងថា បាត់​មុខ​បី​ឆ្នាំ​ហើយ ដូច្នេះ​ពេល​ត្រឡប់មកវិញ ត្រូវធ្វើ​អ្វី ឲ្យ​ប្លែក ។ ស៊ឹម ថៃ​ណា បាន​ព្យាយាម​សម្រក​ទម្ងន់​របស់​ខ្លូន អស់​ជាច្រើន​គីឡូក្រាម ទើប​នាង​ហ៊ាន​វិលត្រឡប់​មកវិញ ។

គួរបញ្ជាក់​ផងដែរ​ថា ពេលនេះ ស៊ឹម ថៃ​ណា បាន​វិលត្រឡប់​ចូលទៅ​ច្រៀង​នៅ ក្នុង​ផលិតកម្ម M វិញ​ហើយ បទ​ចម្រៀង​ថ្មី​របស់​នាង ដែល​ទើបនឹង​ចេញលក់​នៅលើ​ទីផ្សារ​នា​ប៉ុន្មាន​ថ្ងៃនេះ កំពុង​ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​សំណាក់ មិត្ត​យុវវ័យ​ជាពិសេស​គឺ​បទ​ចម្រៀង​មួយ​បទ ដែលមាន​ចំណងជើង​ថា «​បេះដូង​នៅតែ​ឆ្កួត » ….​។

ស៊ឹម ថៃ​ណា សង្ឃឹមថា វត្តមាន​ថ្មី​និង​បទ​ចម្រៀង​ថ្មី​របស់​នាង​អាច​នឹង ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​នាង​ឡើងវិញ បន្ទាប់ពី​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាង បី​ឆ្នាំ​មក​នោះ​។ ក្រោយពី​បង្ហាញមុខ​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​នៃ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ស៊ឹម ថៃ​ណា គ្រោង​នឹង​បង្ហាញ​មុខមាត់​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​តាម​កញ្ចក់​ទូរទស្សន៍​ផ្សេងៗ​ជា​បន្តបន្ទាប់​ទៀត​។ ហើយ​នាង​មាន​គម្រោង​នឹង​ចេញ​សម្តែង​តាម​បណ្តា​ខេត្ត​នានា ទៅតាម​ការអញ្ជើញ​រប​ស់ ក្រុមហ៊ុន​មួយចំនួន ។ អា​លី​ណា

Related