កូនភ្លោះ​ស្រី​៣​នាក់​កើត​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ​នៅ​ស្រុក​ថ្ពង

ខេត្ត​កំពង់ស្ពឺ ៖ ​​ស្ត្រី​ម្នាក់​សម្រាល​បានកូន​ភ្លោះ​ស្រី​ចំនួន​៣​នាក់ ​ហើយ​ពួក​គេ​មាន​សុខភាព​ល្អទៀត​។ ហេតុ​ការណ៍​នេះ​ធ្វើ​ឱ្យមានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ទៅ​ចោមរោម​មើល ​បន្ទាប់​ពី​គាត់​បាន​ចាក​ចេញពី​មណ្ឌល​សុខភាព​កាល​ពីព្រឹក​ថ្ងៃ​ទី​២៧ តុលា នៅភូមិ​ដុំ​ខ្វិត ឃុំ​វាល​ពន់ ស្រុក​ថ្ពង ​។

ស្ត្រី​ជា​ម្ដាយ​កូនភ្លោះ​នោះ​ឈ្មោះ​ជិន រឿ​ន អាយុ​៣៧​ឆ្នាំ ចំណែក​ប្តី​ដែល​ជា​ឪពុក​ទារិកា​ទាំង​៣​ឈ្មោះ​អ៊ុ​ក ធូ អាយុ​៣៧ឆ្នាំ​។

តាម​ការ​រៀបរាប់​របស់​ស្រី្ត​ឈ្មោះ​ជិន​ រឿ​ន​ បានឱ្យដឹង​ថា​ រូប​គាត់​មានកូន​៦​នាក់​មក​ហើយ​ ការ​ព​ពោះ​កូន​នេះ​ជា​កូន​ទី​៧ ​តែ​អំឡុង​ពេល​ពពោះ​មិន​ដែល​សូវ​បាន​ទៅ​ពិនិត្យ​សុខភាព​នោះ​ទេ​ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៥ ​តុលា​២០១៥ ​រូប​គាត់​មាន​អាការ​ឈឺពោះ​ក៏​បានឱ្យ​ប្តី​ជូន​ទៅ​មណ្ឌល​សុខភាព​ដុំ​ខ្វិត​ដើម្បី​សំរាលកូន​។​

នៅ​ពេល​​សំរាល​​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា​ កូន​របស់​គាត់​ភ្លោះ​ដល់​ទៅ​៣នាក់​ធ្វើ​ឱ្យគាត់​មាន​កម្លាំងចិត្ត​រឹតតែ​ខ្លាំង ​និង​ខំ​បង្កើតកូន​រហូត​ឆ្លង​ផុត​គ្រោះថ្នាក់​មួយ​នេះ​។ ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ដុំ​ខ្វិត​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ​កូនភ្លោះ​ទាំង​៣​ដែល​មក​ចាប់កំណើត​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ​នេះ​មាន​សុខភាព​ល្អ​ណាស់​។​ ក្រុម​គ្រូពេទ្យ​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ណាស់​ក្នុង​កា​រស​ង្ក្រោះ​ស្ត្រី​ដែល​ព​​ពោះ​កូនភ្លោះ​៣​នាក់​នេះ​។

ស្ត្រី​ជា​ម្តាយកូន​ភ្លោះ​ទាំង​៣​នាក់​បាន​អំពាវនាវ​ដល់​សប្បុរសជន​សូម​ជួយ​ផ្តល់​ថវិកា​ក៏​ដូច​ជា​គ្រឿង​ហូប​ចុក​ដល់​គ្រួសារ​គាត់​ផង​ដើម្បី​មាន​សុខភាព​បំបៅ​ដោះ​កូន​ទាំង​៣​។ សូម​រំលឹក​ថា​ ជា​និច្ច​កាលបើ​មានគ្រួសារ​ណាមួយ​កើតបាន​កូន​​ភ្លោះ​៣​នាក់​នោះ គឺ​សម្តេច​តេ​ជោ​នឹង​ជួយ​ចិញ្ចឹម​បីបាច់​ថែរក្សា​ដល់​កូនភ្លោះ​ទាំង​៣​នេះ​៕​