យុវជន ញ៉ី​វ បូរ៉ា ថា​ខ្លួន​មានសំណាង​ដែល​ចេះ​ចម្លាក់​ស្បែក

សៀមរាប៖ យុវជន ញ៉ី​វ បូរ៉ា ជាជាង​ចម្លាក់​ស្បែក។ បូរ៉ា កំពុង​មមាញឹក​នឹង​ការ​គូររូប​នៅលើ​ស្បែក​គោ ក្នុង​តូប​មួយកន្លែង​នៅ​ខ្លោងទ្វារ​ខាងលិច នៃ​ប្រាសាទព្រះខ័ន។ យុវជន បូរ៉ា ហាក់​មាន​មោទនភាព​ណាស់ នៅក្នុង​អាជីព​ជាជាង​ចម្លាក់​ស្បែក​គោ។ បូរ៉ា ចង់ឃើញក្មេងៗជំនាន់ក្រោយៗ រៀន​ចេះដឹង​លើ​សិល្បៈ​ខ្មែរ​បុរាណ​នេះ។ ការអភិរក្ស​ចម្លាក់​ស្បែក ជា​អ្វីដែល​យុវជន បូរ៉ា ចង់ឃើញ​ទៅ​ថ្ងៃក្រោយ។

មាន​ទឹកមុខ​រាក់ទាក់ សម្បុរ​ស្រអែម យុវជន ញ៉ី​វ បូរ៉ា មាន​ដើមកំណើត​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន បូរ៉ា កំពុង​ប្រក​បរបរ​ឆ្លាក់​ស្បែក នៅ​ខាងលិច​ខ្លោងទ្វារ​ប្រាសាទព្រះខ័ន។  នៅ​ទីនោះ បូរ៉ា កំពុង​ញាប់ដៃ​ទៅនឹង​ការ​ឆ្លាក់​ស្បែក។

តាមរយៈ​បទសម្ភាសន៍​នឹង​អ្នកសារព័ត៌មាន បូរ៉ា បាន​រម្លឹក​ពី​ដើមទង ដែល​ធ្វើ​ឲ្យ​គេ​ចេះ​ចម្លាក់​ស្បែ​កថា បាន​រៀន​ជំនាញ​នេះ តាំងពី​ខ្លួនគេ​មាន​អាយុ១៣ឆ្នាំ។ ជា​កូនកំព្រា និង​មាន​ម្តាយ​ទីទាល់ក្រ ជា​ឳ​កាស​ធ្វើ​ឲ្យ​បូរ៉ា បាន​ចូលរៀន​នៅ​សាលា​ចម្លាក់​ស្បែក សិល្បៈ​បាគង។ បូរ៉ា បញ្ជាក់ថា៖« នៅ​សាលា​នោះ ទាល់តែ​ជា​ក្មេង​កំព្រា និង​ក្រីក្រ ទើប​ចូលរៀន​បាន។ គេ​ប្រមូល​ក្មេង​កំព្រា​មក​បណ្តុះបណ្តាល ដើម្បី​រកលុយ​ទៅ​រៀន​បន្ត»។

ជា​កូន​ទី៣ ក្នុងចំណោម​បងប្អូន៤នាក់ បច្ចុប្បន្ន បូរ៉ា មាន​អាយុ២៣ឆ្នាំ​ហើយ។ បូរ៉ា មានលទ្ធភាព​អាច​ផ្គត់ផ្គង់​ជីវភាព​ក្រុមគ្រួសារ តាមរយៈ​ការលក់​គំនូរ​របស់ខ្លួន។ ចម្លាក់​ស្បែក ដែលជា​វប្បធម៌​សិល្បៈ​មួយ​របស់​ខ្មែរ ត្រូវបាន​ភ្ញៀវ​បរទេស​មួយចំនួន​ឲ្យ​តម្លៃ ហើយ​បាន​ចូល​ទិញ​ច្រើន​គួរសម នៅពេល​ពួកគេ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប។
យុវជន ញ៉ី​វ បូរ៉ា ថា​ខ្លួន​មានសំណាង​ដែល​ចេះ​ចម្លាក់​ស្បែក
សម្រាប់ បូរ៉ា រូប​របស់គេ​អាច​លក់បាន​ក្នុងតម្លៃ​ចន្លោះ​ពី២០ដុល្លារ​ឡើងទៅ តាម​ទំហំ​រូប មាន​រូប​ខ្លះ មានតម្លៃ​រាប់រយ​ដុល្លារ​ក៏មាន។ បូរ៉ា រៀបរាប់​ពី​ការ​ឆ្លាក់​ស្បែក​យ៉ាង​ដូច្នេះ​ថា៖« ដំបូង​យើង​ដើរ​ទិញ​ស្បែក​គោ​ស្រ​ល់ពី​បងប្អូន​ចាម។ ក្នុង​មួយ​គីឡូ តម្លៃ​ពី៦ពាន់ ឫ​ដុល្លារ ហើយ​យកមក​ចៀរ​ខ្លាញ់​ចេញ ហើយ​ទាញ​ចង​ហាលថ្ងៃ ពី៣ទៅ៤ថ្ងៃ ទើប​ស្បែក​នោះ​ស្ងួត»។ ដោយឡែក ការ​គូរ​ក៏​ទៅតាម​នោះដែរ។ វា​អាស្រ័យ​លើ​ទំហំ​ស្បែក​គោ​តូច​ឫ​ធំ។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​បូរ៉ា។

ទាក់ទង​នឹង​សិល្បៈ​ចម្លាក់ គឺជា​សិល្បៈ​មួយ ដែល​ពុំ​សូវ​មាន​អ្នកណា​ចេះ​នោះទេ។ ដោយសារ​កត្តា​នេះហើយ ទើប​យុវជន បូរ៉ា ស្នើ​ឲ្យ​មានការ​អភិរក្ស និង​ចង់ឃើញ​យុវជន​ជំនាន់ក្រោយៗ រៀន​ចេះ​នូវ​ជំនាញ​មួយ​នេះ។ បូរ៉ា និយាយ​ទាំង​ញញឹម​ថា ខ្លួន​ពិតជា​មានសំណាង ដែល​កើត​មកជា​កូន​ខ្មែរ ហើយ​បាន​ចេះ​ចម្លាក់​ស្បែក​នេះ៕
យុវជន ញ៉ី​វ បូរ៉ា ថា​ខ្លួន​មានសំណាង​ដែល​ចេះ​ចម្លាក់​ស្បែក

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​