សេចក្តី​ប្រកាស​ព័ត៌មាន

នា​ថ្ងៃ​ទី​២៧ តុលា ២០១៥ វេលា​ម៉ោង​៨​និង​៣០​ព្រឹក នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ មាន​បើក​សិក្ខាសាលា​ស្តី​ពី​កម្រង​អត្ថបទ​នីតិវិធី​បញ្ចេញ​ទំនិញ​ពី​គយ និង​លទ្ធផល​ការ​សិក្សា​ប្រព័ន្ធ​តាមដាន​ទំនិញ ដែល​រៀបចំ​ឡើង​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុង​គោលបំណង​សំខាន់​ៗ​ចំនួន​៣ គឺ ទី​១-​ចែក​ផ្សាយ​នូវ​សៀវភៅ​កម្រង​អត្ថបទ​ស្តី​ពី​នីតិវិធី​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​ដែល​ទើបនឹង​បោះពុម្ព​រួច ទី​២-​ពិភាក្សា​លទ្ធផល​នៃ​ការ​សិក្សា​លើ​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយ​រណប​តាមដាន​ទំនិញ​ដែល​ដឹក​ជញ្ជូន​តាម​របប​គយ​ឆ្លងកាត់ និង​ទី​៣-​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គេហទំព័រ​ថ្មី​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

សិក្ខាសាលា​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​តំណាង​ក្រសួង​នានា​នៃ​រាជរដ្ឋាភិបាល អាជ្ញាធរ​កំពង់​ផែ ធុរជន​នាំ​ចេញ​នាំ​ចូល​វិស័យ​ឯកជន​ពាក់ព័ន្ធ​ផ្សេង​ទៀត មន្ត្រី​គយ និង​រដ្ឋាករ ព្រមទាំង​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ផង​ដែរ​។
ថ្លែង​ក្នុង​សុន្ទរកថា​បើក ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម បាន​គូសបញ្ជាក់​អំពី​ផលប្រយោជន៍​នៃ​សៀវភៅ​កម្រង​អត្ថបទ​ស្តី​ពី​នីតិវិធី​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​ថា ជា​មធ្យោបាយ​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​យន្តការ​នានា ដើម្បី​ផ្សព្វផ្សាយ​បង្កើន​ការ​យល់​ដឹង​របស់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​វិស័យ​ឯកជន​អំពី​បទ​ប្បញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន​នានា ពាក់ព័ន្ធ​នឹង​ការ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​។ ដោយឡែក​លទ្ធផល​នៃ​ការ​សិក្សា​ប្រព័ន្ធ​តាមដាន​ទំនិញ (Cargo Tracking System) គឺជា​មូលដ្ឋាន​គ្រឹះ ដើម្បី​ឈាន​ទៅ​អនុវត្ត​មុខងារ​ឆ្លងកាត់​របស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ ស្រប​តាម​ឧត្តរ​មា​នុ​វត្ត​ន៍​អន្តជាតិ​ផង សំដៅ​លើកកម្ពស់​បន្ថែម​ទៀត​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​កម្ពុជា​។

នា​ឱកាស​នេះ​ដែរ ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម ក៏​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គេហទំព័រ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​ទើបនឹង​ត្រូវ​បាន​កែ​លម្អ​ឲ្យ​មាន​លក្ខណៈ​ទំនើប ដោយ​មាន​ព័ត៌មាន​សំបូរ​បែប ស្រប​តាម​ស្តង់ដារ​អន្តរជាតិ និង​ឆ្លើយ​តប​ចំពោះ​តម្រូវការ​របស់​សាធារណជន ជា​ពិសេស​គឺ​វិស័យ​ឯកជន​។

បន្ទាប់​មក តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ធ្វើ​បទ​បង្ហាញ​អំពី​សៀវភៅ​កម្រង​អត្ថបទ​ពាក់ព័ន្ធ​នឹង​មាតិកា ខ្លឹមសារ​អត្ថបទ អត្ថប្រយោជន៍ និង​របៀប​ស្វែងរក​ព័ត៌មាន​ក្នុង​អត្ថបទ​នោះ លទ្ធផល​នៃ​ការ​សិក្សា​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​សិក្សា​លើ​ប្រព័ន្ធ​តាមដាន​ទំនិញ (Cargo Tracking System) និង​លទ្ធភាព​នៃ​ការ​អនុវត្ត​ប្រព័ន្ធ​នេះ នៅ​កម្ពុជា ព្រមទាំង​ស្ថានភាព​នៃ​ការ​អនុវត្ត​នីតិវិធី​ឆ្លងកាត់​គយ​អាស៊ាន​នៅ​កម្ពុជា និង​ដំណើរការ​អភិវឌ្ឍ​មុខងារ​ឆ្លងកាត់​របស់​ប្រព័ន្ធ​អាស៊ី​គូ​ដា​។

សិក្ខាសាលា​នេះ បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១២:០០​នាទី​នៃ​ថ្ងៃ​ដដែល​ក្រោម​បរិយាកាស​ការងារ និង​ស្និទ្ធស្នាល​។