លោក កឹម សុខាថា រាជរដ្ឋាភិបាល សមត្ថកិច្ចខ្វះការ ទទួលខុសត្រូវ ចំពោះករណីបាតុករ ព្រួតវាយតំណាងរាស្រ្ត ២រូបនិងគប់ដុំថ្ម

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្ស សង្រ្គោះជាតិ លោក កឹម សុខា ដែលជាសាម៉ីខ្លួន នាំឲ្យមានការផ្ទុះបាតុកម្មនោះ បានចេញមកប្រតិកម្ម និងរិះគន់ចំពោះរាជរដ្ឋាភិបាល និងសមត្ថកិច្ច ដែលគ្មានការទទួលខុសត្រូវ ចំពោះហេតុ ការណ៍ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដែលក្រុមបាតុករ វាយតំណាងរាស្រ្ត២រូបឲ្យរងរបួស និងមានមួយ ក្រុមគប់ដុំថ្មចូលផ្ទះរបស់លោក។

ក្រុមបាតុករប្រមាណជា៥០០០នាក់ កាលពីថ្ងៃទី២៦ តុលា បាននាំគ្នាធ្វើមហាបាតុកម្មប្រឆាំង លោក កឹម សុខា នៅមុខរដ្ឋសភា ក្នុងគោលបំណងទាមទារឲ្យលោកចុះចេញពីដំណែង ។ ក្នុងនោះក្រុមបាតុករ បានប្រមូលផ្តុំ ជាក្រុមដោយមានការចងក្រមានឹងចង្កេះ ពាក់មួកការពារសុវត្ថិភាព ផងដែរ។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក កឹម សុខា បានឲ្យដឹងថា “កាលពីថ្ងៃទី២៦ តុលា ២០១៥ នេះ ជនពាលមួយក្រុមបានមកពទ្ធ័គេហដ្ឋានរបស់ខ្ញុំ ហើយបានប្រើអំពើហិង្សា ដោយមានការគប់ដំថ្មចូល ក្នុងរបងផ្ទះខ្ញុំ បណ្តាលឲ្យភរិយារបស់ខ្ញុំត្រូវជាប់ក្នុងផ្ទះអស់រយៈពេល៦ម៉ោង ដោយពុំមានការជួយអន្តរាគមន៍ ពីសមត្ថកិច្ច ទោះជាមានការស្នើសុំពីសំណាក់យើងខ្ញុំក៏ដោយ”។

លោកសរសេរបន្តថា “នេះគឺជាភាពខ្វះការទទួលខុសត្រូវ របស់សមត្ថកិច្ចនិងរាជរដ្ឋាភិបាល ដែលមាន តួនាទីការពារសុវត្ថិភាព សាធារណៈដោយមិនរើសអើងនិន្នាការ ។ អាស្រ័យហេតុនេះហើយ ខ្ញុំសំណូមពរ ឲ្យសមត្ថកិច្ចស្វែងរកជនដៃដល់ និងស៊ើបអង្កេត រកជននៅពីក្រោយខ្នងនិងពាក់ពទ្ធ័អំពើហិង្សានេះមកផ្តន្ទាទោស ដើម្បីចៀសវាងកុំឲ្យប្រជាពលរដ្ឋកាន់តែអស់ជំនឿលើប្រពន្ធ័យុត្តិធម៌ និង រាជរដ្ឋាភិបាល។ សូមចាំទុកថា សុវត្ថិភាពរបស់បុគ្គលគ្រប់រូប មិនថាមកពីគណបក្សណា គឺជាទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាល។ ដូច្នេះ សូមរាជរដ្ឋាភិបាល បង្ហាញនូវសមត្ថភាពនិងសុឆន្ទៈក្នុងការបំពេញតួនាទីរបស់ខ្លួន ដោយឥតលក្ខ័ណ្ឌ”៕