នៅពេល​មាន​ផ្ទៃពោះ​ឈឺក្បាល គួរតែ​ធ្វើ​ដូចម្តេច​?

នៅពេល​មាន​ផ្ទៃពោះ​ឈឺក្បាល គួរតែ​ធ្វើ​ដូចម្តេច​?

នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ហើយ​មាន​ជំងឺ​កើតឡើង​មិន​ថា​ធ្ងន់ ឬ​ស្រាល អ្នក​មិន​អាច​ប្រើ​ថ្នាំ​ផ្តេសផ្តាស​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ខ្លាំងណាស់ ដូចនេះ​បើ​អ្នក​ឈឺក្បាល​នៅពេល​មាន​ផ្ទៃពោះ ក្រៅពី​ប្រើ​ថ្នាំ តើ​មាន​វិធី​អ្វី​ក្នុង​ការបំបាត់​នោះ​?

ស្អំ​កន្សែង​ក្តៅ ឬ​ត្រជាក់​
អ្នក​អាច​យក​កន្សែង​ត្រជាក់​មក​ស្អំ​លើ​ថ្ងាស​របស់​អ្នក​ចំនួន​២០​នាទី​បាន នោះ​វា​នឹង​ធ្វើឲ្យ​ឈាម​នៃ​ខួរក្បាល​អ្នក​ដើរ​បាន​ស្រួល ហើយ​សរសៃ​នៃ​ខួរក្បាល​មិនសូវ​កន្ត្រាក់ នោះ​វា​នឹង​មិន​សូវ​ធ្វើឲ្យ​អ្នក​ឈឺ​ខ្លាំង​នោះទេ តែ​ក្រោយ​ពេល​ដែល​អ្នក​ស្អំ​រួច អ្នក​ត្រូវ​តែ​យក​កន្សែង​ស្ងួត​មក​ជូត​ឲ្យ​ស្ងួត​ទើបបាន អ្នក​ក៏​អាច​ប្រើ​កន្សែង​ក្តៅ​មក​ស្អំ​បានដែរ នោះ​វា​នឹង​ជួយ​ឲ្យ​ខួរក្បាល​អ្នក​មិនសូវ​មាន​សំពាធ ដូចនេះ​អ្នកនឹង​មិនមាន​អា​ការៈឈឺ​ក្បាល​ទៀត​ទេ ប៉ុន្តែ​កន្សែង​មិន​ត្រូវ​ក្តៅ​ពេក​ទេ វា​នឹង​អាច​ធ្វើឲ្យ​អ្នក​រលាក​បាន​។​

ងូតទឹ​កក្តៅ​
នៅពេល​ដែល​អ្នក​ឈឺក្បាល អ្នក​អាច​ងូតទឹក​ក្តៅ​បាន ព្រោះ​វា​អាច​ធ្វើឲ្យ​សរសៃឈាម​អ្នក​ដើរ​បាន​ស្រួល ជាងនេះទៅទៀត​វា​អាច​ជួយ​បន្ធូរ​សាច់ដុំ​នៃ​រាងកាយ​អ្នក​មិនសូវ​តឹង​បាន ដូចនេះ​អ្នកនឹង​អាច​បាត់​នូវ​អា​ការៈឈឺ​ក្បាល​នេះ​បាន ប៉ុន្តែ​អ្នក​មិន​ត្រូវ​ងូត​ច្រើនដង ហើយ​យូរពេក​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន និង​អ្នក​ខ្លាំងណាស់​។​

ហាត់ប្រាណ​
អ្នក​អាច​សាកល្បង​ដើរទៅ​សួរ​ច្បារ​បាន ព្រោះ​នៅពេល​ដែល​អ្នក​ដើរទៅ​សួរ​ច្បារ អ្នក​អាច​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​បាន មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​អាច​គយគន់​ផ្កា និង​ធម្មជាតិ​បាន​ទៀត​ផង ដូចនេះ​វា​នឹង​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ស្រស់ស្រាយ ហើយ​មិន​ឈឺ​ក្បាល​ទៀត​ទេ ជាងនេះទៅទៀត អ្នក​អាច​ហាត់ប្រាណ​ដោយ​ប្រើ​ចលនា​ផ្សេងៗ​បាន នោះ​វា​នឹង​ជួយ​អ្នក​បំបាត់​នូវ​អា​ការៈ​នោះ​ដូច​គ្នា​។​

បរិភោគ​បង្អែម​ខ្លះ និង​ផឹកទឹក​ឲ្យ​ច្រើន​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ហើយ​កម្រិត​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នកទាប វា​អាច​ធ្វើឲ្យ​អ្នក​ឈឺ​ក្បាល​ដូចគ្នា ដូចនេះ​អ្នក​អាច​បរិភោគ​បង្អែម​បន្តិច​បាន តែ​មិន​ត្រូវ​ច្រើន​ទេ ជាងនេះទៅទៀត​អ្នក​ត្រូវតែ​ផឹកទឹក​ឲ្យ​ច្រើន អាច​ផឹក​ទឹកដោះគោ ទឹក​ទំពាំងបាយជូរ ឬ​ទឹក​ផ្លែឈើ​ស្រស់ វា​សុទ្ធតែ​អាច​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ និង​កូន​អាច​មាន​សុខភាព​ល្អ​ដូចគ្នា​។​

គេង​ឲ្យ​គ្រប់​
អ្នក​ត្រូវ​តែ​គេង​ឲ្យ​គ្រប់ មិន​ត្រូវ​នឿយហត់​ពេក​ទេ ហើយ​អ្នក​មិន​ត្រូវ​អង្គុយ​យូរ​ពេក​ទេ ត្រូវតែ​ងើប​ឡើងមក​ដើរ​ខ្លះ ដើម្បី​ឲ្យ​ឈាម​ដើរ​បាន​ស្រួល ទើប​មិន​ងាយ​ឈឺក្បាល ហើយ​ថែមទាំង​អាច​ធ្វើ​ឲ្យ​កូន​អ្នក​មាន​សុខភាព​ល្អ​ទៀតផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។