រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​បង្កើត​គណៈកម្មកា​រ ស្រាវជ្រាវ​ករណី​មនុស្ស​មួយក្រុម ដែល​ប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​២៧​តុលា​នេះ ឲ្យ​ដឹងថា ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត​គណៈ​កម្ម​មួយ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ស្វែងរក​ចាប់ខ្លួន​ករណី​មនុស្ស​មួយក្រុម​ដែល​បាន​ព្រួត​គ្នា​ប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​រូប បណ្តាល​ឲ្យ​រងរបួស នៅពេលដែល​ជិះ​រថយន្ត​ចេញពី​ប្រជុំ​សភា កាលពី​ថ្ងៃទី​២៦​តុលា​។ ការស្រាវជ្រាវ​នោះ ដើម្បី​ចាប់​ជនល្មើស បញ្ជូនទៅ​តុលាការ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។​

​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត ករណី​មនុស្ស​មួយក្រុម​ប្រើ​ដែល​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺមាន​លោក ឯម សំអាន ជា​ប្រធាន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ ជា​អនុប្រធាន រួមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួនទៀត​ជា​សមាជិក​។​

​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រងរបួស​ដោយ​ការវាយប្រហារ​ពី​មនុស្ស​មួយក្រុម នៅមុខ​វិមាន​រដ្ឋសភា គឺ​លោក ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម និង​លោក គង់ សុភា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​។  នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥​នេះ ដោយសារ​មាន​របួសធ្ងន់ មាន​បាក់ឆ្អឹង​ជាច្រើន​កន្លែង​នោះ គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​បញ្ជូន​អ្នកតំណាងរាស្ត្រ​ទាំងពីរ​រូប​ទៅ​ព្យាបាល នៅ​ប្រទេស​ថៃ​៕​