ជម្លោះ​ក្នុ​ង​វង់​ផឹក​ស៊ីផ្ទុះ​ហិង្សា​កាប់​ស្លាប់​ម្នាក់​លើ​ទឹក​ដី​ថៃ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​លើ​ទឹកដី​ថៃ​ដោយសារ​ជន​ដៃដល់​ជា​ពលករ​ខ្មែរ​ដូច​គ្នា​កាប់​ជា​ច្រើន​កាំបិត​ក្នុង​វង់​ផឹកស៊ី​ កាលពី​វេលា​ម៉ោងជាង​៤​រសៀល ​ថ្ងៃ​ទី២៥ ​តុលា​ ២០១៥ នៅ​ខេត្ត​សាមុទ្រ​ប្រា​កាន​។

ជន​រង​គ្រោះ​ឈ្មោះ​ឆែម ​រី​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ​ និង​មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម​លិច​ សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​​។

ឈ្មោះ​ទិ​ត្យ​​ ផ​ល្ល័​ក្ខ ​អាយុ​២៥ឆ្នាំ ​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ប្រាប់​តាម​ទូរស័ព្ទ​​នៅ​រសៀល​ថ្ងៃ​ទី​២៧នេះ​ថា​ នាង​មិន​បាន​ស្ថិត​ក្នុង​ហេតុ​ការ​ណ៍​ទេ​នៅ​ពេល​ដែល​ប្តី​របស់​នាង​ត្រូវ​ជន​ដៃដល់​កាប់សម្លាប់​នោះ​។ នាង​បន្ត​ថា ​មុន​ហេតុ​ការ​ណ៍កើតឡើង​ប្តី​របស់​នាង​ត្រូវ​មិត្ត​ភក្តិ​ហៅ​ផឹកស្រា ​ក្នុង​នោះ​ក៏​មាន​ជនសង្ស័យ​ចូល​វង់​ផឹកស៊ី​ដែរ ​លុះ​ប្តី​នាង​សុំ​ទៅ​សម្រាក​ស្រាប់តែ​ជន​ដៃដល់​បង្កបញ្ហា​រហូត​កើតជា​ជម្លោះ​ ដោយ​ជន​នោះ​តាម​កាប់​ប្តី​នាង​ដែល​កំពុង​រត់ឡើង​ទៅ​ជាន់​ទី​២កន្លែង​អគារ​ស្នាក់​នៅ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្តង​។

ស្ត្រី​ខាងលើ​បន្ត​ថា ​ជន​ដៃដល់​ក្រោយ​កើតហេតុ​បានរ​ត់ទៅ​លាក់ខ្លួន​ក្នុង​បន្ទប់​មួយ​នៃ​អគារ​កន្លែង​កើត​ហេតុ តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ឆែកឆេរ​ចាប់ខ្លួន​បាន​ហើយ​។ នាង​បន្ត​ថា​ ចង់​យក​សព​ប្តី​ត្រឡប់​មក​ស្រុក​វិញ ​ប៉ុន្តែ​គ្មាន​ប្រាក់​ ព្រោះ​ថ្លៃ​ដឹក​ជញ្ជូន​គេ​ទារ​រហូត​13.000 បាត​(​មួយ​ម៉ឺន​បី​ពាន់​បាត​)​។

ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ថា ​នៅ​ពេល​សម្រេច​បូជាសព​ប្តី​លើ​ទឹកដី​ថៃ​បែរ​ជា​ជួប​បញ្ហា​មួយ​ថែម​ទៀត​ គឺ​ប័ណ្ណ​ស៊ី​ជម្ពូ​របស់​នាង​ និង​ប្តី​បាត់​អស់​រក​មិនឃើញ​ ហើយ​ភាគី​ថៃ​កំពុង​ឲ្យ​ធ្វើ​ឯកសារ​ពី​សាវតា​ជន​រង​គ្រោះ​ទើប​គេ​ហ៊ាន​បូជា​។

នៅ​រសៀល​ថ្ងៃ​ទី​២៧ ​តុលា​​ ស្ត្រី​ខាងលើ​បាន​យំយែក​ដង្ហោយ​រក​យុត្តិធម៌​និង​អំពា​នាវ​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​កម្ពុជា ​ពិសេស​មន្ត្រី​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​មេត្តា​ជួយ​នាង​ផង​ ព្រោះ​មក​ទល់​នឹង​ម៉ោង​២​រសៀល​ថ្ងៃ​ទី២៧ នេះ​ហើយ​សព​នៅ​មិន​ទាន់​បាន​បូជា​ទៀត​។

នាង​ប្រាប់​ថា​ បាន​ទាក់ទង​ទូរស័ព្ទ​ទៅ​មន្ត្រី​ស្ថានទូត​ប្រចាំ​នៅ​ប្រទេស​ថៃ​ដែរ ​ប៉ុន្តែ​មក​ទល់​និង​រសៀល​ថ្ងៃ​ទី​27 ​នេះ​សព​ប្តី​នាង​នៅ​តែ​មិន​អាច​បូជា​បាន​ដដែល​។ ជុំវិញ​ករណី​ខាងលើ​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ ​៕ ​