ស្ថានភាព​បាក់ដៃ​របស់ ថៃ ប៊ុ​ន​ហាន ត្រូវ​គ្រូពេទ្យ​សម្រេច​ផ្អាក​ការ​ប្រដាល់

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ពិនិត្យ​យ៉ាង​ម៉ត់ចត់ កីឡាករ ថៃ ប៊ុ​ន​ហាន ត្រូវ​បាន​គ្រូពេទ្យ​អះអាង​ថា ដៃ​ដែល​មាន​របួស​កាលពី​យប់​ថ្ងៃ​ទី​២៤ តុលា នោះ គឺ​ពិតជា​មាន​សភាព​បាក់ឆ្អឹង​ប្រាកដ​មែន ។ ស្ថានភាព​នេះ នឹង​ធ្វើ​ឲ្យ​គេ​បាត់បង់​ការ​ប្រកួត​លើក​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក Fiffy នៅ​ស​ប្ដា​ហ៍​ក្រោយ និង​ត្រូវ​សម្រាក​ការ​ប្រដាល់​យ៉ាង​ហោច​ក៏​៣​ខែ​ដែរ​។

យោង​តាម​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ នៅ​ប៉ុស្ដិ៍​លេខ​៥​ក្នុង​បរិវេណ​សង្វៀន​ប្រដាល់​ជ្រោយចង្វា កីឡាករ​ថៃ ប៊ុ​ន​ហាន ត្រូវ​បាន​គ្រូពេទ្យ​បញ្ឈប់​ការ​ប្រដាល់​ភ្លាម​ៗ បន្ទាប់​ពី​កីឡាករ វ៉ា​ន់ ចាន់​វ៉េ​ត ទាត់​ត្រូវ​ប៉ុន្មាន​ជើង​ដោយ​កម្លាំង ហើយ​បណ្ដាល​ឲ្យ​រង​របួស​ដៃ​ឆ្វេង ។ ក្នុង​ពេល​កើតហេតុ​ភ្លាម​ៗ ក្រុម​គ្រូពេទ្យ​បាន​អះអាង​ថា ឆ្អឹង​ដៃ​របស់ ថៃ ប៊ុ​ន​ហាន អាច​នឹង​បាក់ ឬ​ភ្លាត់​ត្រង់​សរសៃ​ណាមួយ បន្ទាប់​ពី​មាន​សភាព​ចុកចាប់​ខ្លាំង ។ យ៉ាងណា​ក៏​ដោយ នៅ​ស​ប្ដា​ហ៍​នេះ ក្រោយ​ការ​ស្គែ​ន​មើល​ដោយ​ពេទ្យ​ជំនាញ គឺ​ឆ្អឹងកំភួនដៃ​ពិតជា​បាក់ ដែល​ទាមទារ​ឲ្យ​មានការ​សម្រាក​ព្យាបាល ។ យ៉ាងណា​ក៏​ដោយ ក្រុម​គ្រូពេទ្យ​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥ បាន​អះអាង​ថា សភាព​របួស​នេះ​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាជីព​ប្រដាល់​របស់​កីឡាករ​រូប​នេះនោះ​ទេ ប្រសិនបើ ថៃ ប៊ុ​ន​ហាន ទទួល​ការ​ព្យាបាល​តាម​ការ​កំណត់ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​នៅ​ប៉ុស្តិ៍​លេខ​៥ បាន​អះអាង​ថា កីឡាករ​ថៃ ប៊ុ​ន​ហាន មិនមែន​គ្រាន់តែ​បាត់បង់​ការ​ប្រកួត​លើក​ចុង​ក្រោយ​ជាមួយ​កីឡាករ ឈាន ហុង នៅ​យប់​ថ្ងៃ​សៅរ៍ ទី​៧ វិច្ឆិកា នោះ​ទេ គឺ​នឹង​ត្រូវ​បាត់បង់​ការ​ប្រកួត​មិន​ក្រោម​៣​ខែ​ក្រោយ​ការ​ព្យាបាល​នោះ​ផង ។ លោក​ថា ការ​បាក់ដៃ​របស់​កីឡាករ​រូប​នេះ​កើតឡើង​នៅ​ក្នុង​បរិបទ​ដែល​ទីផ្សារ​ការ​ប្រដាល់​របស់​គេ​មាន​ភាព​មមាញឹក ដែល​ទាមទារ​ឲ្យ​គេ​លុប​ចោល​នូវ​ការ​ប្រកួត​ជា​ច្រើន​ដែល​បាន​គ្រោងទុក ។ ជាក់ស្ដែង​គ្រាន់តែ​នៅ​ប៉ុស្ដិ៍​លេខ​៥​មួយ កីឡាករ ថៃ ប៊ុ​ន​ហាន នឹង​ត្រូវ​លុប​ចោលការ​ប្រកួត​មិន​តិច​លើក​នោះ​ទេ នៅ​ក្នុងអំឡុងពេល​សម្រាក​ព្យាបាល​ដើម្បី​ត​ភ្ជាប់​ឆ្អឹង​ដៃ​នេះ ។ ប៉ុស្ដិ៍​លេខ​៥ នឹង​ផ្ដល់​ការ​ឧបត្ថម្ភ​ចំពោះ​កីឡាករ ថៃ ប៊ុ​ន​ហាន ប៉ុន្តែ​លោក​អះអាង​ថា មិន​ទាន់​ប្រាកដ​ពី​តួលេខ​នោះ​ទេ​ដោយ​ខាង​សហព័ន្ធ​ក៏​នឹង​មាន​វិធានការ​យកចិត្តទុកដាក់​ចំពោះ​គេ​ផង​ដែរ ក្នុង​ពេល​ដែល​ទីផ្សារ​ការ​ប្រដាល់​របស់​គេ​មិន​អាច​ឡើង​រេញ​បាន​ដើម្បី​បាន​លុយ ។ លោក​ថា​ប៉ុស្ដិ៍​លេខ​៥ និង​សហព័ន្ធ​ប្រដាល់ នឹង​សហការ​គ្នា​រហូត​ស្ថានភាព​ដៃ​របស់ ថៃ ប៊ុ​ន​ហាន បានជា​សះស្បើយ ហើយ​ធានា​ថា​គេ​នឹង​អាច​ឡើង​ប្រកួត​បាន​ដូច​ប្រក្រតី ។ លោក​មាន​ប្រសាសន៍​ថា​៖«​ឥឡូវ​ហ្នឹង​លទ្ធផល​ពី​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​មក​ហើយ​ថា ឆ្អឹង​ដៃ​របស់​គាត់​បាក់ អ​ញ្ចឹ​ង​ប៉ុស្ដិ៍​លេខ​៥ នឹង​រួម​សហការ​ជួយ​ព្យាបាល​ដៃ​គាត់​រហូត​ទាល់តែ​ជា គឺ​អត់​ទុក​ចោល​ទេ ដើម្បី​លើកទឹកចិត្ត​ឲ្យ​កីឡាករ​ដែល​មាន​បញ្ហា​របួស​នៅ​ក្នុង​សង្វៀន​របស់​យើង​ឲ្យ​គាត់​មាន​ទឹកចិត្ត​!»​។ លោក​ថា​កីឡាករ ថៃ ប៊ុ​ន​ហាន ដ្បិតថា​ត្រូវ​បាន​លេខ​៤​ដោយ​ស្វ័យប្រវត្តិ​នៅ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក Tiffy ប៉ុន្តែ​ប៉ុស្ដិ៍​លេខ​៥​របស់​លោក ក៏​នឹង​បើកឱកាស​ឲ្យ​គេ​បាន​ឡើង​ប្រកួត​អន្តរជាតិ ក៏​ដូច​ជា​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ប្រាក់​លាន​ផ្សេង​ទៀត​ក្រោយ​ពេល​ឆ្អឹង​ដៃ​ត្រូវ​បាន​ត​ភ្ជាប់​នោះ​ផង​ដែរ ។

កីឡាករ​ថៃ ប៊ុ​ន​ហាន បាន​អះអាង​ថា ស្ថានភាព​បាក់ដៃ​របស់​ខ្លួន គឺ​ដោយសារ​តែ​កម្លាំង​ជើង​របស់​កីឡាករ​វ៉ា​ន់ ចាន់​វ៉េ​ត មាន​សភាព​ខ្លាំង​មិន​ខុស​ពី​កម្លាំង​ញញួរ​១០​គីឡូ​វាយ​ត្រូវ​ទេ ។ កន្លង​មក លោក​ថា​មិន​ធ្លាប់​មាន​បញ្ហា​របួស​នៅ​ត្រង់​បរិវេណ​ដៃ​ខាងឆ្វេង​នេះ​ទេ និង​បាន​ចាត់​ទុក​ថា​វា​ជា​របួស​បាក់ដៃ​លើក​ទី​១ ដែល​បណ្ដាល​មក​ពី​ការ​ទប់ទល់​ដ៏​ខ្លាំងក្លា​នឹង​ការ​វាយលុក​របស់​គូប្រកួត​នៅ​លើ​សង្វៀន​។ លោក​សម្ដែង​ការ​សោកស្ដាយ​ដែល​ធ្លាក់​ក្នុង​សភាព​បាក់ដៃ​ហើយ​ត្រូវ​ក្រុម​គ្រូពេទ្យ​កំណត់​ឲ្យ​ផ្អាក​ការ​ប្រកួត​ច្រើន​ជាង​៣​ខែ ដោយ​មិន​ទាន់​ច្បាស់​ថា​រហូត​ដល់​ពេល​ណា​ទើបបាន​ដូច​ដើម ។ លោក​និយាយ​ថា ៖«​ពេទ្យ​ថា​ដៃ​ខ្ញុំ​បាក់​ត្រូវ​សម្រាក​រហូត​ដល់​៣​ខែ ប៉ុន្តែ​គាត់​ក៏​បាន​បញ្ជាក់​ថា ដៃ​ហ្នឹង​អាច​ជា​បាន​ឆាប់ ឬ​យូរ​ជាង​ហ្នឹង​ផង​ដែរ​!»​។ នៅ​មិន​ទាន់​ច្បាស់​ថា​ក្រោយ​ការ​សម្រាក​៣​ខែ ការ​ប្រកួត​នឹង​ធ្លាក់ដៃ ឬ​នៅ​ដដែល​នោះ​ទេ ក្នុង​ពេល​ដែល​វ័យ និង​ការ​សម្រាក​មិន​ឲ្យ​កម្រើក​ដៃ​ក្នុង​អំឡុង​ព្យាបាល​ក៏​នឹង​ធ្វើ​ឲ្យ​លោក​បាត់​មុខ​ពី​ការ​ហ្វឹកហាត់​ក្នុង​រយៈពេល​យូរ ដែល​អាច​ថយ​ចុះ​នូវ​កម្រិត​ប្រកួត​ផង​ដែរ  ។ យ៉ាងណា​ក៏​ដោយ លោក​ថា​មិន​មាន​បំណង​ដើរ​ចេញពី​ការ​ប្រដាល់​នោះ​ទេ ដោយសារ​តែ​ការ​រក​ប្រាក់​ពី​ការ​ឡើង​រេញ គឺជា​អាជីព​តែ​មួយ​ដែល​អាច​ឲ្យ​លោក​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចិញ្ចឹម​គ្រួសារ ។ លោក​និយាយ​ថា ៖«​សម្រាក​៣​ខែ ការ​ពិត​វា​មិន​ប៉ះពាល់​ប៉ុន្មាន​ទេ ប៉ុន្តែ​ធម្មតា​តែ​កាលណា​យើង​មាន​ត្រណម​មិន​ឲ្យ​កម្រើក​ដៃ អ​ញ្ចឹ​ង កម្លាំង​ស៊ុ​ហ្វ និង​សរសៃសសូង​ក៏​ស្ទក់​ជាង​មុន​បន្តិច​ដែរ ដោយសារ​តែ​យើង​មិន​អាច​ចូល​ក្លិប​បាន​ជាប់លាប់​ដូច​មុន​!» ។ លោក​សន្យា​ថែ​ទាំង​សមត្ថភាព និង​បន្ត​វិល​ត្រឡប់​មក​កាន់ការ​ប្រដាល់​ដូច​អ្វី​ដែល​ទស្សនិកជន​បានឃើញ បើ​ទោះជា​វត្តមាន​របស់​កីឡាករ​ក្មេង​ៗ​ក្នុងស្រុក កាន់តែ​រុញ​ឲ្យ​ទីផ្សារ​ឡើង​ប្រដាល់​របស់​លោក​ចង្អៀត​ជាង​មុន​ក្ដី ៕