ពលរដ្ឋ​ស្រុក​រុក្ខគិរី​ខេត្ត​បាត់ដំបង​ទាមទារ​អាជ្ញាធរ​ឲ្យ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​សហគមន៍

ប្រជាពលរដ្ឋ​ប្រមាណ ២០០​នាក់​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ តុលា នាំ​គ្នា​តវ៉ា​នៅ​សាលា​ស្រុក ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ឈប់​ការ​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​សហគមន៍​បន្ត​ទៀត។ អ្នក​ភូមិ​អះអាង​ថា ព្រៃ​ឈើ​ក្នុង​សហគមន៍​ប្រមាណ​ជាង ១​ពាន់​ហិកតារ ត្រូវ​គេ​លួច​កាប់​បំផ្លាញ​ដើម្បី​យក​ឈើ និង​ដី​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​នៅ​ឡើយ​ទេ។

អ្នក​ភូមិ​ដែល​តវ៉ា​នៅ​មុខ​សាលា​ស្រុក​រុក្ខគិរី អំពាវនាវ​ឲ្យ​អភិបាល​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ មាន​វិធានការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​សហគមន៍​ជា​បន្ទាន់ ឬ​បែង​ចែក​ដី​មួយ​ចំនួន​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រស់នៅ​តំបន់​នោះ យក​ទៅ​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​តវ៉ា​នៅ​មុខ​សាលា​ស្រុក​រុក្ខគិរី ថ្លែង​នៅ​ថ្ងៃ​ទី​២៦ តុលា ថា ដី​ព្រៃ​ក្នុង​សហគមន៍​ព្រៃ​ត្រឡាច​នៃ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ប្រមាណ​ជាង ១​ពាន់​ហិកតារ ក្នុង​ចំណោម​ដី​ជាង ៣​ពាន់​ហិកតារ ត្រូវ​បាន​មន្ត្រី​ប៉ូលិស និង​ទាហាន ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន ដែល​ប្រចាំ​ការ​នៅ​តំបន់​នោះ បាន​ឃុបឃិត​គ្នា​កាប់​ឆ្ការ​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​ពុំ​មាន​ទប់ស្កាត់​ពី​សំណាក់​អាជ្ញាធរ​នោះ​ទេ។ អ្នក​ភូមិ​បញ្ជាក់​ថា កន្លង​មក ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ទប់ស្កាត់​សកម្មភាព​កាប់​ព្រៃ​ឈើ​នោះ​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​ទេ៖ «ចំពោះ​មន្ត្រី​ដែល​មាន​អំណាច​មាន​សិទ្ធិ​កាប់​ព្រៃ​យក​ដី​បាន ចំណែក​ឯ​ប្រជាពលរដ្ឋ​ក្រីក្រ​ហាម​ឃាត់​ទៅ​វិញ។ អាជ្ញាធរ​ធ្វើ​យ៉ាង​ណា​បែង​ចែក​ដី​ឲ្យ​ពួក​ខ្ញុំ​ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្លះ​ផង ដើម្បី​បាន​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​នៅ​ថ្ងៃ​ខាង​មុខ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​រុក្ខគិរី លោក ពេជ្រ ម៉ាឡៃ ទទួល​ស្គាល់​ថា ព្រៃ​ឈើ​ក្នុង​សហគមន៍​ព្រៃ​ត្រឡាច ពិត​ជា​មាន​ប្រជាពលរដ្ឋ​លួច​កាប់​ឆ្ការ​ព្រៃ​យក​ឈើ និង​ដី​ខ្លះ​មែន ប៉ុន្តែ​ការ​កាប់​ឆ្ការ​នោះ គេ​ច្រើន​ធ្វើ​ឡើង​នៅ​ពេល​យប់​អំឡុង​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​សមត្ថកិច្ច។ លោក​អះអាង​ថា បញ្ហា​នេះ លោក​បាន​ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើសុំ​ឲ្យ​ដោះស្រាយ ដោយ​បែង​ចែក​ដីធ្លី​នៅ​តំបន់​នោះ​មួយ​ចំនួន​ដល់​ពួក​គាត់ ប៉ុន្តែ​សំណូមពរ​នោះ​ទៅ​ជា​យ៉ាង​ណា លោក​នឹង​ឆ្លើយ​តប​នៅ​ពីរ​សប្ដាហ៍​ខាង​មុខ៖ «បាទ! កន្លង​មក​យើង​ក៏​បាន​ចុះ​បង្ក្រាប​ការ​កាប់​ព្រៃ​ឈើ​នោះ​ជា​ញឹកញាប់​ដែរ ហើយ​សកម្មភាព​ក៏​បាន​ថយ​ខ្លះ​មក​វិញ ដោយសារ​មាន​សហការ​ល្អ​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ព្រៃ​សហគមន៍​ជាច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដូចជា​ស្រុក​រុក្ខគិរី និង​ស្រុក​សំឡូត ជាដើម ត្រូវ​បាន​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច​ក្នុង​មូលដ្ឋាន កាប់​រុក​រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​កើត​មាន​ជា​បន្តបន្ទាប់។ បញ្ហា​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ខឹង​សម្បា ហើយ​សម្រេច​ចិត្ត​នាំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ឈប់​ការ​កាប់​ព្រៃ​ឈើ​ក្នុង​សហគមន៍​បន្ត​ទៀត៖ «ជន​ណា​ក៏ដោយ​ដែល​លួច​កាប់​ព្រៃ​សហគមន៍ គឺ​ជា​អំពើ​ខុស​ច្បាប់ ហើយ​អ្នក​ដែល​ប្រព្រឹត្ត នឹង​ត្រូវ​ទទួល​ទោស ពីព្រោះ​ច្បាប់​បាន​ហាម​ឃាត់​មិន​ឲ្យ​ជន​ណា​កាប់​ព្រៃ​សហគមន៍​នោះ​ទេ»

ប្រជាពលរដ្ឋ​អះអាង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ធ្វើ​ការ​ទប់ស្កាត់​ការ​កាប់​ឆ្ការ​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឲ្យ​បាន​ទាន់​ពេល​ទេ​នោះ ដី​ព្រៃ​សហគមន៍​នៅ​ស្រុក​រុក្ខគិរី នឹង​ហិនហោច​អស់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។