«ត្រូវ​ផ្តន្ទា​ទោស ជន​ដៃ​ដល់​ធាក់​ទាត់​តំណាង​រាស្រ្ត ទៅ​តាមច្បាប់»

ការប្រើហិង្សា លើតំណាងរាស្រ្តពីររូប មកពីគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យប្រតិកម្ម កើតមានឡើងជាបន្តបន្ទាប់។ ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិ ក៏ដូចជារដ្ឋាភិបាល និងសង្គមស៊ីវិល សុទ្ធ​តែ​ទាម​ទារ​ឲ្យ​ចាប់​ជន​ដៃ​ដល់ មកផ្តន្ទាសទោសតាមច្បាប់ជាកំហិត។
«ត្រូវ​ផ្តន្ទា​ទោស ជន​ដៃ​ដល់​ធាក់​ទាត់​តំណាង​រាស្រ្ត ទៅ​តាមច្បាប់»
លោក ញ៉យ ចំរើន និងលោក គង់ សភា តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ដែលរងការធាក់ទាត់។ (រូបថត ហ្វេសប៊ុក)

ហេតុការណ៍ដ៏រន្ធត់ នៃការអូសអ្នកតំណាងរាស្ត្រ ចេញពីរថយន្ដ យកមកធាក់ទាត់នៅកណ្ដាលទ្រូងថ្នល់ កាល​ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បានធ្វើឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់ អត់ទ្រាំមិនធ្វើប្រតិកម្មមិនបាន។ គ្រប់ៗគ្នា​សុទ្ធ​តែទាមទារ ឲ្យចាប់យកជនដៃដល់ មកផ្ដន្ទាទោសជាកំហិត។

ដំបូងគេនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ឲ្យ​ជួយ​ស្វែងរកចាប់ជនដៃដល់ វាយតប់តំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ មកផ្ទន្តាទៅតាមផ្លូវច្បាប់។ អ្នកនាំ​ពាក្យ​រូបនេះ បានសរសេរយ៉ាងខ្លី លើទំព័រហ្វេសប៊ុករបស់លោកថា៖ «បាតុកម្ម ជាសិទ្ធិសេរីតាមលទ្ធិ​ប្រជា​ធិបតេយ្យ នៅកម្ពុជា។  ជនល្មើស ប្រព្រឹត្តអំពើហឹង្សា ត្រូវតែផ្តន្ទាទោសដោយច្បាប់។ សូមសមត្ថកិច្ចពាក់ព័ន្ធ ជួយ​ស្វែង​រក​យុត្តិធម៌​ជូនជនរងគ្រោះ។»

ឯអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានលើកឡើងថា លោកមានការសោកស្តាយ ចំពោះ​ឧបទ្ទវហេតុ ដែលបណ្តាលឲ្យតំណាងរាស្ត្រ មានរបួសស្នាម។ យ៉ាងណា លោកគ្រាន់តែលើកឡើងថា អំពើ​ហិង្សា មិនមែនជាសិទ្ធិសេរីភាព ក្នុងការបញ្ជេញមតិទេ ហើយការប៉ះពាល់ ដល់រូបរាងកាយ ត្រូវបានគាំពារ​ដោយច្បាប់។

លោក ផៃ ស៊ីផាន បានសរសេរថា៖ «ស្នើភាគីដែលពាក់ព័ន្ធ សូមបញ្ជៀស នូវរាល់អំពើហិង្សាគ្រប់រូបភាព ឲ្យ​ខានតែបាន និងរាល់សកម្មភាព ដូចជាពាក្យសំដីដែលញុះញុង ឲ្យមានអំពើហិង្សា។ រាជរដ្ឋាភិបាល ដាច់​ខាត​មិនគាំទ្រ នូវរាល់អំពើហិង្សា ជាយថាហេតុណាមួយនោះឡើយ។»

ឯស្ថានទូតអាមេរិកវិញ ក៏បានចេញសេចក្តីថ្លែងការណ៍ ដ៏ខ្លីមួយរបស់ខ្លួន ក្នុងបណ្តាញសង្គម ដោយស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត ក្រោមការទទួលខុសត្រូវ តម្លាភាព និងស្មោះត្រង់ នៅក្នុងព្រឹត្តិការណ៍វាយដំ តំណាង​រាស្រ្តពីររូប នៃគណបក្សសង្គ្រោះជាតិ ហើយជំរុញឲ្យធានា​ រក្សា​របៀបរៀបរយនៅ​រដ្ឋសភាជាតិ ​និង​សុវត្ថិភាព​អ្នកនយោបាយ​គណបក្ស។ ស្ថានទូតអាមេរិក បានលើកឡើងថា៖ «​ការអនុវត្ត​សេរីភាព ​ក្នុង​ការ​ប្រមូល​​ផ្តុំគ្នា និង​សេរីភាព ​ក្នុងការ​និយាយស្តី​ មិនមែនជា​ហេតុផល​ត្រឹមត្រូវ ​សំរាប់​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​ទេ។ ហើយ​​យើង​សូម​ថ្កោលទោស​សកម្មភាព​ទាំងនេះ​​។ យើងសូមអំពាវនាវ ឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេត អោយ​បានពេញលេញ និងប្រកបដោយតម្លា​ភាព ទៅលើការវាយដំទាំងនេះ ដើម្បីរក្សារបៀបរៀបរយ នៅ​រដ្ឋសភា​ជាតិ និងដើម្បីធានាសុវត្ថិភាព របស់អ្ន​កនយោបាយ ពីគ្រប់គណបក្សទាំងអស់។»

សម្រាប់តំណាររាស្រ្តវ័យក្មេង មកពីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ា​នីត បានថ្លែង​ថ្កោលទោស​ លើ​អ្នកប្រព្រឹត្តអំពើហិង្សា ដែលប្រព្រឹត្តិការវាយដំ លើ​តំណាងរាស្ត្រទាំងពីររូប។  តំណាងរាស្ត្រ​មណ្ឌល​ ខេត្ត​កំពង់ស្ពឺ​រូបនេះ ក៏បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច វែកមុខ​ជនដៃដល់​ ដើម្បីមកផ្តន្ទាទោសតាមច្បាប់។ លោក ម៉ានិត បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំមិនគាំទ្រ និងថ្កោលទោសលើអំពើហិង្សា ដែល​ប្រព្រឹត្ត​លើ​ប្រជាពលរដ្ឋ និងជាពិសេសលើតំណាងរាស្ត្រ ហើយសូមអំពាវនាវ ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បី​វែកមុខ និងដាក់ទោសដល់ជនដៃដល់ ដែលបានប្រព្រឹត្តអំពើហិង្សាទាំងនេះ ស្របតាម​គោល​ការណ៍​នីតិរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។»

ចុះទម្រាំពលរដ្ឋធម្មតា?

សម្រាប់អង្គការសង្គមស៊ីវិល ដែលធ្វើការស្និតនឹងសិទ្ធិសេរីភាព និងច្បាប់ បានធ្វើការថ្កោលទោស សកម្មភាព​វាយដំនេះ ហើយបានចាត់ទុកថា នេះជាអំពើរំលោភសិទ្ធិមនុស្ស និងច្បាប់យ៉ាងធ្ងន់ធ្ងរ។ យ៉ាងណា មន្រ្តី​អង្គការ​សង្គមស៊ីវិលបានស្នើ ដោយទទូច ឲ្យរដ្ឋាភិបាលកម្ពុជា រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវមាន​ចំណាត់ការ​ជាបន្ទាន់ ដើម្បីស្រាវជ្រាវ ស្វែងចាប់ជនដៃដល់ មកផ្តន្ទាទោសតាមច្បាប់។

ទាំងលោក អំ សំអាត មន្រ្តីគ្រប់គ្រងបច្ចេកទេស​ស៊ើបអង្កេត នៃអង្គការលីកាដូ និងលោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រហាក់​ប្រហែល​គ្នាថា ក្នុងនាមលោក ជាអ្នកឃ្លាំមើលការអនុវត្តច្បាប់ និងសិទ្ធិមនុស្សនៅកម្ពុជា លោកមាន​ការ​សោក​ស្តាយ យ៉ាងខ្លាំង។ លោកបន្តថា ជនរងគ្រោះទាំងពីរ ជាតំណាងរាស្រ្ត នៅតែត្រូវបានគេវាយដំ តាម​អំពើ​ចិត្ត ចុះទម្រាំពលរដ្ឋធម្មតា? តើការអនុវត្តច្បាប់ នៅកន្លែងណា? ហើយអភ័យឯកសិទ្ធិ របស់អ្នកតំណាង​រាស្រ្ត នៅកន្លែងណា?។ ប្រសិនបើមិនចាត់វិធានការ តាមផ្លូវច្បាប់ទេ នឹងពិតជាមានការរិះគន់ ថាមានការរើស​អើង និន្នាការនយោបាយហើយ៕


» សូមទស្សនាវីដេអូនៃអំពើហិង្សាដូចខាងក្រោម៖