​ក្លិប​៦​ចូលរួម​ប្រកួត​ កីឡា​វ៉ូវីណាម​ថ្នាក់​ជាតិ​​ឆ្នាំ​នេះ​​​ ​​ចាប់​ផ្ដើម​​ថ្ងៃ​ស្អែក​


​ក្លិប​៦​ចូលរួម​ប្រកួត​ កីឡា​វ៉ូវីណាម​ថ្នាក់​ជាតិ​​ឆ្នាំ​នេះ​​​ ​​ចាប់​ផ្ដើម​​ថ្ងៃ​ស្អែក​

​ការ​ប្រកួត​កីឡា​វ៉ូវីណាម​​ជើង​ឯក​ថ្នាក់​ជាតិ​​​​ឆ្នាំ​២០១៥​មាន​ក្លិប​ចូល​រួម​​ប្រកួត​ប្រជែង​ចំនួន ៦​​ដែល​​នឹង​ចាប់​ផ្ដើម​​​នា​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥​ ស្អែក​នេះ​នៅ​ក្នុង​បរិវេណ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

 

​លោក ទុយ​ ប៊ុនហឿន ប្រធាន​​ការិយាល័យ​កីឡា​ទំនើប​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥ នេះ​មាន​កីឡាករ​-កីឡា​ការិនី​ចំនួន​៩៩​នាក់​ចូល​រួម​ប្រកួត​កីឡា​វ៉ូវីណាម​​ជើង​ឯក​ថ្នាក់​ជាតិ​។ ​ក្នុង​ចំណោម​កីឡាករ​-កីឡា​ការិនី​សរុប​​ទាំង​អស់​គឺ​​​មក​ពី​ក្លិប​ចំនួន៦​​ក្នុង​រាជធានី​ភ្នំពេញ​សុទ្ធសឹងតែ​​ជា​ជើង​ខ្លាំង​ប្រចាំ​តំបន់។

 

​ក្លិប​៦​ចូលរួម​ប្រកួត​ កីឡា​វ៉ូវីណាម​ថ្នាក់​ជាតិ​​ឆ្នាំ​នេះ​​​ ​​ចាប់​ផ្ដើម​​ថ្ងៃ​ស្អែក​

សកម្ម​ភាព​ប្រកួត​កីឡាវ៉ូវីណាម​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៤ កន្លង​ទៅ​

 

​ប្រធាន​ការិយាល័យ​រូប​នេះ​បន្ត​ថា ក្លិប​ទាំង​៦​រួម​មាន ក្លិប​វ៉ូវីណាម​​វិទ្យាល័យ​វត្ត​កោះ​មាន​កីឡាករ១២​ នាក់​ និង​កីឡា​ការិនី ៥នាក់​, ក្លិប​វ៉ូវីណាម​សាមគ្គី​មាន​កីឡាករ​ចូល​រួម​ប្រកួត​​ចំនួន១៧​នាក់​ និង​កីឡា​ការិនី​៧​នាក់។ ចំណែក​ក្លិប​​​អង្គ​ការ​សង្គ្រោះ​កុមារ​កម្ពុជា​មាន​កីឡាករ​​១៩​នាក់ និង​កីឡា​ការិនី៣​នាក់​, ​សមាគម​វ៉ូវីណាម​អាស៊ី​អឺរ៉ុប​​​កីឡាករ​ចូល​រួម​មាន​ចំនួន៦​នាក់​ និង​កីឡា​ការិនី​ ៥​នាក់​,  ក្លិប​វ៉ូវីណាម​ក្រុមហ៊ុន​រ័ត្នសាខន​មាន​​កីឡាករ​ចូល​រួម​ប្រកួត​ចំនួន១១​នាក់​ និង​កីឡា​ការិនី​ ២នាក់​ ព្រម​ទាំង​ក្លិប​​វ៉ូវីណាម​ក្រសួង​មហាផ្ទៃ​មាន​កីឡាករ​ចូល​រួម​ចំនួន១០​នាក់​និង​កីឡា​ការិនី​២​នាក់​។

 

លោក​បន្ថែម​ថា ​ឆ្នាំ​នេះ​ជា​លើក​ទី​៣ហើយ​ ដែល​បាន​បង្កើត​កម្ម​វិធី​ប្រកួត​កីឡា​វ៉ូវីណាម​​ជើង​ឯក​​ថ្នាក់​ជាតិ។ សម្រាប់​​រង្វាន់​​ជយលាភី​លេខ១​ទទួល​បាន​​មេដាយ​មាស​មួយ​គ្រឿង ​លុយ១៥​ម៉ឺន​រៀល ​​ជើង​​ឯក​រង​ទទួល​បាន​មេដាយ​ប្រាក់​មួយ​គ្រឿង​​ប្រាក់​១០​ម៉ឺន​រៀល​ និង​ចំណាត់​ថ្នាក់​លេខ ៣​ទទួល​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​​​និង​លុយ​ ៨​ម៉ឺន​រៀល៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​​​