តើ​លោក កឹម សុខា សក្តិសម​នឹង​ចុះ​ចេញពី​តំណែង អនុប្រធាន​ទី​១ រដ្ឋសភា ដែរឬទេ​?

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​នេះ ហុងស៊ុយ "​យីអ៊ុន​ដាក់ អារក្ស​ជាន់​" បាន​សណ្ឋិត​ចូល​មកដល់​គណបក្ស​ស​ង្គ្រោះ​ជាតិ នា​ព្រលឹម​ព្រឹក​មិញ​នេះហើយ​។ ដោយសារតែ​ចរិត​អំនួត អសីលធម៌ និង​គ្មាន​គុណធម៌​ក្នុងការ​ដឹកនាំ បានធ្វើ​ឲ្យ​ជោគជតារាសី​របស់លោក កឹម សុខា បាន​ឈាន​មកដល់​ទីបញ្ចប់​នាពេល​ឆាប់ៗ​ខាងមុខនេះ ជាមិនខាន​។  

​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់ រស់នៅ​រាជធានី​ភ្នំពេញ បាននាំគ្នា​តវ៉ា និង​ស្នើសុំ​ឲ្យ​លោក ហេង សំរិន ប្រធានរដ្ឋសភា និង​តំណាងរាស្ត្រ​ទាំងអស់ ដក​លោក កឹម សុខា ចេញពី​មុខតំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ដោយ​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ បាន​ស្រែក​តវ៉ា​ខ្លាំងៗ និង​ចោទ​លោក កឹម សុខា ថា​បានធ្វើ​សកម្មភាព​ឃោសនា បោក​ប្រាស់​ញុះញង់ បំបែកបំបាក់ បង្ក​អស្ថិរភាព ព្រមទាំង​ធ្វើការ​អុកឡុក បង្ក​ឲ្យ​មាន​ការ​ដុត​​កំហឹង​ជាតិ​សាសន៍ និង​អាច​ឈានទៅរក​ការបង្ក​ឲ្យ​មាន​សង្គ្រាម កើតឡើង​ក្នុង​ផ្ទៃ​ប្រទេស​សាជាថ្មី​។​

​ចាប់តាំងពី​បាន​ឡើង​ឋានៈ​តួនាទី​ជា​អនុប្រធាន​រដ្ឋសភាជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក គេ​មិន​បានឃើញ លោក កឹម សុខា យក​តួនាទី​នេះ មក​តម្កល់​ជា​ភារៈកិច្ច​ស្នូល ដើម្បី​ធ្វើការ​បម្រើ​ជាតិ ក្នុងការ​សម្របសម្រួល​រវាង​តំណាងរាស្ត្រ និង​តំណាង​រាស្ត្រ​ក្នុង​រដ្ឋសភា ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែល​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ធ្វើការ​រួមគ្នា​នោះទេ​។
​គ្រប់​សារ​នយោបាយ​របស់លោក គឺមាន​តែ​ការ​ញុះញង់ បំបែកបំបាក់​ប្រជាពលរដ្ឋ ឲ្យ​គុំ​គួ​ន ស្អប់ខ្ពើម និង​ចងកំហឹង​មកលើ​រាជរដ្ឋាភិបាល​ជា​ដរាប​។​

​ការប្រកាន់​ជំហរ​អុជអាល​ឲ្យ​មានការ​ស្អប់ខ្ពើម​រវាង​អ្នកមាន និង​អ្នកក្រ ការ​ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​ដទៃ និង​ការបន្ត​ប្រកាន់​អត្តចរិត​នយោបាយ "​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​" វិញ បែបនេះ គឺ​វា​ផ្ទុយ​ពី​តួនាទី​ស្នូល​របស់ខ្លួន​ក្នុងនាម​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភាជាតិ​។​
 
​ប្រតិកម្ម​របស់​ក្រុម​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​២៦ នេះ​គឺ​ពួកគេ​បាន​ចាត់ទុកថា​វត្តមាន​របស់លោក កឹម សុខា គឺ​តែងតែ​នាំទុក្ខ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់ពេល ដោយសារ​លោក កឹម សុខា តែងតែ​ផ្ញើ​សារ​នយោបាយ​របៀប​ញុះញង់​ឲ្យ​មាន​អំពើហិង្សា និង​បណ្តាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​ស្លាប់ និង​រងរបួស ជា​បន្តបន្ទាប់ តាមរយៈ​ការអូសទាញ និង​ការ​ភូតកុហក់​។​

​កន្លងមក ដោយសារតែ​មាត់ឥតគម្រប ដើរ​សំអុយ​កេ​រិ៍្ត​ឈ្មោះ​រាជរដ្ឋាភិបាល ទាំង​នៅក្នុង និង​ក្រៅប្រទេស​របស់លោក កឹម សុខា ក្នុងនាម​ខ្លួន​ជា​ស្ថាប័ន​កំពូល​មួយ​របស់​ជាតិ​បែបនេះ បានធ្វើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដកតំណែង​លោក​ជា​ញយ​ដង​មកហើយ​ដែរ ប៉ុន្តែ​ក្រោយពី​មាន​ការសុំ​អង្វរក​ពី​លោក សម រង្ស៊ី ទើប​តំណែង​នេះ​បាន​នៅ​ថិ​ត​ថេរ​មកដល់​បច្ចុប្បន្ន​។

​ជាការ​ពិត ក្នុងនាម​ជា​មេដឹកនាំ​របស់​ស្ថាប័ន​កំពូល​មួយ​របស់​ជាតិ បែរជា​ត្រូវ​លោក កឹម សុខា ធ្វើការ​វាយប្រហារ​ដើម្បី​កេងចំណេញ​ខាង​នយោបាយ​សម្រាប់​សម្លេងឆ្នោត​គណបក្ស​ខ្លួន​បែបនេះ តើ​គណបក្ស​ជា​ដៃគូ ត្រូវ​បន្ធូ​បន្ថយ និង​លើកលែង​ឲ្យ​បាន​ដែរឬទេ​? ចំណុច​នេះ គេ​នៅ​ចាំបាន​ថា មុខតំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា របស់លោក កឹម សុខា នេះ​គឺ​បានមក​ដោយមាន​ការបោះ​ឆ្នោត​គាំទ្រ​បេក្ខភាព​ពី​សមាជិក​រដ្ឋសភា មកពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​។ ប៉ុន្តែ សម្រាប់​ពេលនេះ បើ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល មិន​គាំទ្រ​បេក្ខភាព​លោក កឹម សុខា នោះទេ តំណែង​នេះ លោក កឹម សុខា គ្មាន​វាសនា​គ្រប់គ្រង​តទៅទៀត​បានទេ​។

​ដូច្នេះ បើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​សប្បាយ​ចិត្តនឹង​ចរិត​កេងចំណេញ​នយោបាយ​រប​ស់លោក កឹម សុខា ដែល​ប្រើប្រាស់​តួនាទី​នេះ យកទៅ​ឃោសនា​រក​សម្លេងឆ្នោត​មុន​អាណត្តិ​បែបនេះ រួមផ្សំ​នឹង​សម្លេង​ស្នើសុំ​ឲ្យ​ចុះ​ចេញពី​តំណែង របស់​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​បន្ថែមទៀត​នោះ គេ​ជឿថា​តំណែង​លោក កឹម សុខា នាពេលនេះ គឺ​ត្រូវ​ចប់​ដោយ​គ្មាន​វាចា​។​

​ផ្អែកលើ​ចំណុច​ខុសឆ្គង​ដ៏​ច្រើន​លើសលុប​របស់លោក កឹម សុខា នាពេល​កន្លងមក ក៏​ដូច​នៅពេលនេះ គឺ​លោក កឹម សុខា មិន​សក្តិសម​កាន់តំណែង​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភាជាតិ​ឡើយ​។

​ម្យ៉ាងទៀត ការទាមទារ​របស់​ប្រជាពលរដ្ឋ​ឲ្យ​លោក កឹម សុខា ចុះ​ចេញពី​តំណែង​នៅពេលនេះ​ពិតជា​រឿង​ត្រឹមត្រូវ ព្រោះ​ក្នុង​នាមខ្លួន​តំណាង​ឲ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ និង​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេសមួយ បែរជាយក​កិត្តិយស​ប្រទេសជាតិ ទៅ​ដើរ​សំអុយ​គ្រប់​ទីកន្លែង​បែបនេះ គឺ​មិនអាច​ក្លាយជា​មេដឹកនាំ​ដែលមាន​សីលធម៌ និង​គុណធម៌ គួរ​ឲ្យ​គោរព​សម្រាប់​ពលរដ្ឋ​ឡើយ​៕