លោក ហ៊ុន សែន ព្រមាន​លោក រង្ស៊ី ទាក់ទិន​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ថ្មី

កាលពី​ថ្ងៃ​អាទិត្យ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា លោក​អាច​ត្រូវ​យក​មក​កាត់​ទោស​ទាក់ទិន​នឹង​បទ​ក្លែង​ដូច​គ្នា និង​ករណី​ញុះញង់ ដែល​បាន​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង គឺលោក ហុង សុខហួរ កាលពី​ខែ​សីហា។

ថ្លែង​ទៅ​កាន់​និស្សិត​និង​ពលរដ្ឋ​ខ្មែរ​ប្រហែល​៨០០​នាក់​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ក្នុង​ក្រុង​ប៉ារីស​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង លោក ហ៊ុន សែន បាន​ការពារ​ការ​ចាប់​ខ្លួន​លោក សុខហួរ ទោះបី​ជា​មាន​អភ័យ​ឯកសិទ្ធិ​សភា​របស់​គាត់​ជា​សមាជិក​ព្រឹទ្ធ​សភា​ក៏ដោយ។

សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​វីដេអូ​មួយ​ដែល​គាត់​បាន​បង្ហោះ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​លោក រង្ស៊ី ដែល​បង្ហាញ​សន្ធិ​សញ្ញា​ក្លែងក្លាយ​មួយ ដែល​អះអាង​ថា​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៧៩​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម នឹង​រំលាយ​ព្រំដែន​រួម​របស់​ខ្លួន។ លោក សុខហួរ អះអាង​ថា លោក​បាន​រក​ឃើញ​ឯកសារ​នោះ​តាម​រយៈ​កម្មវិធី​ហ្គូហ្គោល​សឺច ហើយ​មិន​បាន​ក្លែង​វា​ទេ។

លោក ហ៊ុន សែន បាន​ប្រាប់​អ្នក​ចូល​រួម​ស្តាប់​លោក​ក្នុង​ក្រុង​ប៉ារីស​ថា “សូម​កុំ​ភាន់​ច្រឡំ​ថា​ម៉េច​បាន​ចាប់​គេ បើ​ទោះ​គេ​មាន​អភ័យ​ឯកសិទ្ធិ​ក៏​ដោយ។ យើង​គោរព​អភ័យឯកសិទ្ធិ ប៉ុន្តែ​ក្នុង​ករណី​បទល្មើស​ជាក់ស្តែង ចាប់​ខ្លួន​ភ្លាមៗ”។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​មាន​ប្រសាសន៍​នៅ​ក្រុង​ប៉ារីស កាលពី​ថ្ងៃ​អាទិត្យ​ ក្នុងរូបថត​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​។​

រដ្ឋធម្មនុញ្ញ​អនុញ្ញាត​ឲ្យ​ចាប់​ខ្លួន​សមាជិក​សភា នៅ​ពេល​ដែល​ពួកគេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ឬ​កំពុង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម។ នៅ​ពេល​ចាប់​ខ្លួន​លោក សុខហួរ លោក រង្ស៊ី បាន​ហៅ​វា​ថា “ខុស” និង “មិន​សម​ហេតុ​សម​ផល​សោះ​ដែល” ត្រូវ​អនុវត្ត​មាត្រា​ពេល​កំពុង​ប្រព្រឹត្ត​ជាក់ស្តែង​ចំពោះ​ការ​បង្ហោះ​ហ្វេសប៊ុក​នោះ។

ក៏ប៉ុន្តែ នៅ​ទីក្រុង​ប៉ារីស លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា មាត្រា​ដូចគ្នា​នេះ ក្នុង​ពេល​ឆាប់ៗ​អាច​ធ្វើ​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​តុលាការ​ដែរ​ ពីព្រោះ​វីដេអូ​នោះ​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គាត់។

លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “ម្ចាស់​ផេក​គឺ រង្ស៊ី អ៊ីចឹង​ទេ​អាច​ដល់​ម្នាក់​ហ្នឹង។ ម្តង​នេះ ខ្ញុំ​នឹង​ឈប់​លើក​លែង​ទោស​ឲ្យ​ហើយ ព្រោះ​ខ្ញុំ​ធ្លាប់​លើកលែង​ទោស​ឲ្យ​ម្នាក់​នេះ​ពីរ​ដង​ហើយ”។

លោក ហ៊ុន សែន​ នា​ពេល​ថ្មីៗ​នេះ បាន​រៀបចំ​សុំ​ព្រះរាជ​ទាន​លើកលែង​ទោស​លោក រង្ស៊ី នៅ​ឆ្នាំ​២០១៣ ដោយ​បើក​ផ្លូវ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ក្រោយពី​ចំណាយ​ពេល​ជាង​បី​ឆ្នាំ​រស់នៅ​និរទេស​ដោយ​ខ្លួនឯង​ក្នុង​ប្រទេស​បារាំង។ គាត់​បាន​ភៀសខ្លួន​ទៅ​ទីនោះ បន្ទាប់ពី​តុលាការ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ញុះញង់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​នៅ​ឆ្នាំ​២០១០ ព្រោះ​បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​ក្នុង​ពេល​មាន​ការ​តវ៉ា​មួយ។

លោក រង្ស៊ី ក៏​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០០៥​ដែរ​ ពី​បទ​បរិហារ​កេរ្តិ៍​លោក​នាយករដ្ឋមន្ត្រី ប៉ុន្តែ បាន​ទទួល​ព្រះរាជទាន​លើក​លែង​ទោស​ដែល​សម្រប​សម្រួល​ដោយ​លោក ហ៊ុន សែន នៅ​ឆ្នាំ​បន្ទាប់​មក។

លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “និយាយ​អ៊ីចឹង​ថា អាង​គុក អាង​ច្រវាក់ ទាហាន និង​ប៉ូលិស។ អ៊ីចឹង កាន់​អំណាច បើ​មិន​ឲ្យ​អាង​អា​ហ្នឹង អាង​អី​គេ?”

“ឥឡូវ​ខ្ញុំ​សួរ​គាត់​វិញៈ ប្រសិនបើ​គាត់​កាន់​អំណាច តើ​គាត់​នឹង​អាង​លើ​អ្វី? វា​មិន​ដែល​កាន់​អំណាច​ឲ្យ​អាង​ទៀន​ធូប​ទេ​វ៉ឺយ”។

លោក ហ៊ុន សែន បាន​ព្យាយាម​ការពារ​យុទ្ធសាស្ត្រ​របស់​លោក ដោយ​រំឭក​អ្នក​ចូល​រួម​ស្តាប់​ថា សូម្បីតែ​អតីត​ប្រធានាធិបតី​បារាំង​ លោក នីកូឡាស សាកូហ្ស៊ី ក៏​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលាការ​ដែរ បន្ទាប់ពី​រដ្ឋាភិបាល​របស់​លោក​ត្រូវ​បាន​ជំនួស​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​លោក​ប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់។

លោក​បាន​សួរ​ថា “ពេល​លោក ហូឡង់ ឡើង​កាន់​អំណាច លោក សាកូហ្ស៊ី ត្រូវ​បាន​ហៅ​ចូល​តុលាការ។ ម៉េច​មិន​ថា រឿង​នយោបាយ​ផង?”

លោក សាកូហ្ស៊ី ត្រូវ​បាន​ប៉ូលិស​សាកសួរ​កាលពី​ឆ្នាំ​មុន ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ក្នុង​ការ​ចោទ​ប្រកាន់​ថា ប្រើ​ឥទ្ធិពល​របស់​លោក​និង​មេធាវី​របស់​លោក។ លោក សាកូហ្ស៊ី បាន​ចោទ​សត្រូវ​របស់​លោក​ថា បាន​ប្រើ​រឿង​អាស្រូវ​ជា​បន្តបន្ទាប់​ដើម្បី​ទម្លាក់​រូប​គាត់​ និង​ធ្វើ​មិន​ឲ្យ​គាត់​អាច​ចូល​ឆាក​នយោបាយ​វិញ​បាន។

លោក ហ៊ុន សែន បាន​ចំណាយ​ពេល​ថ្លែង​ជិត​ពីរ​ម៉ោង​របស់​លោក​ដោយ​លើក​សរសើរ​កំណើន​សេដ្ឋកិច្ច​ដ៏​ច្រើន​របស់​ប្រទេស​កម្ពុជា​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ និង​ការ​ការពារ​ព្រំដែន​របស់​ខ្លួន ក្នុង​នោះ​មាន​ទាំង​ជ័យជម្នះ​ខាង​ផ្លូវ​ច្បាប់​របស់​ខ្លួន​លើ​ប្រទេស​ថៃ នៅ​តុលាការ​អន្តរជាតិ​ផង​ដែរ។

មុន​ពេល​បញ្ចប់ លោក​នាយករដ្ឋមន្ត្រី​លើក​ឡើង​អំពី​ការ​បរាជ័យ​របស់​លោក រង្ស៊ី ក្នុង​ការ​ជំនួស​រូបលោក និង​អំពី​ការ​រៀន​សូត្រ​ដែល​ប្រៀបធៀប​គ្នា​នៃ​កូនៗ​របស់​ពួក​គេ។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​មក​ស្រុក​បារាំង​មាន​ប្រធានាធិបតី​បារាំង​ទទួល ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី។ គ្មាន​នាយករដ្ឋមន្ត្រី សម រង្ស៊ី ទេ”។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​ក៏​បាន​ផ្តល់​អំណោយ​៣០០​ដុល្លារ​ក្នុង​ម្នាក់ៗ​ដល់​និស្សិត​ខ្មែរ​១០៥​នាក់ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​បារាំង ដោយ​បញ្ជាក់​ថា មិន​មែន​ជា​ការ​សូក​និស្សិត​ឲ្យ​មក​ស្តាប់​លោក​និយាយ​ទេ។ លោក ហ៊ុន សែន បាន​បន្ទោស​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​នា​ពេល​ថ្មីៗ ដែល​ថា លោក​បាន​គំរាម​ផ្តាច់​អាហារូបករណ៍​ពី​និស្សិត​ខ្មែរ​ណា​នៅ​ប្រទេស​បារាំង​ដែល​មិន​បាន​មក​ចូល​រួម​ស្តាប់​សុន្ទរកថា​របស់​លោក គឺ​ជា​ការ​អះអាង​ដែល​គណបក្ស​ប្រឆាំង​បាន​បដិសេធ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សង្ឃឹម​ថា បក្ស​ប្រឆាំង​គេ​មិន​ចោទ​ថា គេ​ជួល​ឲ្យ​មក​ស្តាប់​ខ្ញុំ​ទេ”។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ទីនេះ ខ្ញុំ​និយាយ​ទៅ​កាន់​សូម្បី​តែ​កូនៗ​របស់​ រង្ស៊ី ខ្ញុំ​គោរព ស្រឡាញ់ និង​ឃើញ​គេ​ល្អ។ ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា រង្ស៊ី ចាត់​ទុក​កូនៗ​ខ្ញុំ​ជា​ស្អី​នោះ​ទេ”។

“ពិត​មែន​ហើយ សមត្ថភាព​និង​សញ្ញាប័ត្រ​រង្ស៊ី​ទាប​ជាង​របស់​កូន​ខ្ញុំ​ឆ្ងាយ​ណាស់”។ កូន​របស់​គាត់​មិន​ទាន់​មាន​បណ្ឌិត គាត់​ក៏​អត់​បណ្ឌិត​ដែរ។ កូន​ខ្ញុំ មាន​បណ្ឌិត​ពីរ​នាក់ ក្រៅពី​នោះ​អនុបណ្ឌិត​ទាំងអស់”។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ប៉ុន្តែ ខ្ញុំ​មិន​បាន​យក​សញ្ញាប័ត្រ​បណ្ឌិត​និង​អនុបណ្ឌិត​របស់​កូន​ខ្ញុំ​​ទៅ​អួតអាង​ចំពោះ​អ្នក​ដទៃ​ទេ។ មាន​តែ រង្ស៊ី ទេ​អួតអាង មើល​ងាយ​ពួក​ខ្ញុំ”។

លោក រង្ស៊ី ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​អឺរ៉ុប មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​អំពី​ការ​ថ្លែង​ចុង​ក្រោយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទេ។ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទាក់ទង​បាន​ដែរ៕ និត

 

The post លោក ហ៊ុន សែន ព្រមាន​លោក រង្ស៊ី ទាក់ទិន​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ថ្មី appeared first on ខេមបូឌា ដេលី.