Rooney​ នឹង​រៀបចំ​ការ​ប្រកួត​​សប្បុរស​ធម៌​​នៅ​ Old Trafford


Rooney​ នឹង​រៀបចំ​ការ​ប្រកួត​​សប្បុរស​ធម៌​​នៅ​ Old Trafford

កីឡាករ​ខ្សែ​ប្រយុទ្ធ​ Wayne Rooney​ បាន​ទទួល​ភ្លើង​ខៀវ​ពី​ក្លិប​ Manchester United​ ក្នុង​ការ​រៀបចំ​កម្មវិធី​ប្រកួត​សប្បុរសធម៌​មួយ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​កីឡដ្ឋាន​ Old Trafford​ ក្នុង​ឆ្នាំ​ក្រោយ។

 

Rooney​ នឹង​រៀបចំ​ការ​ប្រកួត​​សប្បុរស​ធម៌​​នៅ​ Old Trafford

 

ចំណូល​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​ត្រូវ​បាន​កីឡាករ​វ័យ​៣០​ខាងលើ​ បរិច្ចាគ​ទៅ​សកម្មភាព​សប្បុរស​ធម៌​នានា​ តាម​រយៈ​មូលនិធិ​ដែល​មាន​ឈ្មោះ​ថា​ Wayne Rooney Foundation។

 

 

បើ​តាម​ការ​គ្រោង​ទុក​ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៣​ ខែ​សីហា​ ឆ្នាំ​ក្រោយ គឺជា​កាល​បរិច្ឆេទ​គម្រប់​ ១២ឆ្នាំ ដែល​ Wayne Rooney​ ប្រកប​អាជីព​បាល់ទាត់​ជាមួយ​ក្រុម​បិសាច​ក្រហម​ Manchester United​ ហើយ​ស្ថាប័ន​មួយ​ចំនួន​ដែល​មូល​និធិ​ Rooney​ គ្រោង​ផ្ដល់​ជំនួយ​ឲ្យ​រួម​មាន៖​ NSPCC, មន្ទីរពេទ្យ​កុមារ​ Alder Hey, Claire House Hospice​ និង​មូលនិធិ​ របស់​ក្លិប​ Man Utd​ ផ្ទាល់​តែ​ម្ដង។

 

 

ថ្លែង​ទាក់​ទង​នឹង​ការ​ប្រកួត​ អតីត​យុវជន​ក្រុម​ Everton ​បាន​ប្រាប់​ថា៖ “ខ្ញុំ​ពិត​ជា​អរគុណ​ដល់​ អ្នក​ពាក់​ព័ន្ធ​ទាំងអស់​ដែល​បាន​ធ្វើ​ឲ្យ​ផែនការ​ប្រកួត​សប្បុរសធម៌​ក្លាយ​ជា​ការ​ពិត​ ជា​ពិសេស​សូម​អរគុណ ដល់​អ្នក​គាំទ្រ​ដែល​តែង​តែ​ផ្ដល់​ការ​គាំទ្រ​ដល់​រូប​ខ្ញុំ​និង​ក្រុម​ទាំងមូល។ ខ្ញុំ​សង្ឃឹម​ថា​ អ្នក​ទាំងអស់​គ្នា​នឹង​ចូលរួម​បរិច្ចាគ​ថវិកា​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​ដល់​មូលនិធិ”។

 

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ព័ត៌មាន​បន្ថែម​ពី​ការ​ប្រកួត​ ក៏​ដូចជា​តម្លៃ​សំបុត្រ​ និង​ក្រុម​ដែល​ត្រូវ​ប្រកួត​ជាមួយ ​នៅ​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ៕

 

-ចុចអាន៖ Sanchez ​ជា​កីឡាករ​ដំបូង​គេ​ធ្វើ​បាន​ហ៊ែតទ្រីក ​នៅ​លីក​កំពូល​អឺរ៉ុប​៣​ផ្សេង​គ្នា

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ metro