យន្តហោះ​អង់គ្លេស​1​គ្រឿង​បែក​កង់​ពេល​ចុះ​នៅ​អាហ្វ្រិក​ខាងត្បូង​តែ​ពុំ​មាន​មនុស្ស​របួស

រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស​គូសបញ្ជាក់​ថា យន្តហោះ​ប៊ូ​អីុ​ង​៧៣៧-៤០០​មួយ​គ្រឿង​របស់​ក្រុមហ៊ុន BRITISH AIRWAYS ដែល​ដឹក​មនុស្ស​១០០​នាក់​បាន​បែក​កង់​មួយ​ពេល​ចុះ​ចត កាលពី​ថ្ងៃ​ទី​២៦ តុលា លើ​ផ្លូវ​ចុះឡើង​នៃ​យន្តហោះ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ OR TAMBO ជិត​ទីក្រុង​ចូ​ហា​ណេ​ស្បួ​រ អាហ្វ្រិក​ខាងត្បូង ក៏​ប៉ុន្តែ​ពុំ​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ឡើយ ។

មនុស្ស​១០០​នាក់ ក្នុង​នោះ​មាន​អ្នកដំណើរ​៩៤​នាក់ និង​សមាជិក​ក្រុម​យានិក​៦​នាក់​ជិះ​ក្នុង​យន្តហោះ​នេះ​របស់​ក្រុមហ៊ុន BRITIS H AIRWAYS ដែល​ហោះ​មក​ពី​ទីក្រុង PORT ELIZABETH  ហើយ​ជួប​ប្រទះ​នឹង​គ្រោះថ្នាក់ ពេល​ចុះ​ចត​នា​វេលា​ថ្ងៃត្រង់ ។ លោក IRIK VENTER ប្រធាន​អគ្គនាយក​របស់​ក្រុមហ៊ុន COMAIR ជា​សាខា​របស់ BRITISH AIRWAYS នៅ​អាហ្វ្រិក​ខាងត្បូង​ថ្លែង​ថា យន្តហោះ​នេះ​ចុះ​ចត​ធម្មតា​តែ​ក្រុម​យានិក​ចាប់អារម្មណ៍​ដែល​យន្តហោះ​រេ​ចុះឡើង​ខុស​ពី​ទម្លាប់ ព្រោះតែ​កង់​យន្តហោះ​ផ្នែក​ខាងឆ្វេង​មួយ​ផ្ទុះ​បែក ។ អ្នកដំណើរ​ទាំងអស់ និង​បណ្តា​សមាជិក​ក្រុម​យានិក​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ ។

រូបភាព​នានា​បង្ហោះ​តាម​បណ្តាញ​សង្គម​បង្ហាញ​យន្តហោះ​នេះ​ផ្អៀង​ម្ខាង ដោយ​ស្លាប​ខាងឆ្វេង​របស់​វា​ប៉ះ​នឹង​ដី ។ ក្រោយ​គ្រោះថ្នាក់​នេះ​ផ្លូវ​ចុះឡើង​របស់​ព្រ​លាន​យន្តហោះ OR TAMBO ជា​ព្រ​លាន​យន្តហោះ​ធំ​ជាងគេ​បំផុត​របស់​អាហ្វ្រិក​ខាងត្បូង​បាន​បិទ​បណ្តោះអាសន្ន ញ៉ាំង​ឱ្យជើង​ហោះហើរ​មួយ​ចំនួន​ជួប​ការ​យឺតយ៉ាវ​ប្រមាណ​មួយ​ម៉ោង ៕