ក្រុម​រដ្ឋ​អិុស្លា​ម​អះអាង​ពី​ការ​វាយប្រហារ​ថ្មី​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត

មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​របួស​កាលពី​ថ្ងៃ​ទី​២៦ តុលា ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​មួយ​ប្រឆាំង​ព្រះ​វិហារ​អិុស្លា​ម​នៅ NAJRANE នា​ភាគ​ខាងត្បូង​អា​រ៉ា​ប៊ី​សា អ៊ូ​ឌី​ត ជិត​ព្រំដែន​ជាមួយ​យេ​ម៉ែ​ន ។ ការ​វាយប្រហារ​នេះ​ត្រូវ​បាន​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​មួយ​នៃ​អង្គការ​រដ្ឋ​អិុស្លា​ម ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ក្រសួងមហាផ្ទៃ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ថា ការ​វាយប្រហារ​នេះ​កើត​មាន​ក្រោយ​ការសូត្រ​ធម៌​បន្តិច​ពេល​ថ្ងៃ​លិច ក្នុង​ព្រះ​វិហារ AL MASHAD ក្នុង​សង្កាត់​មួយ​ជាយក្រុង NAJRANE ។ លើ​តាម​សេចក្តី​ប្រកាស​នេះ ពេល​សាសនិក​អិុ​ស្លា​ម​នាំ​គ្នា​ចាក​ចេញពី​ព្រះ​វិហារ មនុស្ស​ម្នាក់​មាន​គ្រឿងផ្ទុះ​ដាក់​នឹង​ចង្កេះ​បាន​ចូល​ក្នុង​ព្រះ​វិហារ ហើយ​បាន​ចុច​ឱ្យ​ផ្ទុះ ។

តាម​អីុ​ន​ធើ​រ​ណេ​ត​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៃ​ខេត្ត HIJAZ ប្រកាស​ទទួលខុសត្រូវ ហើយ​ការ​វាយប្រហារ​នេះ​ដោយ​និយាយ​ថា តាម TWITTER ថា យុទ្ធ​ជន​ម្នាក់​របស់​ខ្លួន​ឈ្មោះ ABOU ISHAQ AL HIJAZI បាន​ធ្វើ​ឱ្យ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​ផ្ទុះ ក្នុង​កណ្តាល​ការ​ប្រមូលផ្តុំ​គ្នា​របស់​ពួក​ស៊ី​អីុត​ក្នុង​ព្រះ​វិហារ AL MASHAD បណ្តាល​ឱ្យ​ស្លាប់ និង​របួស​ច្រើន​នាក់ ។

មានការ​វាយប្រហារ​ភេរវកម្ម​ជា​ច្រើន​ប្រឆាំង​ពួក​ស៊ី​អីុ​ត​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ចាប់តាំងពី​ឆ្នាំ​មុន​មក ។

អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ជា​ប្រទេស​ខ្លាំង​មួយ​ក្នុង​តំបន់​ចាប់តាំងពី​១​ឆ្នាំ​មក​ហើយ ស្ថិត​ក្នុង​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អិុស្លា​ម​នៅ​អីុរ៉ា​ក់ និង​នៅ​ស៊ី​រី ហើយ​ចាប់តាំងពី​ខែមីនា​មក ជា​ប្រមុខ​នៃ​ក្រុមចម្រុះ​អា​រ៉ាប់ ស៊ុន​នី​ត ដែល​ប្រយុទ្ធ​ប្រឆាំង​ពួក​ឧទ្ទាម​ស៊ី​អីុ​ត ហ៊ូ​ធី នៅ​យេ​ម៉ែ​ន ៕