មនុស្ស​1​សែន​2​ម៉ឺន​នាក់​រត់​ភៀសខ្លួន​នៅ​ខេត្ត​អា​ឡែ​ប ហា​ម៉ា និង​អីុ​ដ​លី​ប ស៊ី​រី​ក្នុង​ខែតុលា

អ​.​ស​.​ប គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៦ តុលា ថា មនុស្ស​យ៉ាងតិច​១២០.០០០​នាក់​រត់​ភៀសខ្លួន​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​នៅ​ខេត្ត​អា​ឡែ​ប ខេត្ត​ហា​ម៉ា និង​ខេត្ត​អីុដ​លី​ប ស៊ី​រី តាំងពី​ដើមខែ​តុលា​នេះ​មក ។

អ្នកនាំពាក្យ​ម្នាក់​នៃ​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់ អ​.​ស​.​ប លោកស្រី VANESSA HUGUENIN ថ្លែងប្រាប់ AFP នៅ​ក្រុង​ហ្សឺ​ណែវ​ថា បណ្តា​ភ្នាក់ងារ​មនុស្សធម៌​ពេល​នេះ​យល់​ថា មនុស្ស​យ៉ាងតិច​១២០.០០០​នាក់​រត់​ភៀសខ្លួន​នៅ​ខេត្ត​អា​ឡែ​ប ខេត្ត​ហា​ម៉ា និង​ខេត្ត​អីុដ​លី​ប តាំងពី​ដើមខែ​តុលា​មក ដោយសារ​ការ​ប្រយុទ្ធ​គ្នា ដែល​នៅ​បន្ត ។ លោកស្រី​បញ្ជាក់​ថា តួលេខ​អ្នក​រត់​ភៀសខ្លួន​មាន​ដល់​៥០.០០០​នាក់ កាលពី​ស​ប្តា​ហ៍​មុន ។

ជម្លោះ​នៅ​ស៊ី​រី​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២៥០.០០០​នាក់ ហើយ​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១១ មក ប្រែ​ក្លាយទៅជា​សង្គ្រាម​មួយ​កាន់តែ​ស្មុគស្មាញ ដោយ​មានការ​លោត​ចូល​របស់​តួអង្គ​ជា​ច្រើន ។ តួអង្គ​ចុង​ក្រោយ​គេ​គឺ​រុ​ស្ស៊ី​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦ តុលា ថា បាន​ធ្វើការ​វាយប្រហារ​លើ​បណ្តា​គោលដៅ​៩៤​របស់​ពួក​ភេរវ​ករ​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​នោះ​ជា​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​បំផុត តាំងពី​រុ​ស្ស៊ី​ចាប់ផ្តើម​ធ្វើ​អន្តរាគមន៍​ពី​ថ្ងៃ​ទី​៣០ កញ្ញា មក ។ ការ​វាយប្រហារ​ទាំងនេះ​មាន​ជា​ពិសេស​នៅ​ខេត្ត​អា​ឡែ​ប ហា​ម៉ា និង​អីុដ​លី​ប ៕