ចិន​បញ្ចេញ​ប្រតិកម្ម​ដោយ​ខឹងសម្បា​ចំពោះ​វត្តមាន​នាវាចម្បាំង​អា​​មេ​រិ​កមួយ​ជិត​កោះ​ស្ប្រា​ត​លី

នាវាចម្បាំង​អា​មេ​រិ​ក​១​គ្រឿង​កាលពី​ថ្ងៃ​ទី​២៧ តុលា បាន​ចូល​ទៅ​ក្បែរ​ប្រជុំ​កោះ​សិប្បនិមិត្ត​កសាង​ដោយ​ក្រុង​ប៉េ​កាំ​ង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ញ៉ាំង​ឱ្យ​មានការ​ថ្កោលទោស​ដោយ​ខឹងសម្បា​ពី​សំណាក់​អាជ្ញាធរ​ចិន ដែល​បរិហារ​ថា នេះ​ជា​ការ​គំរាមកំហែង​មួយ​ដល់​អធិបតេយ្យភាព​របស់​ចិន ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​អា​េ​ម​រិ​ក​គូសបញ្ជាក់​ប្រាប់ AFP ថា នាវា​បាញ់​គ្រាប់​មី​ស៊ី​ល USS LASSEN កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ តុលា បាន​បើកបរ​ក្នុង​ដែនទឹក​ជុំវិញ​កោះ​មួយ ក្នុង​ចំណោម​ប្រជុំ​កោះ​ទាំងនេះ​ដែល​ចិន​អះអាង​ថា ជា​របស់​ខ្លួន​ក្នុង​តំបន់​ប្រជុំ​កោះមាន​ជម្លោះ​ស្ប្រា​ត​លី​បែប​នេះ នាំ​ឱ្យ​ចិន​សម្តែង​ពី​ការ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់ ។

ក្នុង​សេចក្តី​ប្រកាស​មួយ លោក LU KANG អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ថ្លែង​ថា នាវាចម្បាំង​អា​មេ​រិ​កបាន​ចូល​ដោយ​ខុសច្បាប់ ហើយ​គ្មាន​ការ​អនុញ្ញាត​របស់​ចិន ក្នុង​ដែនទឹក​ជុំវិញ​ប្រជុំ​កោះ​នោះ ហើយ​ទ​ង្វើ​បែប​នេះ​គំរាមកំហែង​ដល់​អធិបតេយ្យភាព​របស់​ចិន និង​បណ្តា​ផលប្រយោជន៍​សន្តិសុខ​របស់​ខ្លួន ។

អ្នកនាំពាក្យ​រូប​នោះ​បន្ត​ថា បណ្តា​ផ្នែក​ទាក់ទិន​យោង​តាម​ច្បាប់​តាមដាន​នាវា​នេះ បន្ទាប់​មក​ធ្វើការ​ព្រមាន​មួយ ។ រដ្ឋាភិបាល​ចិន​នឹង​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រាល់​សកម្មភាព​បង្កហេតុ ។

ចិន​ចាត់ទុកជា​ដែនទឹក​របស់​ខ្លួន តំបន់​មួយ​មាន​ចម្ងាយ​១២​ម៉ា​យ​ជុំវិញ​កោះ​ទាំងឡាយ​ដែល​ខ្លួន​កសាង​នៅ​តំបន់​ប្រជុំ​កោះ​ស្ប្រា​ត​លី ។ ក៏​ប៉ុន្តែ​សហរដ្ឋ​អា​មេ​រិ​ក​បដិសេធ​ការ​ទាមទារ​នេះ​ដោយ​វាយតម្លៃ​ថា ចិន​ពុំ​អាច​បង្កើត​អធិបតេយ្យ​មួយ​លើ​ដែនទឹក​យុទ្ធសាស្ត្រ​ទាំងនោះ​ដែល​ក្រុង​ប៉េ​កាំ​ង​មាន​ជម្លោះ​ដែនដី​ដ៏​ចម្រូងចម្រាស់​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​ជិតខាង​ឡើយ ។ អ្នក​ទទួលខុសត្រូវ​អា​​មេ​រិ​ក​ម្នាក់​អះអាង​នា​ពេល​មុន​នេះ​ថា យើង​នឹង​ធ្វើ​ប្រតិបត្តិការ​ជា​ទម្លាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​យើង​នឹង​បើកបរ​ក្នុង​ដែនទឹក​អន្តរជាតិ​ពេល​យើង​ចង់​ធ្វើ ៕