គ.ជ.ប ត្រៀមលក្ខណៈ ចុះឈ្មោះបោះឆ្នោត សាជាថ្មីជូន ពលរដ្ឋ១០លាននាក់

ភ្នំពេញ៖ លោក គួយ ប៊ុនរឿន អនុប្រធាន គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានថ្លែងឲ្យដឹងថា គ.ជ.បត្រៀមលក្ខណៈ ក្នុងការរៀបចំការចុះឈ្មោះ អ្នកបោះឆ្នោតសាជាថ្មី ឡើងជូនប្រជាពលរដ្ឋ ប្រមាណ ១០លាន នាក់។

ការថ្លែងរបស់លោកនេះ បានធ្វើឡើងនៅទីស្តីការគ.ជ.ប នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅពេលលោក ចូលរួមបើកបើក វគ្គបណ្ដុះបណ្ដាលស្ដីពីការចុះឈ្មោះបោះឆ្នោតសាកល្បងនៅឆ្នាំ២០១៥តាមប្រព័ន្ធកុំព្យូទ័រ ដល់ តំណាងបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សរុបទាំងអស់ប្រមាណ ១៤៤ នាក់។

បើតាមសេចក្ដីប្រកាសព័ត៌មាន លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ មានគោល បំណង ផ្ដល់ចំណេះដឹង និងពង្រឹងសមត្ថភាពដល់ប្រធាន អនុប្រធាន គ្រូបង្ហាត់នៃ លធ.ខប ដើម្បីត្រៀមលក្ខណៈ សម្រាប់ការចុះឈ្មោះបោះឆ្នោតសាកល្បងឆ្នាំ២០១៥។

លោកបន្តថា បានត្រៀមលក្ខណៈក្នុងការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោតសាជាថ្មីឡើងជូនប្រជាពលរដ្ឋ ប្រមាណ ១០លាននាក់ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខ ក្នុង គោលដៅបង្កើតជំនឿទុកចិត្តដល់អ្នកបោះឆ្នោត និងភាគីពាក់ព័ន្ធនានា ដែលបានចូលរួមប្រកួតប្រជែង ការ បោះឆ្នោត ដោយស្មើភាព ដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។

លោកថា នេះជាលើកទី១ ហើយដែលកម្ពុជាមានការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ប្រកបដោយស្មារតី ទទួលខុសត្រូវ និង មានប្រសិទ្ធភាពខ្ពស់៕