រថយន្ត​បា​ឡែ​ន​ត្របាក់​ជីវិត​ក្មេង​ប្រុស​អាយុ​6​ឆ្នាំ

ខេត្តកំពង់ចាម ៖ រថយន្ត​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​១​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AB-៧១៣៥ បាន​បើក​បោះពួយ​នៅ​លើ​ផ្លូវជាតិ​លេខ​៧២​ទៅ​បុក​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ យ៉ុ​ន ដា អាយុ​៥​ឆ្នាំ ត្រង់​ចំណុច​អូរ​ត្រង ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​ទី​២ ឃុំ​ត្រពាំង​ថ្លុ​ង ស្រុក​ពញាក្រែក នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៦ តុលា បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ ក្រោយមក​ក៏​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​វិញ​បាន​បើក​រត់​ពី​កន្លែង​កើតហេតុ​ជា​ច្រើន​គីឡូម៉ែត្រ​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ​ព្រៃ​រំដេង ហើយ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​គេចខ្លួន​បាត់ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ដា បាន​រត់​បង្ហោះ​ក្លែង​លេង​ឆ្លងផ្លូវ​ជាតិ​លេខ​៧២ ស្រប​ពេល​រថយន្ត​បើក​ក្នុង​ទិស​ដៅ​ពី​រង្វង់​មូល​តា​ដំបងគ្រញូង​ឆ្ពោះទៅ​កាន់​ច្រក​អន្តរជាតិ​ត្រពាំង​ថ្លុ​ង ស្រុក​ពញាក្រែក​ ក៏​បាន​បុក​ក្មេង​នេះ​ពេញទំហឹង​ផ្លោង​ជា​ច្រើន​ម៉ែត្រ​រង​របួស​ជា​ទម្ងន់ ។

មន្ត្រី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ត​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ។ ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​ក្រោយ​ពី​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក​មិន​បាន​ប៉ុន្មាន​ផង ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ប្រគល់​ឲ្យ​ឪពុក​ម្ដាយ​ដឹក​សព​កូន​ត្រឡប់​មក​ផ្ទះ​វិញ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។

យោង​តាម​មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចំពោះ​ជន​ណា​ដែល​បើកបរ​ធ្វេសប្រហែស​បង្ក​ឱ្យ​អ្នក​ដទៃ​ស្លាប់​នឹង​ត្រូវ​ដាក់​ពន្ធនាគារ​ពី​១​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១៥​លាន​រៀល ៕