អង្គការ​អន្តរជាតិ​រក​ឃើញ​ថា​ក្រុមហ៊ុន​វៀតណាម​រំលោភ​សិទ្ធិមនុស្ស​និង​កាប់​បំផ្លាញ​ព្រៃឈើ

ការ​ស៊ើប​អង្កេត​របស់​អង្គការ ហ្វរែស្ត ស្ទីវវើដស៊ីប ខោនស៊ល (Forest Stewardship Council= FSC) រក​ឃើញ​ថា ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group) បាន​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​រឹប​អូស​ដី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស។

បន្ទាប់​ពី​ការ​រក​ឃើញ​ករណី​ទាំង​នេះ អង្គការ​អន្តរជាតិ​មួយ​នេះ បាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប។ អង្គការ​អន្តរជាតិ​នេះ​ក៏​បាន​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល​កម្ពុជា ថា​បរាជ័យ​មិន​បាន​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​វិញ បាន​ច្រាន​ចោល​ការ​ការ​ស្ដី​បន្ទោស​នេះ។

អង្គការ FSC បាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​រយៈពេល ៥​ខែ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​រក​ឃើញ​ថា ក្រុមហ៊ុន​មួយ​នេះ​បាន​រំលោភ​យក​ដី​ជនជាតិ​ដើម​ភាគតិច ដោយ​ពុំ​មាន​ការ​យល់​ព្រម​ពី​ប្រជាជន និង​បាន​កាប់​ព្រៃឈើ​កម្រ​ដោយ​ខុស​ច្បាប់។

អង្គការ FSC ជា​អង្គការ​អន្តរជាតិ​ដែល​ផ្ដល់​ប័ណ្ណ​ទទួលស្គាល់​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​គោរព​គោលការណ៍​ថែរក្សា​សង្គម និង​បរិស្ថាន​បាន​ល្អ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា បង្ហាញ​ថា ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប គឺ​ជា​ក្រុមហ៊ុន​មួយ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម បាន​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុស​ច្បាប់​យ៉ាង​ហោច​ណាស់ ៥​ម៉ឺន​ហិកតារ​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​បញ្ចូល​ទាំង​ព្រៃឈើ​នៅ​ក្នុង​តំបន់​អភិរក្ស និង​តំបន់​ការពារ​សត្វព្រៃ​ផង។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​ការ​រក​ឃើញ​របស់​អង្គការ FSC នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា បាន​នៅ​ឡើយ​ទេ។ បើ​យោង​តាម​អង្គការ FSC ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប ទទួល​បាន​ដី​សម្បទាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រមាណ ១០​ម៉ឺន​ហិកតារ។

ការ​ស៊ើប​អង្កេត​នោះ ក៏​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប បាន​កាប់​បំផ្លាញ​ដើម​ជ័រទឹក​រាប់​សិប​ពាន់​ដើម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រភព​ចំណូល​របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​រស់​ពឹង​អាស្រ័យ​លើ​ការ​រក​ជ័រ​ទឹក។ ការ​ស៊ើប​អង្កេត​បាន​បន្ត​ថា ក្រុមហ៊ុន​នេះ​មិន​បាន​ផ្ដល់​សំណង​សមរម្យ​ដល់​ប្រជាជន ដោយ​បាន​ប្រើ​គោលការណ៍ "បើ​មិន​យក ចាកចេញ (take it or leave it)” ដែល​បង្ខំ​ឲ្យ​ប្រជា​សហគមន៍​ទទួល​យក​សំណង​ទាំង​បង្ខំ។

លោក ផាតទ្រីក អាលី (Patrick Alley) នាយក​នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ទង្វើ​របស់​អង្គការ FSC ដែល​បាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប ជា​ការ​ត្រឹមត្រូវ។ លោក ផាតទ្រីក អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​ការ​ខូចខាត​ដែល​បាន​បង្ក​ឡើង​ដោយ​ផ្ដល់​សំណង់​ពេញលេញ​ចំពោះ​ការ​កាប់​ដើម​ជ័រ​ទឹក​របស់​សហគមន៍ និង​ការ​រំលោភ​យក​ដី​សហគមន៍។

ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ FSC ក៏​បាន​ទម្លាក់កំហុស​ដាក់​រដ្ឋាភិបាល​កម្ពុជា ថា​បរាជ័យ​មិន​បាន​អនុវត្ត​ច្បាប់​ស្ដីពី​សិទ្ធិ​ដី​សហគមន៍ និង​មិន​បាន​ការពារ​ព្រៃឈើ។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​អង្គការ FSC។ លោក​ពន្យល់​ថា រដ្ឋាភិបាល​បាន​ដោះស្រាយ​បញ្ហា​នានា ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ដី​សម្បទាន ហើយ​រដ្ឋាភិបាល​បាន​អនុវត្ត​តាម​ច្បាប់​ត្រឹមត្រូវ នៅ​ពេល​ផ្ដល់​ដី​សម្បទាន៖ «»។

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ បាន​ចេញ​បទបញ្ជា​ឲ្យ​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​បន្ថែម​ទៀត ហើយ​លោក​បាន​ប្រកាស​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​មុន​ផង​ដែរ។

បើ​តាម​ទិន្នន័យ​របស់​អង្គការ​លីកាដូ ដី​ជាង ២​លាន​ហិកតារ ត្រូវ​បាន​ផ្ដល់​ជា​ដី​សម្បទាន​ចំនួន ២៧០​កន្លែង​ផ្សេង​គ្នា ហើយ​បើ​តាម​អង្គការ​ឃ្លាំមើល​ពិភពលោក ដី​សម្បទាន​ភាគ​ច្រើន​ដែល​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន ដោយ​មិន​បាន​ទទួល​ការ​យល់​ព្រម​ពី​ប្រជា​សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។