ភ្ញៀវ​ទេសចរ​រុស្ស៊ី​មក​កម្សាន្ត​កម្ពុជា​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៥

ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ជនជាតិ​ខ្មែរ និង​មគ្គុទ្ទេសក៍​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ​ទៀត​ដែល​និយាយ​ភាសា​រុស្ស៊ី បាន​ចូលរួម​បណ្ដុះបណ្ដាល​ជំនាញ និង​បំប៉ន​សមត្ថភាព​ជាមួយ​គ្នា​រួច​ជា​ស្រេច ដើម្បី​ត្រៀម​ខ្លួន​បម្រើ​សេវាកម្ម​ផ្នែក​ភាសា និង​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​រុស្ស៊ី ដែល​នឹង​មក​កម្សាន្ត​ក្នុង​ពេល​ដែល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចូល​មក​ដល់។

ក៏ប៉ុន្តែ​បច្ចុប្បន្ន ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ទាំង​នោះ បែរ​ជា​មិន​សូវ​មមាញឹក​លើ​ការងារ​ប្រចាំ​ថ្ងៃ​ទៅ​វិញ ដោយសារ​តែ​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​រុស្ស៊ី ដែល​មក​ទស្សនា​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ការ​ធ្លាក់​ចុះ។

ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ជនជាតិ​ខ្មែរ​ដែល​និយាយ​ភាសា​រុស្ស៊ី នៅ​ក្នុង​ខេត្ត​សៀមរាប កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​ចំណូល​ប្រចាំ​ថ្ងៃ ដែល​បាន​ពី​ការ​នាំ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​អង្គរ ដោយសារ​តែ​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​រុស្ស៊ី កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

មគ្គុទ្ទេសក៍​ទេសចរណ៍​ដែល​និយាយ​ភាសា​រុស្ស៊ី ម្នាក់​ក្នុង​ចំណោម​ជាច្រើន​ទៀត គឺ​លោក ពេជ្រ សុធិន។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២៧ ខែ​តុលា ថា បច្ចុប្បន្ន ភ្ញៀវ​ទេសចរ​ជនជាតិ​រុស្ស៊ី ដែល​មក​កម្សាន្ត​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ លោក ពេជ្រ សុធិន បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា នេះ ធ្វើ​ឲ្យ​រូប​លោក និង​មគ្គុទ្ទេសក៍​ជាច្រើន​ទៀត មិន​សូវ​មាន​ការងារ​ធ្វើ ព្រម​ទាំង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​ចំណូល​ប្រចាំ​ថ្ងៃ​ដែរ៖ «ខ្ញុំ​មិន​ដឹង​ថា ខាង​ផ្នែក​ប្រទេស​អាស៊ាន​វា​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​បើ​តាម​ខ្ញុំ​យល់ ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ទេសចរ​ជនជាតិ​រុស្ស៊ី នេះ គឺ​បណ្ដា​ប្រទេស​អាស៊ាន​ទូទៅ គឺ​ដូច​គ្នា»

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ជនជាតិ​ខ្មែរ​និយាយ​ភាសា​រុស្ស៊ី នៅ​ក្នុង​ខេត្ត​សៀមរាប លោក រស់ សណ្ដាន មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា រយៈពេល​ជាច្រើន​ខែ​មក​ហើយ​ក្នុង​ឆ្នាំ​២០១៥ គឺ​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​រុស្ស៊ី ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​នេះ​មក។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ជនជាតិ​ខ្មែរ​និយាយ​ភាសា​រុស្ស៊ី ដដែល ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខិតខំ​ប្រឹងប្រែង​ជា​ថ្មី​លើ​ការ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​រុស្ស៊ី ឲ្យ​មក​ទស្សនា​កម្ពុជា បាន​ច្រើន​ឡើង​វិញ៖ «បើ​សិន​ជា​រដ្ឋាភិបាល​គាត់​មាន​វិធីសាស្ត្រ​យ៉ាង​ណា ដើម្បី​ទាក់ទាញ​ភ្ញៀវ​រុស្ស៊ី ឲ្យ​បាន​មក​កាន់​តែ​ច្រើន​ទៀត គឺ​ល្អ»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា កន្លង​ទៅ ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ជនជាតិ​ខ្មែរ​ដែល​និយាយ​ភាសា​រុស្ស៊ី ព្រម​ទាំង​មគ្គុទ្ទេសក៍​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ចំនួន ៣៥​នាក់ បាន​បញ្ចប់​វគ្គ​បំប៉ន​សមត្ថភាព ដើម្បី​ត្រៀម​ចាំ​បម្រើ​ភ្ញៀវ​ទេសចរ​ជនជាតិ​រុស្ស៊ី នៅ​ក្នុង​ពេល​ដែល​ស្ថានភាព​ចំនួន​អ្នក​ទេសចរ​ជនជាតិ​រុស្ស៊ី មិន​សូវ​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ ទទួល​ស្គាល់​ថា ក្នុង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០១៥ ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​រុស្ស៊ី ដែល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ ភ្ញៀវ​ទេសចរ​រុស្ស៊ី ដែល​មក​ទស្សនា​កម្ពុជា ចំនួន​ប្រមាណ ១២​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​ធ្វើ​ឲ្យ​លំដាប់​ថ្នាក់​នៃ​តួលេខ​អ្នក​ទេសចរ​រុស្ស៊ី ធ្លាប់​ស្ថិត​ក្នុង​លេខ​រៀង​ទី​៦ ក្នុង​ចំណោម​ចំណាត់​ថ្នាក់​ល្អ​របស់​តួលេខ​ទេសចរណ៍​ទាំង​១០ ក៏ប៉ុន្តែ​នៅ​ក្នុង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០១៥ នេះ ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​រុស្ស៊ី បាន​ធ្លាក់​ចុះ​ដោយ​មិន​មាន​ឈ្មោះ​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​ល្អ​ទាំង​១០ របស់​តារាង​វាយ​តម្លៃ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។