វិធី​សាមញ្ញ​៤​បែប​ដែល​ការពារ​ពី​ជម្ងឺ​គ្រុនផ្តាសាយ​

វិធី​សាមញ្ញ​៤​បែប​ដែល​ការពារ​ពី​ជម្ងឺ​គ្រុនផ្តាសាយ​

​រដូវ​រងា​ជិត​មក​ដល់​ហើយ ហើយ​គឺជា​ពេល​ដែល​អ្នក​អាច​នឹង​កើត​ជម្ងឺ​ផ្តាសាយ ហៀរ​សំបោរ តឹង​ច្រមុះ ពិបាក​ដកដង្ហើម​។ ថ្វី​បើប្រេ​វ៉ាឡង់​កើត​ជម្ងឺ​ខ្ពស់ អ្នក​នៅ​តែ​អាច​បង្ការ​ខ្លួន​បាន​ដោយ​អនុវត្ត​វិធី​៤​យ៉ាង​ខាងក្រោម​នេះ​។​
 
១- កុំ​យក​ដៃ​ទៅ​ប៉ះ​មុខ​
តាម​ធម្មតា ជម្ងឺ​ផ្តាសាយ​ឆ្លង​តាម​ការដកដង្ហើម​យក​ខ្យល់​ដែល​មាន​ផ្ទុក​មេរោគ ក៏​ប៉ុន្តែ​វា​ងាយ​នឹង​ឆ្លង​ខ្លាំង​ណាស់​កាលណា​យើង​យក​ដៃ​ដែល​មិន​ស្អាត មាន​មេរោគ មក​ជូត​មុខ​។ ការសិក្សា​មួយ​របស់ Clinical Infectious Diseases របស់​អាមេរិក នៅក្នុង​ឆ្នាំ​២០១២​បានឱ្យដឹង​ថា​យើង​យក​ដៃ​មក​ជូត​មុខ​ជា​មធ្យម​៣.៦​ដង​ក្នុង​១​ម៉ោងៗ ហើយ​កម្មករ​ដែល​តែងតែ​យកដៃ​មក​ជូត​ច្រមុះ​ឬ​ភ្នែកមាន​អត្រា​កើត​ជម្ងឺ​ផ្លូវដង្ហើម​រហូតដល់​ទៅ​៤១%​។​
​ដូច្នេះ អ្នក​ត្រូវ​ប្រាកដ​ថា​ដៃ​របស់​អ្នក​ស្អាត បើសិន​ជា​ត្រូវ​យកមក​ជូត​មុខ​។​
 

២- ត្រូវ​គេង​ឱ្យបាន​គ្រប់គ្រាន់​
ការ​ត្បិតត្បៀត​ដំណេក​អាច​ធ្វើឱ្យ​ប៉ះបាល់​ដល់​សុខភាព​បាន​។ បើ​តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​នៅក្នុង the journal Sleep អ្នក​ដែល​គេង​តិចជាង​៦​ម៉ោង​ក្នុង​១​យប់ៗ​អាច​នឹង​កើត​ជម្ងឺ​ផ្តាសាយ​៤​ដង​ច្រើនជាង​អ្នក​ដែល​គេង​៧​ម៉ោង​ឬ​លើសពីនេះ​។ លោក Aric Prather, Ph.D. បាន​ពន្យល់ថា ការ​គេង​មិន​គ្រប់គ្រាន់​ធ្វើ​ឱ្យ​បាត់បង់ កោសិកា B និង T ដែលជា​អ្នក​ការពារ​រាងកាយ​ពី​វីរុស​។ ម្យ៉ាងទៀត ដំណេក​មិន​គ្រប់គ្រាន់​ក៏បង្ក​ការ​ងាយស្រួល​ដល់​រាល់​ការ​រលាក​ផងដែរ​។​
 

៣- ត្រូវ​ហាត់ប្រាណ​ជាប្រចាំ​
ការ​ហាត់ប្រាណ​ជួយ​ធ្វើឱ្យ​សីតុណ្ហភាព​រាងកាយ​នៅក្តៅ ដែល​បង្ក​ការ​ងាយស្រួល​ដល់​ចលនា​ឈាម​រត់ ហើយ​ក៏​បង្ក​ការងាយស្រួល​នៅ​ក្នុង​ការ​កេណ្ឌ​កោសិកា​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​ចេញពី​ជាលិកា​ឡាំផូអ៊ីត ផងដែរ​។ ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ បានឱ្យដឹងថា អ្នក​ដែល​ហាត់ប្រាណ​យ៉ាងតិវ​៥​ដង​ក្នុង​១​សប្តាហ៍​មានសំណាង​កើត​ជម្ងឺ​ផ្តាសាយ​៤៦​ដង​តិចជាង​អ្នក​ដែល​ហាត់​តែ​១​ដង​ក្នុង​១​សប្តាហ៍​។​
 

៤- ត្រូវ​ឱបរឹត​គ្នា​ឱ្យបាន​ច្រើន​
ការ​ឱបរឹត​គ្នា​គឺ​ជា​ការសំដែង​ចេញ​នូវ​ការគាំទ្រ​ខាង​ផ្លូវ​សង្គម ដែល​ធ្វើឱ្យ​មនុស្ស​អារម្មណ៍​មិន​ឯកោ ហើយ​ងាយ​នឹង​ជំនះ​ស្ត្រេសបាន នេះ​បើ​តាម​សំដី​របស់​លោក Denise Janicki-Deverts, Ph.D.​នៅ​សាកលវិទ្យាល័យ Carnegie Mellon University​។ អារម្មណ៍​ខាង​ផ្លូវ​ចិត្ត​នេះ​ក៏​ជួយ​ធ្វើឱ្យ​មាន​ការបញ្ចេញ​អ័រម៉ូន​ដែល​បង្កើន​អ៊ី​មុយ​នីតេ ផងដែរ​។​

គន្លឹះ​ចុង​ក្រោយ​សម្រាប់​ការបង្ការ​និង​ព្យាបាល​ជម្ងឺ​ផ្តាសាយ គឺ​ត្រូវ​រក្សា​សីតុណ្ហភាព​រាងកាយ​ឱ្យ​នៅក្តៅ​ដដែល ជាពិសេស​នៅ​ចុង​ដៃ​និង​ចុង​ជើង​។​

ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។