រដ្ឋាភិបាល បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជាបន្ទាន់ ក្នុងករណី​វាយ​អ្នកតំណាងរាស្ត្រ

ភ្នំពេញ: ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២៧​តុលា​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​ថ្កោលទោស​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​អំពើ​បង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៦​តុលា នៅមុខ​រដ្ឋសភា​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បាន​ចាត់វិធានការ ដោយ​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជាបន្ទាន់ ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​ជនដៃដល់ និង​ចាប់​ជន​ទាំងនេះ មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​

​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី​២៧​តុលា​នេះ រាជរដ្ឋាភិបាល ក៏បាន​បញ្ជាក់ជូន​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ អំពី​គោលជំហរ​ឥត​ងាករេ​របស់ខ្លួន ក្នុងការ​ប្រឆាំង​ដាច់​ខាង​ទៅនឹង​វប្បធម៌​ហិង្សា ក៏ដូចជា​វប្បធម៌​និ​ទណ្ឌ​ភាព​ផងដែរ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​នោះ រាជរដ្ឋាភិបាល​ក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បានដឹង​បានឃើញ ឬ​មាន​ភស្តុតាង​ពាក់ព័ន្ធ​ករណី​បង្ក​របួសស្នាម​ខាងលើនេះ សូមមេត្តា​សហការ​ផ្តល់ព័ត៌មាន​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច​ក្នុង​ការជំរុញ​ស៊ើបអង្កេត​ស្រាវជ្រាវ ដើម្បី​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​៕​