មន្ត្រី​សាខា​កាំកុងត្រូល​ត្រួតពិនិត្យ​ទំនិញ ចំណីអាហារ​ក្នុង​ផ្សារ

ខេត្តសៀមរាប ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត ដឹកនាំ​ដោយ​លោក ព្រហ្ម ដូ​លី​ន ប្រធាន​សាខា រួម​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ​ជា​ច្រើន​មុខ​នៅ​ផ្សារ​ក្រោម ក្នុង​ក្រុង​សៀមរាប​កាលពី​ថ្ងៃ​ទី​២៦ តុលា ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ចរាចរណ៍​លក់ដូរ​ទំនិញ និង​ចំណីអាហារ​ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។

លោក ព្រហ្ម ដូ​លី​ន បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ បាន​កត់សម្គាល់​ឃើញ​ថា មានការ​ប្រែប្រួល​ជា​វិជ្ជមាន​លើ​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​អ្នកលក់​ទំនិញ និង​ចំណីអាហារ​វេច​ខ្ចប់​រួច ឬ​ចំណីអាហារ​ជា​គ្រឿង​កំប៉ុង​ផ្សេង​ៗ នៅ​តាម​ហាង​លក់​គ្រឿងទេស និង​នៅ​តាម​ផ្សារ​នៅ​តំបន់​ជនបទ ឬ​តាម​ផ្សារ​ទំនើប​នានា​ក្នុង​ខេត្តសៀមរាប​ ។

លោក ព្រហ្ម ដូ​លី​ន បញ្ជាក់​ថា ការ​ចុះ​ត្រួតពិនិត្យ​ការ​លក់ទំនិញ ចំណីអាហារ​វេច​ខ្ចប់ និង​គ្រឿង​កំប៉ុង ជា​ពិសេស​ចំណីអាហារ​ដូច​ជា​ស្ពៃជ្រក់ សរសៃ​គុយទាវ នៅ​ផ្សារ​ក្រោម​នា​ពេល​នេះ ពុំ​មាន​រក​ឃើញ​និង​ដកហូត​ទំនិញ​ចំណីអាហារ​ខូចគុណភាព និង​ហួស​កាលកំណត់​ប្រើប្រាស់​ឡើយ ។ ប៉ុន្តែ លោក​ប្រធាន​សាខា​នៅ​មានការ​ព្រួយបារម្ភ​ថា នៅ​តាម​ផ្ទះ​លក់​គ្រឿងទេស​នានា​នៅ​តំបន់​ដាច់​ស្រយាល ដែល​ពុំ​មាន​ស្តង់ដា​ក្នុង​ការ​ថែរក្សា​គុណភាព​ទំនិញ​នោះ  នឹង​ធ្វើ​ឱ្យ​ទំនិញ​ដែល​មិន​ទាន់​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ប្រឈម​នឹង​ការ​ខូចគុណភាព​បាន ។ បញ្ហា​នេះ​មន្ត្រី​ជំនាញ​របស់​សាខា នឹង​ចុះ​ត្រួតពិនិត្យ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខេត្តសៀមរាប​ឱ្យ​ដូច​ភ្លៀងរលឹម ដើម្បី​កុំឱ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​ទំនិញ​និង​ចំណីអាហារ​តទៅ​ទៀត ។

ជាមួយ​គ្នា​នេះ លោក ព្រហ្ម ដូ​លី​ន ក៏​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​សហគ្រាស​ទាំងអស់ មានការ​ត្រួតពិនិត្យ​ជា​ប្រចាំ បើ​ឃើញ​ទំនិញ​របស់​ខ្លួន​ហួស​កាលកំណត់​ប្រើប្រាស់​ត្រូវ​យក​ចេញ និង​កុំ​ដាក់​តាំង​លក់​បន្ត​ទៀត ព្រោះ​សៀមរាប​ជា​តំបន់​ទេសចរណ៍​ដ៏​ធំ​របស់​កម្ពុជា ប្រ​សិន​មាន​បញ្ហា​អ្វីមួយ​ពាក់ព័ន្ធ​នឹង​ចំណីអាហារ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំហូរ​ចូល​របស់​អ្នកទេសចរ​មក​កាន់​កម្ពុជា ៕