ត្រី​នុយ​រាប់​តោន​​សង្ស័យ​យក​ធ្វើ​នុយត្រី តែ​គេ​ប្រាប់​ថា​យក​ទៅ​ធ្វើ​ទឹកត្រី

ខេត្ត​ត្បូងឃ្មុំ ៖ ត្រី​នុយ​រាប់​តោន​ត្រូវ​បាន​ក្រុម​ឈ្មួញ​ស​ម្រុ​ក​ដឹក​តាម​ទូក​បំពាក់​ម៉ាស៊ីន​ជា​ច្រើន​គ្រឿង ចេញពី​ចំណុច​អតីត​ឡូត៍​នេសាទ​លេខ​១០​នៅ​ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ សង្ស័យ​បាន​មក​ពី​ការ​ដាក់​ដាយ​ខុសច្បាប់ ហើយ​ត្រូវ​គេ​ដឹក​តាម​ទូក​មក​ចូល​ចត​នៅ​ច្រាំង​ទន្លេមេគង្គ​ត្រង់​កំពង់​សាឡា​ង​ចាស់ នា​រសៀល​ថ្ងៃ​ទី​២៦ តុលា ។ លុះ​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ត្រូវ​គេ​ដឹក​តាម​រថយន្ត​ដែល​មាន​ទម្ងន់​រាប់​តោន សង្ស័យ​យក​ទៅ​ធ្វើ​ជា​នុយ​ត្រី​ឆ្តោ និង​ខ្លះ​ថា​យក​ទៅ​ផលិត​ទឹកត្រី​សម្រាប់​លក់​លើ​ទីផ្សារ ។

តាម​ប្រភព​ពី​កម្មករ​បាន​ឲ្យ​ដឹង​ថា ត្រី​នុយ​ដែល​គេ​បាន​ដឹក​តាម​ទូក​ជា​ច្រើន​គ្រឿង​មក​ចូល​ចត​នៅ​ច្រាំង​ទន្លេ​ក្រុង​កំពង់ចាម​នេះ សង្ស័យ​ដឹក​ចេញពី​ព្រែក​ពាមជីលាំង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ស្រុក​ត្បូងឃ្មុំ បាន​មក​ពី​ការ​ដាក់​ដាយ​យក​មក​លក់​១​គីឡូក្រាម​តម្លៃ​៨០០​រៀល និង​មិនដឹង​ថា​គេ​ដឹក​តាម​រថយន្ត​យក​ត្រី​ស្អុយ​ៗ​ទាំងនោះ​ទៅ​ធ្វើ​អ្វី​ឡើយ ។

លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រដូវ​បើក​នេសាទ​នេះ​ត្រី​ដែល​គេ​បាន​ដឹក​តាម​ទូក​បំពាក់​ម៉ាស៊ីន​មក​ចូល​ចត​នៅ​ច្រាំង​ទន្លេ​ក្រុង​កំពង់ចាម  គឺ​មាន​មន្ត្រី​ជលផល​ចេញ​ការ​អនុញ្ញាត​ឱ្យ​សម្រាប់​ដឹក​ជញ្ជូន​តាម​ផ្លូវច្បាប់ ។ បើ​ក្នុង​ករណី​ដែល​ត្រី​បាន​មក​ពី​ការ​នេសាទ​ដាក់​ដាយ​នោះ គឺជា​ទ​ង្វើ​ខុសច្បាប់ ហើយ​ក៏​ជា​ភាព​កំសោយ​មួយ​របស់​កម្លាំង​ជលផល​ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ ។

លោក ចាប សៀ​ក​ហេង  នាយ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា នៅ​ក្នុង​រដូវ​បើក​នេសាទ​នេះ​តាម​ច្បាប់​គឺ​អនុញ្ញាត​ឲ្យ​ដាក់​របាំង​នៅ​ក្នុង​ព្រែក​ពាមជីលាំង តែ​ត្រូវ​ទុក​ទំហំ​មុខទឹក​ឲ្យ​បាន​១​ភាគ​៣​សម្រាប់​ជា​ចរន្ត​ត្រី​ចេញចូល តែ​ក្នុង​ករណី​ដាក់​ដាយ​ចាប់​ត្រី​នោះ​គឺ​ខុសច្បាប់​ហើយ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា តាម​លោក ម៉ា យ៉ុ​ង​រី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ត្បូងឃ្មុំ បាន​រាយការណ៍​មក​រូប​លោក​ថា នៅ​ព្រែក​ពាមជីលាំង​នេះ​សម្បូរ​ដោយ​ឧបករណ៍​ចាប់​ត្រី ដោយ​អះអាង​ថា ឧបករណ៍​ទាំងនេះ​មិន​ខុសច្បាប់​ទេ ។ លោក​បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​២៧ តុលា ពេល​ដែល​ត្រឡប់​មក​ពី​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ​វិញ នឹង​ប្រាប់​ទៅ​ជំនាញ​ជលផល​ខេត្ត​ត្បូងឃ្មុំ ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ព្រែក​ពាមជីលាំង តើ​ពិតជា​មាន​ឧបករណ៍​នេសាទ​ខុសច្បាប់​មែនឬ​អត់ ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ តុលា សកម្មភាព​ដឹក​ត្រី​នុយ​នេះ​បាន​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​ត្រង់​ចំណុច​កំពង់​សាឡា​ង​ចាស់ នៅ​ពេល​ដែល​ភ្នាក់ងារ​របស់​យើង​បាន​សួរនាំ គេ​គ្រាន់តែ​ប្រាប់​ថា ត្រី​ទាំងនេះ​បាន​ដឹក​ចេញពី​ព្រែក​ពាមជីលាំង​មែន យក​ទៅ​ដាក់​ឡ​ទឹកត្រី តែ​មិន​បាន​ឲ្យ​ដឹង​ទីតាំង​នោះ​នៅ​ចំណុច​ណា​ទេ ៕