HRW ជំរុញ​ឲ្យ​អ.ស.ប​និង​ប្រទេស​ម្ចាស់​ជំនួយ​មាន​វិធានការ​លើ​ករណី​វាយ​ដំ​តំណាងរាស្ត្រ

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប) អោយ​ស៊ើប​អង្កេត​ករណី​វាយ​ដំ​លើ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប ដោយ​ក្រុម​អ្នក​តវ៉ា​ដែល​មាន​ការ​រៀបចំ​មួយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា បាន​រៀបរាប់​ពី​ហេតុការណ៍​ដែល​កើត​ឡើង​លើ​អ្នក​តំណាងរាស្ត្រ ២​រូប និង​ការ​ទាមទារ​ទម្លាក់​លោក កឹម សុខា ពី​តំណែង​ជា​អនុប្រធាន​រដ្ឋសភា។ យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ថា អំពើ​ហិង្សា​នៅ​ខាង​មុខ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា នោះ ប្រហាក់​ប្រហែល​គ្នា​នឹង​អំពើ​ហិង្សា​ដែល​គណបក្ស​កាន់​អំណាច​ធ្លាប់​ប្រើ​កាល​ពី​ក្នុង​ទសវត្សរ៍​ទី​៩០ ដែល​គេ​ស្គាល់​ថា ជា​កម្លាំង​វាយ​បក។

នៅ​ក្នុង​ឯកសារ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​របាយការណ៍​របស់​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ ឬ​អ៊ុនតាក់ (UNTAC) ធ្លាប់​បញ្ជាក់​ថា ក្នុង​វិធីសាស្ត្រ​ប្រភេទ​នេះ កម្លាំង​វាយ​បក​គឺ​ជា​ក្រុម​ដែល​មិន​មែន​ជា​ពលរដ្ឋ​ធម្មតា ប៉ុន្តែ​មាន​កំហឹង​នឹង​គណបក្ស​ប្រឆាំង ហើយ​ការ​ពិត​ពួកគេ​ត្រូវ​រៀបចំ​ឡើង​ដោយ​ចង្កោម​អ្នក​ដឹក​នាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​ប្រើប្រាស់​មហាជន​វាយ​ដំ​លើ​ក្រុម​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង គឺ​ជា​សញ្ញា​មួយ​ប្រាប់​ទៅ​ពលរដ្ឋ​ថា អំពើ​ហិង្សា​លើ​អ្នក​នយោបាយ​អាច​កើត​ឡើង​បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង។

លោក ប៊្រែដ អាដាម បន្ត​ថា ហេតុ​ភេទ​អាក្រក់​លើ​អ្នក​នយោបាយ​នេះ គឺ​ដូចគ្នា​នឹង​ករណី​អំពើ​ហិង្សា​កាល​ពី​ទសវត្សរ៍​ទី​៩០ ទៅ​លើ​អ្នក​ប្រឆាំង ដើម្បី​ទប់ទល់​នឹង​ការ​ប្រណាំង​ប្រជែង​នឹង​បក្ស​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។
លោក ប៊្រែដ អាដាម លើក​ឡើង​ទៀត​ថា ករណី​នេះ​ចាំបាច់​ត្រូវ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ដើម្បី​នាំ​អ្នក​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស។ ស្របគ្នា​នេះ ប្រទេស​ម្ចាស់​ជំនួយ​មិន​គួរ​មើល​រំលង​ហេតុការណ៍​នេះ​ទេ គឺ​ត្រូវ​ជំរុញ​អោយ​គណបក្ស​កាន់​អំណាច​បញ្ឈប់​អំពើ​ហិង្សា​លើ​អ្នក​នយោបាយ​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។