លោក សុខ អាន ត្រូវបាន ទទួលតំណែងជា «នាយករដ្ឋមន្រ្តីស្តីទី» ប៉ុន្មានម៉ោង មុនសម្តេចតេជោ ត្រឡប់មកកម្ពុជា នៅព្រឹកស្អែក

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានទទួលតួនាទីជា «នាយករដ្ឋមន្រ្តីស្តីទី» ខណៈដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង អវត្តមាននៅក្នុងប្រទេស នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការប្រគល់តួនាទីជានាយករដ្ឋមន្រ្តីស្តីទី ជូនឧបនាយករដ្ឋមន្រ្តី សុខ អាន នៅពេលអវត្តមានសម្តេចតេជោ និងសម្តេចក្រឡាហោម ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីសប្តាហ៍មុន។

សូមជំរាបថា នៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅទីក្រុងហូជីមីញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់២៨ ខែតុលា ស្របពេលដែល សម្តេចនាយករដ្ឋមន្រ្តី កំពុងមានវត្តមាននៅប្រទេសបារាំង ហើយគ្រោងនឹងត្រឡប់មកដល់ប្រទេសកម្ពុជា នៅព្រឹកស្អែកវេលាម៉ោង ៨៖៣០នាទី៕

លោក សុខ អាន ត្រូវបាន ទទួលតំណែងជា «នាយករដ្ឋមន្រ្តីស្តីទី» ប៉ុន្មានម៉ោង មុនសម្តេចតេជោ ត្រឡប់មកកម្ពុជា នៅព្រឹកស្អែក