សហភាព​អឺរ៉ុប ថ្លែងការណ៍ បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការវាយប្រហារ​តំណាងរាស្ត្រ និង​បាតុកម្ម​ប្រឆាំង​អនុប្រធាន​ទី​១​រដ្ឋសភា​

ភ្នំពេញ: សហភាព​អឺរ៉ុប ដែលមាន​សមាជិក ២៨ ប្រទេស បានចេញ​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី​២៧ ខែតុលា​នេះ បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការវាយប្រហារ​លើ​សមាជិក​សភា​ចំនួន​ពីររូប មកពី​គណបក្សប្រឆាំង កាលពី​ថ្ងៃទី​២៦​តុលា និង​ចំពោះ​បាតុកម្ម​ប្រឆាំង​លោក​កឹម​សុខា អនុប្រធាន​ទី​១​រដ្ឋសភា​។​

​សេចក្តីថ្លែងការណ៍​រប​ស់​សហភាព​អឺរ៉ុប បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា សូម​ចាត់​គ្រប់​វិធានការ ដែល​ចាំបាច់​នានា ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​របស់​អ្នកតំណាងរាស្ត្រ​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​បាន​ជ្រើសតាំង​តាម​លទ្ធិប្រជាធិបតេយ្យ និង​ដើម្បី​នាំយកទៅ​កាត់ទោស អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​អំពើហិង្សា និង​ការរំលោភបំពាន​នេះ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​សហភាព​អឺរ៉ុប​ដូច្នេះ បាន​ធ្វើឡើង​ខណៈដែល​រាជរដ្ឋាភិបាល បានចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​២៧​តុលា​នេះ​។ ក្នុង​សេចក្តីថ្លែងការណ៍ រាជរដ្ឋាភិបាល បាន​ថ្កោលទោស​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​អំពើ​បង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៦​តុលា នៅមុខ​រដ្ឋសភា​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បាន​ចាត់វិធានការ ដោយ​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជាបន្ទាន់ ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​ជនដៃដល់ និង​ចាប់​ជន​ទាំងនេះ មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​

​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី​២៧​តុលា​នេះ រាជរដ្ឋាភិបាល ក៏បាន​បញ្ជាក់ជូន​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ អំពី​គោលជំហរ​ឥត​ងាករេ​របស់ខ្លួន ក្នុងការ​ប្រឆាំង​ដាច់​ខាង​ទៅនឹង​វប្បធម៌​ហិង្សា ក៏ដូចជា​វប្បធម៌​និ​ទណ្ឌ​ភាព​ផងដែរ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​នោះ រាជរដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ដល់​សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បានដឹង​បានឃើញ ឬ​មាន​ភស្តុតាង​ពាក់ព័ន្ធ​ករណី​បង្ក​របួសស្នាម​ខាងលើនេះ សូមមេត្តា​សហការ​ផ្តល់ព័ត៌មាន​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច​ក្នុង​ការជំរុញ​ស៊ើបអង្កេត​ស្រាវជ្រាវ ដើម្បី​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​៕​

សហភាព​អឺរ៉ុប ថ្លែងការណ៍ បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការវាយប្រហារ​តំណាងរាស្ត្រ និង​បាតុកម្ម​ប្រឆាំង​អនុប្រធាន​ទី​១​រដ្ឋសភា​