រថយន្ត​ដឹក​ទំនិញ​ចូល​ពី​ថៃ​ជិត​២០០​គ្រឿង​ឆ្ពោះទៅ​តាំងពិព័រណ៍​នៅ​​កោះ​ពេជ្រ ត្រូវ​គយ​ខេត្តកោះកុង​ឃាត់​ពិនិត្យ​ឯកសារ

ខេត្តកោះកុង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ តុលា ២០១៥ សមត្ថកិច្ច​គយ និង​រដ្ឋាករ​ខេត្តកោះកុង​បាន​ស្ទាក់​ឃាត់​រថយន្ត​ប្រមាណ​ជិត​២០០​គ្រឿង​ទាំង​តូច​ទាំង​ធំ ដែល​បាន​ផ្ទុកទំនិញ​សព្វសារពើ​ដូច​ជា ចាប់ហួយ សម្លៀក​បំពាក់ គ្រឿង​សង្ហា​រឹម គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​ម្ហូបចំណី ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ឆ្ពោះទៅ​ពិធី​តាំងពិព័រណ៍​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។

លោក សុវណ្ណ ប៊ុ​ន​ធឿ​ន ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​អន្ដរជាតិ​ចាំ​យាម បាន​ឲ្យ​ដឹង​ថា ទំនិញ​ទាំងនេះ​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ថៃ​មក​ពី​ខេត្ត​ត្រា​ត និង​ខេត្ត​ចាន់​បុរី ទំនាក់ទំនង​ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដើម្បី​ចូលរួម​តាំងពិព័រណ៍​លក់​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ រយៈពេល​៦​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៨ តុលា ដល់​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៥ ហើយ​រថយន្ត​ទាំង​ធំ​ទាំង​តូច​មាន​ចំនួន​១៩០​​គ្រឿង ប៉ុន្តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ចាប់ពី​រសៀល​ថ្ងៃ​ទី​២៧ តុលា នេះ​តទៅ ។

ចំពោះ​ការ​ស្ទាក់​ឃាត់​រថយន្ត​ខាងលើ​ដែល​ធ្វើ​ឡើង​ដោយ​សមត្ថកិច្ច​គយ​នេះ បើ​តាម​ការ​បញ្ជាក់​ពី​លោក សំ កុសល ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត បាន​ឲ្យ​ដឹង​ថា ដើម្បី​ត្រួតពិនិត្យ​មើល​ឯកសារ​ផ្លូវច្បាប់ និង​ម្យ៉ាងទៀត​ដើម្បី​ផ្ទៀងផ្ទាត់​ចំនួន​រថយន្ត​ដែល​ត្រូវ​បាន​ដឹក​ទំនិញ​ចូល​តាម​ការ​អនុញ្ញាត​ក្នុង​ឯកសារ ប៉ុន្តែ​គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃនេះ​ទើបតែ​ចូល​បាន​ជាង​១០០​ឡាន​ប៉ុណ្ណោះ ។

លោក សុវណ្ណ ប៊ុ​ន​ធឿ​ន ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​រាត្រី​នេះ ក៏​មាន​ខ្សែ​រថយន្ត​ថៃ​ជាង​១០០​គ្រឿង​ផ្សេង​ទៀត​នាំ​ចូល​ទំនិញ​ទៅ​លក់​នៅ​ផ្សារ​អ្នក​លឿង ខេត្តព្រៃវែង​ផង​ដែរ ដូច្នេះ​រថយន្ត​ថៃ​ដែល​នាំ​ទំនិញ​ចូល​តាំងពិព័រណ៍​លក់​នៅ​គោលដៅ​កោះ​ពេជ្រ និង​ទីប្រជុំជន​អ្នក​លឿង ខេត្ត​ព្រៃវែង មាន​ចំនួន​ប្រមាណ​៣០០​គ្រឿង​ឯណោះ ចំណែក​ពាក់ព័ន្ធ​នឹង​ការ​បង់ប្រាក់​ពន្ធ​គឺជា​បន្ទុក​របស់​គយ​នៅ​ច្រក​ទ្វារ​ព្រំដែន ៕