បារាំងផ្តល់កម្ចីជាង១៥០លានដុល្លារដល់កម្ពុជា

កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទាន ដែលមានទំហំទឹកប្រាក់១០៤លានអឺរ៉ូ ដែលស្មើនឹងប្រមាណ១៥៤លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលារវាងរដ្ឋាភិបាលកម្ពុជា និងបារាំង។

ការចុះហត្ថលេខានេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក នាយករដ្ឋមន្រ្តីហ៊ុន សែន និងលោក ឡូរ៉ង់ ហ្វាប៊ីយូស(Laurent Fabius) រដ្ឋមន្រ្តីក្រសួងការបរទេស និងការអភិវឌ្ឍអន្តរជាតិបារាំង។ ជាជំនួបពិភាក្សា ដែលផ្តោតលើទំនាក់ទំនងទ្វេភាគី និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង។
កម្ចីទាំងនោះរួមមាន៖

ទី១.កម្ចីសម្បទានសម្រាប់អនុវត្តគំរោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ដែលមានទឹកប្រាក់៩លានអឺរ៉ូ។  ២. កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទានសម្រាប់គំរោងសាងសង់សាលាជាតិ បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ដែលមានទឹកប្រាក់១១លានអឺរ៉ូ។ ៣. កិច្ចព្រមព្រៀងក្នុងទឹកប្រាក់១៤លានអឺរ៉ូ សម្រាប់គម្រោងពង្រីងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈជំហានទី២ ។ ៤. កិច្ចព្រមព្រៀង សម្រាប់គម្រោងសាងសង់ប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅខេត្តកំពង់ចាម ក្រចេះ និងខេត្តកោះកុង ក្នុងទំហំទឹកប្រាក់៧០លានអឺរ៉ូ។

ជាមួយគ្នានេះមានឯកសារដោយឡែកចំនួន២ផ្សេងទៀត ដែលត្រូវបានចុះហត្ថលេខាផងដែរ គឺទី១.អនុសញ្ញាស្តីពីបត្យាប័ន និងទី២. កិច្ចព្រមព្រៀងស្តីពីការផ្តុំបដិមាករខ្មែរ រវាងសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរហ្គីមេត(Guimet)បារាំង៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​